Ad Code

ត្រពាំង​ប្រាសាទ​ត្រូវ​បាន​គេ​ចាក់​លុប​បណ្តើរៗ​ហើយ​នៅ​គ្រា​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​មាន​ចំណាត់ការ

សៀមរាប ៖ ត្រពាំង​បុរាណ​ដែល​មាន​ឈ្មោះថា ត្រពាំង ប្រាសាទ នោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​និង​អ្នក​រស់​នៅ​ជិត​ត្រពាំង​នាំគ្នា​ចាក់​ដី​លុប​បន្តិច​ម្តងៗ រហូត​ត្រពាំង​បុរាណ​ដ៏​ធំ​ក្លាយទៅជា​រួម​តូច​ទៅហើយ ខ​ណៈ​ពេល​ដែល អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទេសចរ​មួយ​នេះ​មិនទាន់មាន​ចំណាត់ការ​ក្តៅ​ណាមួយ​នៅឡើយ ទើប​សកម្មភាព​ទាំងនេះ​ចេះតែ​បន្ត​ដូច​ភ្លៀងរលឹម។

នេះ​គ្រាន់តែ​ជា​ចំណែក​ដ៏​តូច​មួយ​នៅក្នុង​ក្រុង​សៀមរាប​បាន​បង្ហាញថា ត្រពាំង​បុរាណ​ចំនួន​៦​ត្រូវបាន​គេ​នាំគ្នា​ចាក់ដី​លុប​ដើម្បី​ធ្វើជា​កម្ម​សិទ្ធ ក្នុង​នោះ​មាន ត្រពាំង​តា​ពេជ្រ ត្រពាំង​អញ្ចាញ ត្រពាំងវែង ត្រពាំង​តា​ចេក និង​ត្រពាំង​ប្រាសាទ ស្ថិតនៅក្នុង​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​។ ត្រពាំង​ដែល​បាត់បង់​រូបភាព​ដើម​នោះ​គឺ ត្រពាំង​តា​ពេជ្រ ត្រពាំង​តា​ចេក ក្រៅពីនោះ​គេ​ចាក់ដី​លុប​អស់​មួយចំនួន​ហើយ​តែ​ត្រូវ​ហាមឃាត់​ទាន់ ប៉ុន្តែ​តែ​អ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​គឺ​ត្រពាំង​បុរាណ​មួយចំនួន​ត្រូវបាន​គេ​លុប​រួច​ធ្វើ​កម្ម​សិទ្ធ​អស់​ទៅ​ហើយ។

ប្រភព​ពី​ពលរដ្ឋ​នៅ​តំបន់​នោះបាន​និយាយប្រាប់​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ត្រពាំង​ប្រាសាទ​នេះ​គឺ​មាន​ទួល​ប្រាសាទ​១​មានឈ្មោះ គោក​យាយ​មាស​ដែល​នៅជាប់​នឹង​ត្រពាំង​នេះ ហើយ​ជាងនេះទៅទៀត​គេ​ស​ង្កេត​ឃើញ​មាន​អាជ្ញាធរ​ចម្រុះ​បាន​ចុះមក​ធ្វើការ​អភិរក្ស​នៅ​តំបន់​នេះ​ផងដែរ​តែ​ហាក់ដូចជា​មានការ​ធូរ​លង់​ពេក​ទើប​ធ្វើ​ឲ្យ​មាន​ជន​ឆ្លៀតឱកាស​លួច​ចាក់ដី​លុប​អស់​មួយ​ផ្នែក​ទៅហើយ​។

ប្រភព​ដដែល​បន្ត​ថា ផ្ទះ​ពលរដ្ឋ​នៅ​ជិត​ត្រពាំង​នោះ​ចំនួន​៦​គ្រួសារ​បាន​នាំ​គ្នា​ច្រិប​យក​ដី​ត្រពាំង​ម្នាក់​បន្តិចៗ​។ ប្រភព​បន្ថែម​ថា ត្រពាំង​ប្រាសាទ​បច្ចុប្បន្ននេះ​នៅ​សេសសល់​ប្រៀប​បាន​និង​ក្រឡុក​មួយ​ប៉ុណ្ណោះ ទើប​ពួកគាត់​នាំគ្នា​ព្រួយ​បារម្ភ​ពី​ការបាត់បង់​សម្បត្តិ​សា​ធា​រណៈ​ដ៏​កម្រ​នេះ​

​ព្រោះ​អី​ពី​ដើម ឡើយ​ត្រពាំង​នេះ​អាច​ជួយ​ដោះស្រាយ​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​បាន​មួយ​ចំណែក​ធំ​គឺ​សម្រាប់​ស្រោចស្រព​ផលដំណាំ​និង​ឲ្យ​ទឹក​គោក្របី​ផឹក​ជាដើម​។ ទាក់ទិន​និង​ករណីនេះ​លោក​ឆោម ឆែម​មេភូមិ​វាល បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ប្លង់​ត្រពាំង​នោះ​មាន​ទំហំ​៥០×១០០ ឥឡូវ​ដូចជា​រួម​មែន​នោះ​ឯង​តែ​រឿង​ចាក់​ដី​លុប​នោះ​លោក​អត់​ដឹង​នោះ​ទេ តែ​លោក​ថា រឿង​ចាក់ដី​នោះ​កើតមាន​យូរ​ដែរ​ហើយ​តែ​ពេល​ថ្មីៗ​នេះ​លោក​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ព្រោះ​កន្លង​

​មក​លោក​ចុះ​វាស់​តែ​ខាងកើត​ត្រពាំង​ឯខាង​លិច​លោក​អត់​ដឹង​ដែរ​។

លោក​មិន​ស្គាល់ឈ្មោះ​ម្ចាស់​ដី​នោះទេ​តែ​គ្រាន់តែ​ដឹង​ថា នៅ​លក់ដូរ​ម្តុំ​ផ្សារ​ជ្រាវ​។ លោក​ក្អោ​ប​

​រ៉​ន ចៅសង្កាត់​ជ្រាវ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៤​នេះ​ថា បើ​តាម​ការវាស់វែង​ឲ្យ​ដឹងថា ដី​នោះ​មាន​

​បណ្តោយ​១០០​ម៉ែត្រ​គុណ​និង​៥០​តែ​ឥឡូវ​វាស់​បានតែ​១០០​គុណ​និង​៣០ ដូច្នេះ​វា​បាត់​ដី​អស់​មួយចំនួន​។ លោក​បន្ត​ថា ដី​នៅ​ជិតៗ​នោះ​គ្មាន​ប្លង់​កម្មសិទ្ធិ​នោះ​ទេ​ព្រោះ​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា ហើ​យ​ដល់ពេល​គេ​ត្រូវការ​រើ​នោះ​គឺ​ត្រូវ​រើ។ លោក​សូ ប្លា​តុង អភិបាលក្រុង​សៀមរាប​មិនអាច​ទាក់​ទង​សុំ​ការ​ពន្យល់​បានទេ​នៅ​រសៀល​ថ្ងៃទី​០៤​នេះ​ដោយ​ហៅ​ចូល​ច្រើនដង​តែ​គ្មាន​អ្នកទទួល​។

ចំណែក​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៤​នេះ​ថា ករណី​នេះ​លោក​អត់​ទាន់​ដឹង​នោះទេ ចាំ​លោក​ប្រាប់​អ្នក​ជំនាញ​ឲ្យ​ចុះទៅ​មើល​សិន។

ទោះជា​យ៉ាងនេះ​ក្តី លោក​ឃឹម ប៊ុន​សុង អភិបាល​ខេត្តសៀមរាប ក៏​មិនអាច​ស្វែងរក​សុំ​ការ​ពន្យល់​ពី​លោ​ក​បានទេ​នៅ​ថ្ងៃ​នេះ​ដោយ​ទូរស័ព្ទ​ទៅ​លោក​ចូល​តែ​គ្មាន​អ្នកទទួល។ ដូច្នេះ​ករណី​ចាក់​ដី​លុប​ត្រពាំង​បុរាណ​មួយចំនួន​នៅក្នុង​ខេត្តសៀមរាប​នៅតែ​ជា​ក្តី​ចម្ងល់​របស់​មហាជន​ដដែល ព្រោះ​ករណីនេះ​គេ​ឃើញ​អ្នក​លុប​ត្រពាំង​ចេះតែ​លុប​ទៅ​ដោយ​គ្មាន​ឃើញ​មាន​ចំណាត់ការ​ណា​

​មួយ​នៅឡើយ​ទៅលើ​ជន​ដែល​ឃុបឃិត​លក់​ទ្រព្យ​សម្បត្តិ​សា​ធា​រណៈ​ទាំងនោះ​ដែល​គេ​ឃើញ​ដី​មួយ​ចំ​នួន​គេ​ធ្វើ​ផ្ទះសំណាក់​និង​ដី​មួយ​ចំនួន​ទៀត​គេ​បំរុង​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​បណ្តើរៗ​ហើយ​៕


ត្រពាំង​ប្រាសាទ​ត្រូវ​បាន​គេ​ចាក់​លុប​បណ្តើរៗ​ហើយ​នៅ​គ្រា​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​មាន​ចំណាត់ការ

Post a Comment

0 Comments

Close Menu