Ad Code

ជិះ​ម៉ូតូ​ទាំង​ស្រវឹង​ រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​អ្នក​លក់​ប្រហិត បណ្ដាល​ឲ្យ​រង​របួស​២​នាក់​ នៅ​ភូមិ​ចំការ​កាហ្វេ



ប៉ៃលិន​ ៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូឌុប​គ្នា​ទាំង​ស្រវឹង បុក​ជាមួយ​ម៉ូតូ​អ្នកលក់​ប្រហិត បណ្តាលឱ្យ​មនុស្ស​០២​នាក់ រង​របួស​ធ្ងន់​/​ស្រាល ត្រូវ​បាន​ដឹក​​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ។

ករណី​ខាង​លើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី​យប់ ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ក្នុងភូមិ​ចំការ​កាហ្វេ សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

អ្នក​បើកបរ​ម៉ូតូ​បង្ក​ឈ្មោះ​ ព្រហ្ម ជីវ័ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រង​របួស​ស្រាល ​ទី​២​ឈ្មោះ ណា​រ៉ូ ភេទ ប្រុស អាយុ​២៥​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។ចំណែក​ភាគី​ម៉ូតូ​លក់​ប្រហិត​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ។

បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​ ៖ មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​MSX ពណ៌​លឿង ខ្មៅ គ្មាន​ស្លាក​លេខ ក្នុង​ទិសដៅ​ពី​លិច​មក​កើត លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ក្នុង​ល្បឿន​លឿន ទំនងជា​ស្រវឹង លុះ​មកដល់​ចំណុចកើតហេតុ​ត្រង់​ផ្លូវបំបែក​ជា​បួន ក៏បាន​បុក​ជាមួយ​ម៉ូតូ​អ្នកលក់​ប្រហិត​ពេញ​ទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ម៉ូតូ​MSX ទៅបុក​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត រង​របួស​ធ្ងន់​/​ស្រាល។ ចំណែក​ភាគី​ម៉ូតូ​អ្នកលក់​ប្រហិត មិនមាន​អ្នករងរបួស​នោះទេ ប៉ុន្តែ​ទូ​ដាក់​ប្រហិត ត្រូវបាន​បែកខ្ទេច​អស់​តែម្តង។

ប្រភពព័ត៌មាន បាន​បន្តថា​ ៖ ​ក្រោយពេល​កើតហេតុ ភាគី​ម៉ូតូ​បង្ក​ម៉ាក​MSX ត្រូវ​បាន​ជួយ​លើកគ្នា ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ដោយឡែក​សមត្ថកិច្ច​ចរាចរណ៍ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ក៏បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​វាស់វែង និង​នាំ​យក​ម៉ូតូ​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប៉ៃលិន រង់ចាំ​ការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់។

តាម​ប្រភព​ព័ត៌មាន ពី​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា​ ៖​ ករណី​ខាងលើ​បង្ក​មកពី​ភាគី​ម៉ូតូ​ម៉ាក​MSX ដែល​អ្នកបើកបរ​ផ្ទុក​នូវ​សារធាតុ​ស្រវឹង បើកបរ​ក្នុង​ល្បឿន​លឿន​។ បច្ចុប្បន្ន​វត្ថុតាង​ម៉ូតូ​ទាំង​២ ត្រូវបាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu