បាត់ដំបង ៖ ដើមខ្នុរ ដែលជាប្រភេទរុក្ខជាតិហូបផ្លែ និងជាដំណាំក្នុងស្រុក ត្រូវបានក្រុមឈ្មួញមួយក្រុមដើរប្រមូលទិញគ្មានសល់ ដែលកំពុងមានការភ្ញាក់ផ្អើល នៅក្នុងស្រុកសំឡូតទាំងមូល ដែលដើមខ្នុរទាំងនោះ ត្រូវបានគេដាក់កម្លាំងអោយចាំងយកស្រាយខាងក្រៅចេញ ដោយយកតែខ្លឹមខាងក្នុង និង ដឹកបញ្ជូនចេញទៅកាន់ខេត្តកំពង់ចាម។
ថ្មីៗនេះ គេសង្កេតឃើញថា មានឈ្មួញមួយក្រុមដែលមកពីខេត្តកំពង់ចាម កំពុងធ្វើសកម្មភាពដាក់កម្មករអោយដើរប្រមូលទិញដើមខ្នុរចាស់ៗ ដែលនៅសេសសល់តាមភូមិ ក្នុងស្រុកសំឡូត ពិសេសគឺនៅក្នុងឃុំស៊ុងតែម្តង ដោយការដើរប្រមូលទិញនេះ គេតម្រូវអោយកម្មករកាប់ចាំងយកតែខ្លឹមខាងក្នុងតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសំឡូតបាននិយាយថា នៅក្នុងអំឡុងពេលប៉ុន្មានខែ ដើមឆ្នាំនេះពួកគាត់បានឃើញមានឈ្មួញមួយក្រុមបានចុះប្រមូលទិញដើមខ្នុរនៅតាមភូមិ ដែលជាប្រភេទឈើក្នុងស្រុក និងជាប្រភេទរុក្ខជាតិហូបផ្លែ ទោះបីជាដើមខ្នុរទាំងនោះ ធំ ឬ តូច ឬក៏មានចំណុចខ្លះស្អុយក៏ដោយ ក៏ពួកគេធ្វើការម៉ៅទិញទាំងអស់ ដោយគេមិនបានវាស់ម៉ែត្រ ឬក៏ថ្លឹងគីឡូនោះឡើយគឺគេទិញម៉ៅជាដើមតែម្តង ដូច្នេះក៏ជាការប្រសើរម្យ៉ាងដែរ ព្រោះដើមចាស់ៗក៏មិនដឹងជាទុកធ្វើអ្វីដែរ ព្រោះវាគ្មានប្រយោជន៍។
ជុំវិញនៃការប្រមូលទិញដើមខ្នុរនេះដែរ មេការម្នាក់ឈ្មោះ ម៉ៅ រស់នៅខេត្តកំពង់ចាម បានបញ្ជាក់ថា ការប្រមូលទិញដើមឈើហូបផ្លែ និងជារុក្ខជាតិក្នុងស្រុកគឺវាមិនខុសច្បាប់នោះទេ ដោយលោកទិញក្នុងមួយដើមពី ២ ទៅ ៣ម៉ឺន តាមតូចឬធំតែប៉ុណ្ណោះ រួចក៏ត្រូវដាក់កម្លាំងអោយកាប់ចាំងយកស្រាយខាងក្រៅចេញដើម្បីដឹកទៅកាន់ខេត្តកំពង់ចាម។
លោកបានបន្តថា វាមិនចំណេញប៉ុន្មាននោះទេ ព្រោះត្រូវចំណាយច្រើន ហើយនៅពេលដឹកយកទៅបោះដុំអោយម៉ូយគឺគិតជាម៉ែត្រគូប ដោយក្នុងមួយម៉ែត្រគូបបានជាង ១ លាន រៀល ប៉ុន្តែត្រង់ថា គេយកទៅណាទៀតលោកមិនបានដឹងទេដោយគ្រាន់តែដឹងថា គេយកទៅច្នៃធ្វើជាគ្រឿងសង្ហារិម ដូចជាថូផ្កាជាដើមឯដើមធំៗគេច្នៃធ្វើជាឧបករណ៍ភ្លេងបុរាណដូចជា តាខេ ទ្រ ចាប៉ី។ល។
បច្ចុប្បន្នការប្រមូលទិញដើមខ្នុរ កំពុងត្រូវបានលូតទៅកាន់ទីដទៃជាបណ្តើរៗហើយ ប្រសិនបើដើមឈើក្នុងស្រុកនេះ មានហាងឆេងល្អ ៕
Source: Kampuchea Thmey Daily
0 Comments