Ad Code

សម្តេច​ក្រឡាហោម​ ៖ ​ការកំណត់​អត្តសញ្ញាណ​ប្រជាជន​ឲ្យ​មាន​ប្រសិទ្ធភាព ​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​បង្កើត​ច្បាប់​ថ្មី​មួយទៀត



ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ប្រជាជន​ទាំងអស់​នៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​បង្កើត​ច្បាប់​ថ្មី​មួយ​ដើម្បី​ប្រសិទ្ធភាព គួរ​ឲ្យ​ទុកចិត្ត​និង​ស្របតាម​ស្តង់ដារ​អន្តរជាតិ។



សម្តេច​ក្រឡាហោម បានលើកឡើង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​២ របស់​គណៈកម្មាធិការ​ជាតិ​ដឹកនាំ តម្រង់​ទិស​ការងារ អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ដែល​បាន​ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នា​ព្រឹក​ថ្ងៃទី​២៦ មិថុនា ឆ្នាំ​២០១៨។



កិច្ច​ប្រជុំ​បាន​ពិភាក្សា​គ្នា ​ទទួល​បាន​លទ្ធ​ផល​ជាច្រើន​ក្នុង​ការ​ត្រៀម​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម។ ​នេះ​បើ​យោង​តាម​ក្រុម​អ្នកសារព័ត៌មាន​ទទួល​បាន​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នោះ។



បើ​យោង​តាម​សេចក្តី​សង្ខេប​របាយការណ៍​សម្រាប់​រៀបចំ​ច្បាប់​នេះ​ បាន​បញ្ជាក់​ថា ​ច្បាប់​ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ក្រោយពេល​បង្កើត​រួចហើយ​ដាក់​ឲ្យ​អនុវត្ត​នោះ នឹង​ផ្តល់​អំណាច​ស្របច្បាប់​ដល់​រដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​ប្រព័ន្ធ​រួមបញ្ចូល​គ្នា នៃ​ប្រព័ន្ធ​ចុះបញ្ជី​អត្រានុកូលដ្ឋាន ប្រព័ន្ធ​គ្រប់គ្រង​អត្តសញ្ញាណ​កម្ម និង​ស្ថិតិ​អត្រានុកូលដ្ឋាន ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​អត្តសញ្ញាណ​កម្ម និង​ផែនការ​អនុវត្ត​ស្របតាម​ស្តង់ដារ​អន្តរជាតិ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu