Ad Code

ផ្លូវ​លេខ​១២១​ ដ៏​សែន​លំបាក ​បាន​ចាប់ផ្តើម​ស្ថាបនា និង​ក្រាល​កៅស៊ូ​ហើយ



បាត់ដំបង ​៖ ​ផ្លូវ​នៅ​កណ្ដាល​ក្រុង​បាត់ដំបង​១ ខ្សែ បាន និង កំពុង​ចាប់ផ្តើម​ស្ថាបនា​ហើយ​ដោយ​គម្រោង​ក្រាល​កៅស៊ូ​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ នេះ​បើ​តាម​សម្តី​របស់​លោក​អភិបាល​ខេត្ត មានប្រសាសន៍ នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្រោយពី​ផ្លូវ​១​ខ្សែ នេះ​បាន​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង និង​មាន​រណ្ដៅ​ស្អេកស្កះ​ស្ទើរតែ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​លែងកើត។

គួរ​បញ្ជាក់​ដែរ​ថា ផ្លូវ​ដែល​មាន​សភាព​ខូចខាត​យ៉ាងដំណំ​នេះ ស្ថិតនៅ​កណ្តាល​សង្កាត់​ស្វាយប៉ោ ដោយ​ត​ភ្ជាប់​ពី​ភូមិ​២០​ឧសភា ទៅ​ភូមិ​កំពង់ក្របី ព្រមទាំង​បាន​ត​ភ្ជាប់​ពី​សង្កាត់​ស្វាយប៉ោ ទៅកាន់​សង្កាត់​ទួល​តា​ឯក​ផងដែរ ប៉ុន្តែ​កន្លងមក គឺមាន​រយៈពេល​រាប់​ឆ្នាំ​ហើយ ដែល​ផ្លូវ​លេខ ១២១ នេះ ជួប​នឹង​ការខូចខាត​ខ្លាំង។

បន្ទាប់ពី​កម្ពុជា​ថ្មី បានចេញ​ផ្សាយ​ម្តង​រួចមក គេ​ស​ង្កេត​ឃើញថា ទាំង​អាជ្ញាធរ ក៏ដូចជា​អង្គភាព​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​ព្រមទាំង​បានដាក់​គ្រឿងចក្រ​អោយ​ធ្វើការ​ឈូសឆាយ​ និង​ពង្រាប​ជា​បណ្តោះអាសន្ន ដើម្បីអោយ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​ប្រចាំថ្ងៃ​សិន។​

លុះ​នៅ​ព្រឹក​មិញ​នេះ ក្រុមការងារ​បាន​ចុះ​សម្អាត​ផ្លូវ​ដែល​មាន​គម្រោង​ក្រាល​កៅស៊ូ​នេះ ព្រមទាំង​បាន​ចាក់​ក្រាល​ទ្រនាប់​ជា​បណ្តើរៗ​ហើយ ក្រោយ​ការពិនិត្យ​មើល​របស់​ លោក​ងួន រតនៈ អភិបាល នៃ​គណ​អភិបាល ខេត្តបាត់ដំបង រួម​ជាមួយ​នឹង​ក្រុមការងារ​ផង​ ដោយ​លោក​បាន​មានប្រសាសន៍ថា ផ្លូវ​លេខ ១២១ នេះ គឺ​គម្រោង​ក្រាល​កៅស៊ូ មាន​ទំហំ ៨ ម៉ែត្រ គុណ ២៦០ ម៉ែត្រ តាម​បែប DBST ដោយ​ក្រាល​កៅស៊ូ ២ ជាន់។

លោក​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់ថា ផ្លូវ​១​ខ្សែ​នេះ គឺជា​ផ្លូវ​ដ៏​សំខាន់ ដែល​មាន​ប្រជា​ពលរដ្ឋ​ធ្វើដំណើរ​លើផ្លូវ​នេះ​យ៉ាងច្រើន​ជាទីបំផុត ដូច្នេះ​ខេត្ត​បានសម្រេច​អោយ​ស្ថាបនា​ផ្លូវ​នេះ​មុនគេ ក្នុងចំណោម​ផ្លូវ​ដែល​មាន​ការខូចខាត​បន្តិចបន្តួច​ឯទៀតៗ។ ក្នុង​នោះ​ដែរ​ក្រុមការងារ​បាន​សន្យា​ថា រយៈពេល​២​ថ្ងៃ​ទៀត ផ្លូវ​នេះ​លែង​ជា​ផ្លូវ​ដី​ទៀត​ហើយ ដោយសារតែ​ការ​ក្រាល​កៅស៊ូ នឹង​សម្រេច​មួយ​រយ​ភាគរយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu