Ad Code

អតីត​មេធាវី​របស់លោក Trump បាន​ថត​សំឡេង​លោក Trump ពិភាក្សា​អំពី​ការទូទាត់​ប្រាក់​ទៅ​ឲ្យ​តារា​ម៉ូ​ដែល Playboy



របាយការណ៍​បាន​អះអាង​កាលពី​ថ្ងៃ​សុក្រ​ថា ពីរ​ខែ​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៦ លោក​ប្រធានាធិបតី Donald Trump ត្រូវបាន​ថត​សំឡេង​ ខណៈដែល​កំពុង​ពិភាក្សា​អំពី​ការបង់ប្រាក់​ដើម្បី​បិទបាំង​រឿងរ៉ាវ​ដែល​គេ​ចោទប្រកាន់​ជាមួយ​តារា​ម៉ូ​ដែល Playboy ម្នាក់​។​

ការថត​សំឡេង​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អតីត​មេធាវី​យូរអង្វែង​របស់គាត់​ឈ្មោះ Michael Cohen ដែល​កំពុងស្ថិត​ក្រោម​កា​រ​ស៊ើបអង្កេត​របស់​ស​ហ​ព័ន្ធ​ក្នុង​ទីក្រុង​ញូវយ៉ក​សម្រាប់​កិច្ចព្រមព្រៀង​របស់គាត់​និង​ថា​តើ​ការបង់ប្រាក់​របស់គាត់​បាន​រំលោភបំពាន​ច្បាប់​ហិរញ្ញវត្ថុ​យុទ្ធនាការ​ដែរឬទេ​។​

កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​រូបនេះ​មិនបាន​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកកាសែត​អំពី​ការថត​សំឡេង​របស់លោក Cohen ទេ​ខណៈដែល​គាត់​បានរៀបចំ​ខ្លួន​ដើម្បី​ជិះ​យន្តហោះ​ចេញពី​សេត​វិមាន​ធ្វើដំណើរ​ទៅកាន់​ក្លឹប​វាយ​កូន​ហ្គោល​របស់គាត់​នៅ​រដ្ឋ New Jersey​។​

កាសែត New York Times បាន​លាតត្រដាង​រឿងរ៉ាវ​នេះ​ដោយ​និយាយថា FBI បាន​រកឃើញ​ខ្សែអាត់​សំឡេង​ក្នុងអំឡុង​ការ​វាយឆ្មក់​មួយ​នៅ​ការិយាល័យ​របស់លោក Cohen កាលពីដើម​ឆ្នាំនេះ​។ ទោះយ៉ាងណា​ក្តី លោក Cohen មិនទាន់​ត្រូវបាន​ចាប់ខ្លួន​ឬ​ចោទប្រកាន់​នៅឡើយ​ទេ​។​

អតីត​តារា​ម៉ូ​ដែល Playboy នាង Karen McDougal អះអាងថា នាង​មាន​ទំនាក់ទំនង​ច្រើន​ខែ​ជាមួយនឹង​លោក Trump បន្ទាប់ពី​ពួកគេ​បាន​ជួបគ្នា​ក្នុង​ឆ្នាំ​២០០៦​មិនយូរប៉ុន្មាន​បន្ទាប់​ពី​ភរិយា​របស់លោក Trump គឺ​លោកស្រី Melania បានផ្តល់​កំណើត​ដល់​កូនប្រុស​ឈ្មោះ Barron ។​

កាសែត Wall Street Journal បាន​ចុះផ្សាយ​ថា ការសន្ទនា​ខែកញ្ញា​ឆ្នាំ​២០១៦​រវាង​លោក Trump និង​លោក Cohen គឺ​ស្តីអំពី​ការទិញ​សិទ្ធិ​នៃ​រឿង​របស់​នាង McDougal ដែល​នាង​បាន​លក់​នៅ​មួយខែ​មុន​នោះ​ទៅ​ឲ្យ​សារព័ត៌មាន The National Enquirer ក្នុងតម្លៃ​១៥០,០០០​ដុល្លារ​។​

កាសែត​នេះ​បាន​បិទបាំង​ដោយ​រារាំង​វាពី​ការ​លេច​ធ្លាយ​ជា​សាធារណៈ​។ ប្រធាន​ក្រុមហ៊ុនមេ​របស់ខ្លួន​គឺ American Media គឺជា​មិត្តភក្តិ​របស់លោក Trump ។​

របាយការណ៍​កាលពី​ថ្ងៃ​សុក្រ​បានលើកឡើង​នូវ​សំណួរ​អំពី​មូលហេតុ​ដែល​យុទ្ធនាការ​របស់លោក Trump បដិសេធ​ពី​ការដឹងឮ​នៃ​កិច្ចព្រមព្រៀង​រវាង​នាង McDougal និង American Media នៅពេល​វា​បញ្ចេញ​ជា​សាធារណៈ​ក៏ដូចជា​ការរំពឹងទុក​របស់​អ្នកគាំទ្រ​អំពី​ការខូចខាត​ដែល​លោក Cohen អាច​បង្កឡើង​ចំពោះ​លោក​ប្រធានាធិបតី​ផងដែរ​។​

មេធាវី​ផ្ទាល់ខ្លួន​នាពេល​បច្ចុប្បន្ន​របស់លោក Trump គឺ​លោក Rudy Giuliani បាន​អះអាង​ទៅ​កាសែត New York Times ថា លោក Cohen ពិត​ជាមាន​ខ្សែអាត់​សំឡេង​នោះ​មែន​ប៉ុន្តែ​អះអាងថា លោក​ប្រធានាធិបតី​មិនបាន​ធ្វើ​អ្វី​ខុស​ទេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu