Ad Code

ក្រុម​ជម្រើសជាតិ​នារី​ក្រោម​អាយុ​១៥​ឆ្នាំ ត្រៀម​ទៅ​ប្រកួត​ពានរង្វាន់​អន្តរជាតិ​មួយ​នៅ​សិង្ហ​បុរី



សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បានសម្រេច​បញ្ជូន​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា អាយុ​ក្រោម​អាយុ​១៥​ឆ្នាំ (U15) ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ពានរង្វាន់​អន្តរជាតិ UEFA-FAS U15′ Girls’ Tournament 2019 នៅ​ប្រទេស​សិង្ហ​បុរី ខណៈ​ក្រុម​នេះ​ដឹកនាំ​ដោយ​លោក អ៊ុំ សាវង្ស គ្រូ​ជំនួយ​នៅ​ក្លិប​ក្រសួងការពារជាតិ។

យោងតាម​ការបញ្ជាក់​ពី​វិ​ប​សាយ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​សឹង្ហ​បុរី ( FAS) បាន​លើកឡើងថា​ ពានរង្វាន់​អន្តរជាតិ UEFA-FAS U15′ Girls’ Tournament 2019 នឹង​ចាប់ពី​ថ្ងៃទី​១៧​ដល់​២១ ខែមីនា ឆ្នាំ​២០១៩ នៅលើ​ទីលាន​កីឡដ្ឋាន Our Tampines Hub​ប្រទេស សិង្ហ​បុរី ស្របពេល​ពានរង្វាន់​នេះដែរ​នឹងមាន​ក្រុម​មកពី​តំណាង​ប្រទេស​ចំនួន​៤​គឺ កម្ពុជា ម៉ុ​ល​ដូ​វ៉ា ហ្គា​ម និង​ម្ចាស់ផ្ទះ​សិង្ហ​បុរី។

ពានរង្វាន់​បាល់ទាត់​នេះដែរ​គឺជា​ផ្នែក​មួយ​នៃ UEFA ASSIST ដែល​បង្កើតឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​សិង្ហ​បុរី តាំងពី​ឆ្នាំ ២០១៧ មកម្ល៉េះ ក្នុង​គោលដៅ​ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស ដល់​កីឡាករ​យុវជន​ទាំង​ផ្នែក​បុរស និង​នារី​។ សម្រាប់​ក្រុមបាល់ទាត់​សិង្ហ​បុរី បានកំណត់​កាលបរិច្ឆេទ​នៃ​ការប្រកួត​នេះ​គឺ​ដើម្បី​សម្រាប់​ជាការ​ត្រៀមខ្លួន​របស់​ក្រុម U15​នារី របស់ខ្លួន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF Under-15 Girls Championship។

រូបមន្ត​នៃ​ការប្រកួត​នេះ​គឺ​តម្រូវឱ្យ​ក្រុម​ទាំង​៤​ប៉ះគ្នា​ដើម្បី​សន្សំ​ពិន្ទុ ហើយ​ក្រុម​ណា​ទទួលបាន​ពិន្ទុ​ច្រើនជាងគេ​ក្រុម​នោះ​នឹង​ឈ្នះ​ជើងឯក​តែម្តង​។ ចំណែក​កាលវិភាគ​នៃ​ការប្រកួត​នោះ​គឺ​នៅ​ថ្ងៃទី ១៧ មីនា ក្រុម​កម្ពុជា​ត្រូវ​ប៉ះ​ក្រុម​ម៉ុ​ល​ដូ​វ៉ា ហើយ​ក្រុម​ម្ចាស់ផ្ទះ​សិង្ហ​បុរី ជួប​ក្រុម​ហ្គា​ម ហើយ​ថ្ងៃទី​២ គឺ​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ ក្រុម​ហ្គា​ម ប៉ះ​ក្រុម​ម៉ុ​ល​ដូ​វ៉ា ហើយ​ក្រុម​កម្ពុជា ជួប​ក្រុម​សិង្ហ​បុរី​។ ចុងក្រោយ​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ ក្រុម​កម្ពុជា ជួប​ក្រុម​ហ្គា​ម ហើយ​ក្រុម​សឹង្ហ​បុរី ប៉ះ​ក្រុម​ម៉ុ​ល​ដូ​វ៉ា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu