កណ្តាល ៖ ជនសង្ស័យជាចោរប្លន់ម្នាក់បានត្រូវលោក គឹម រត្ន័ណារិន ចៅក្រមស៊ើបសួរ និងជា អនុប្រធានសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន ក្នុងពន្ធនាគារ ពីបទ"លួចមានស្ថានទម្ងន់ទោស"ដែលប្រព្រឹត្តនៅ ភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល កាលពី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៤៥នាទី តាមមាត្រា៣៥៣ មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោសពី៣(បី)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។
ជនត្រូវចោទឈ្មោះ រុំ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ .មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដត្រូវនគរបាលស្រុកស្អាងចាប់ខ្លួនបានភ្លាមៗក្រោយពីធ្វើសកម្មភាពប្រើដំបងស្ទាក់វាយប្លន់យកម៉ូតូបានសម្រេចហើយជិះគេចខ្លួន។
ជនរងគ្រោះឈ្មោះ អេម លាងសែ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកសិករ។
លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានបញ្ជាក់ថា នៅថ្ងៃកើតហេតុជនរងគ្រោះកំពុងជិះម៉ូតូឌុបបងស្រី និង ក្មួយប្រុសអាយុ៣ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង។
លុះមកដល់ចំណុចកើតហេតុបានជួបឈ្មោះ រុំ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ដៃកាន់ដំបងឫស្សីប្រវែងកន្លះម៉ែត្រ បានមកស្ទាក់គំរាមវ៉ៃទៅលើឈ្មោះ អេម លាងសែ។ ភ្លាមនោះជនរងគ្រោះបានដួលម៉ូតូ រួចជនសង្ស័យបានលើកម៉ូតូជិះមកទិសខាងជើងបាត់ទៅ។
លោកអធិការបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីសកម្មភាពខាងលើភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវសហការជាមួយកម្លាំងនគរបាលស្រុកស្អាងស្ទាក់ចាប់បានជនសង្ស័យខាងលើរួចបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្តនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments