កំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តដឹកដំឡូង និងម៉ូតូកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨និង១៥នាទី នៅចំណុច ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើអោយស្ត្រី អ្នកបើកម៉ូតូម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ដោយសពក្លាយជាកម្ទេចសាច់ដាច់អវយវៈចេញពីគ្នា រីឯក្បាលដែលមានមួកសុវត្ថិភាពជាប់នៅជាមួយក៏ដាច់ចេញពីកឃើញគួរឲ្យតក់ស្លុត។
ប៉ូលិសបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ មួយនេះ កើតឡើង រវាងរថយន្ត ម៉ូតូ និង រថយន្ត គឺ រថយន្តម៉ាក ហាន់ដាយ ពណ៌សពាក់ស្លាក លេខ ព្រះសីហនុ 3A-5742 អ្នកបើកបរ មិនស្គាល់ឈ្មោះ( រត់បាត់) បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនហួសកម្រិត ក៏បានបុកជាមួយម៉ូតូម៉ាក ហុងដា (វ៉េវ) ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1C-8103 បើកបរដោយឈ្មោះ ស្រ៊ន់ សាវឿន ភេទ ស្រី អាយុ 58ឆ្នាំ មានទីលំនៅ ភូមិទី7 ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ពាក់មួកសុវត្ថិភាព) ហើយបានជ្រុលមកបុកគូថរថយន្តម៉ាក តូយូតាហាយលែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2N-9895 បើកបរដោយឈ្មោះ ហ៊ាង សុភា ភេទប្រុស អាយុ 41ឆ្នាំ នៅ ភូមិច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ភ្នំពេញ បើកបរពីលិច ទៅកើត។
ប៉ូលិសបានបន្តថា ករណីនេះ បណ្ដាលអោយស្ត្រីអ្នកបើកម៉ូតូ ឈ្មោះស្រន់ សាវឿនស្លាប់ នៅក្រោមរថយន្ត នៅនឹងកន្លែងកើតហេតុ។
ប៉ូលិសបានបន្តថា រីឯវត្ថុតាងជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ចំណែកសព បានប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នកបើកបររថយន្តម៉ាកហាន់ដាយ បានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ ជំនាញកំពុងស្រាវជ្រាវស្វែងរកជនបង្ក៕
Source: Kampuchea Thmey Daily
0 Comments