Ad Code

ប្រធាន​ក្រុម​ក្លិប​ភ្នំពេញ​ក្រោ​ន សម្លឹង​ឃើញ​ពី​ការ​រីកចម្រើន​របស់​កូន​ក្រុម​មុន​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ចាប់ផ្ដើម



កម្មវិធី​ប្រកួត​ពានរង្វាន់​ជើងឯក​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) នឹង​ចាប់ផ្តើម​ប្រកួត​ពី​ពាក់កណ្ដាល​ខែមីនា នេះ​តទៅ ស្របពេល​ប្រធាន​ក្រុម​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន គឺ​កីឡាករ អ៊ុក សុធី បាន​សម្លឹង​ឃើញ​ពី​ចំណុច​ចំណុចខ្លាំង​របស់​កូនក្រុម​ក្រោយពេល​ហ្វឹកហាត់​រួមគ្នា​មួយរយៈ​ធំ​ក្រោម​ការបង្ហាត់​ពី​គ្រូបង្វឹក​ថ្មី។

កីឡាករ​ដែលមាន​រហ​ស្សនាម Messi បាន​លើកឡើងថា​៖«​ក្រុម​របស់​យើង​មានការ​រៀបចំ​ល្អ​ច្រើនជាង​ឆ្នាំមុនៗ ដោយ​យើង​បានធ្វើការ​បោះជំរុំ​នៅ​ប្រទេស​ថៃ វា​ធ្វើ​ឲ្យ​យើង​មានការ​ត្រៀមខ្លួន​ល្អ​ច្រើន ហើយ​ចំពោះ​ការហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​វិញ ខ្ញុំ​សង្កេតឃើញថា​ពួកយើង​មានការ​សហការគ្នា​បានល្អ​ជាពិសេស​គឺ​មួយរយៈ​ចុងក្រោយ​នេះ ហើយ​យើង​ក៏មាន​ប្រកួត​ច្រើន​ផងដែរ​។ ដូច្នេះ​ម្នាក់ៗ​ក្នុង​ក្រុម​ក៏​មានការ​ខំប្រឹង​ខ្លាំង​ដែរ»។

ខ្សែបម្រើ​កណ្តាល​រូបនេះ​បាន​បន្ថែមទៀតថា​ ៖ « សម្រាប់​ការរំពឹងទុក​របស់ខ្ញុំ​គឺ​ខ្ញុំ​សង្ឃឹមថា​ពួកយើង​នឹងធ្វើ​ការ​ជា​ក្រុម​បានល្អ ហើយ​អាច​ទទួលបាន​លទ្ធផល​ល្អ​ទាំង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​ហ៊ុន សែន​។ ខ្ញុំ​សូម​សំណូមពរ​ដល់​អ្នកគាំទ្រ​ក្លិប​ភ្នំពេញ​ក្រោ​ន ចូលរួម​ទស្សនាការ​ប្រកួត​របស់​យើង​ទាំង​នៅ​កីឡដ្ឋាន RSN និង​ក្រៅ​ទឹកដី​ឲ្យ​បាន​ច្រើន អ្នក​ទាំងអស់គ្នា​ជា​កម្លាំងចិត្ត​ដ៏​សំខាន់​សម្រាប់​យើង​»​។​សម្រាប់​ប្រកួត​បើក​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខនេះ​ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវ​បើកទ្វា​កីឡដ្ឋាន RSN Stadium របស់ខ្លួន​ទទួល​ស្វាគមន៍​ក្រុមបាល់ទាត់​បឹងកេត​អែ​ហ្វ​ស៊ី នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦ ខែមីនា ឆ្នាំ​២០១៩។

កីឡាករ អ៊ុក សុធី គឺជា​កីឡាករ​ជើងចាស់​មួយរូប​ក្នុង​ក្រុម ដែល​បាន​ចូលរួម​ជាមួយ​ក្លិប​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១១ កន្លងទៅ ព្រមទាំង​ធ្លាប់បាន​ជួយ​ក្រុម​ឱ្យបាន​ឈ្នះ​ពាន​លី​គ​កំពូល​កម្ពុជា នា​ឆ្នាំ​២០១៤ ប៉ុន្តែ​បាន​អវត្តមាន​នា​ឆ្នាំ​២០១៥ បន្ទាប់ពី​រងរបួស​ក្នុងពេល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​រួចមក។

សូមបញ្ជាក់ថា ​កីឡាករ​ដែល​អ្នកគាំទ្រ​និយម​ហៅថា​Messi រូបនេះ​តាំងតែ​ពី​ពេលដែល​គេ​ប្រកប​អាជីព​បាល់ទាត់​ក្នុង​ក្រុមបាល់ទាត់​ម៉ូតូ​ហោះ (​ក្រុម​មិន​អាជីព​) និង​ក្រុម​ហ្វូ​ត​សាល​ជម្រើសជាតិ​កម្ពុជា នា​អំឡុងពេល​យុវវ័យ​មកម្ល៉េះ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu