កីឡាករ ឃួន ឡាបូរ៉ាវី សមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា បានសម្រេចចិត្តផ្ទេរទៅបន្តអាជីពនៅក្នុងជើងទី២ នៃពានរង្វាន់លីគលំដាប់ទី៣ របស់ប្រទេសថៃ កាលពីពេលថ្មីៗ ដោយចូលរួមជាមួយក្លិប Surat Thani FC ខណៈការបង្ហាញខ្លួនលើកដំបូងរបស់គេកាលពីចុងសប្ដាហ៍កន្លងទៅស្របពេលនឹងក្រុមរងបរាជ័យនៅក្រៅទឹកដី។
ក្លិបថ្មីរបស់កីឡាករមានកំណើតនៅខេត្តកំពង់ចាម នេះមានមូលដ្ឋាននៅខេត្តSurat Thani ភាគខាងត្បូងប្រទេសថៃ។ លោក Monthien Morrakot បានដាក់ឲ្យ ឃួន បូរ៉ាវី បង្ហាញខ្លួនពេញប្រកួតតែម្តងពេលក្រុម Turat Thani ចាញ់ម្ចាស់ផ្ទះCustoms United៤ទល់១ នៅល្ងាចថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ ២០១៨ ថ្មីៗនេះលើទីលានកីឡដ្ឋានLat Krabang 54 Stadium ក្នុងរាជធានីបាងកក។
នៅលីគរបស់ប្រទេសថៃ បានតម្រូវឲ្យក្លិបជាសមាជិករបស់ខ្លួនចុះបញ្ជីកីឡាករបរទេសបានចំនួន៥នាក់ ដោយក្នុងនោះមានកីឡាករបរទេសមិនគិតជាតិសាសន៍ចំនួន៣នាក់ កីឡាករជាជនជាតិក្នុងទ្វីបអាស៊ីម្នាក់ និងកីឡាករក្នុងតំបន់អាស៊ានម្នាក់។ ក្លិប Turat Thani វិញបានចុះបញ្ជីកីឡាករពេញហើយមានកីឡាករប្រេស៊ីល Vinicius Silva Freitas កីឡាករកូឌីវ័រ Soumahoro Mafaកីឡាករកូឌីវ័រ Kourouma Mohamed កីឡាករអ៊ីរ៉ង់ Faramarz Vahdat Derakhshan និង ឃួន ឡាបូរ៉ាវី របស់កម្ពុជា។
គិតត្រឹមសប្ដាហ៍ទី១៤ មកនេះក្រុម Turat Thani កំពុងឈរចំណាត់ថ្នាក់លេខ៨បណ្តោះអាសន្នក្នុងចំណោមសមាជិកទាំង១៤ ប្រចាំមណ្ឌលជាមួយគ្នា ក្រោយប្រកួតឈ្នះ៤លើក ស្មើគ្នា៥លើក និងចាញ់៥លើក មាន១៧ពិន្ទុ។ ក្រុមកំពូលតារាងប្រចាំលីគទី៣ថៃនេះមានឈ្មោះឡើងទៅកាន់លីគលំដាប់ទី២ ខណៈក្រុមលេខ២មានឈ្មោះប្រកួតជម្រុះជាមួយក្រុមនៅមណ្ឌលផ្សេងទៀត ខណៈក្រុមនៅបានតារាងត្រូវធ្លាក់ទៅលេងនៅលីគលំដាប់ទី៤។
សម្រាប់ប្រកួតបន្ទាប់ក្នុងសប្ដាហ៍ទី១៥ ក្រុម Surat Thuni ត្រូវប៉ះក្រុមលេខ២កំពូលតារាង Nara United នៅវេលាម៉ោង៤ល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋាន Surat Thani Stadium របស់ខ្លួន៕
Source: Kampuchea Thmey Daily
0 Comments