កណ្តាល ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលបានដឹកនាំមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យគ្រឿងឧបភោគ បរិភោគនិងទំនិញខូចគុណភាពក្នុងផ្សារគគីរ ស្ថិតក្នុងស្រុកកៀនស្វាយខេត្តកណ្តាល។
ក្នុងនោះមានការចូលរួមពីអភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក និងមេឃុំគគីរ។ ក្រោមការចុះត្រួតពិនិត្យទំនិញខូចគុណភាពក្នុងផ្សារគគីរនាពេលនេះ បង្ហាញឲ្យឃើញថា អាជីវករលក់ដូរបានដាក់តាំងលក់គ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទមានលក្ខណៈស្តង់ដារ មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះទេ។ មានន័យថា ក្រុមអាជីវករទាំងនោះមិនបានលក់ដូរគ្រឿងទេសមានសារជាតិគីមីទេ។ នេះសបញ្ជាក់ឲ្យឃើញថា ក្រុមអាជីវករយល់ច្បាស់ពីសុខភាពប្រជាពលរដ្ឋជាកត្តាសំខាន់។
ក្រុមអាជីវផ្សារគគីរបានលើកឡើងថា កន្លងមកពួកគាត់បានដាក់តាំងលក់គ្រឿងឧបភោគ បរិភោគ មិនបានពិនិត្យកាលបរិច្ឆេទ(ហួសឌឺឡេ) ឫមានសារជាតិគីមីនោះទេ។ បន្ទាប់ពីមន្ត្រីជំនាញកាំកុងត្រូលបានចុះអប់រំណែនាំ និង ធ្វើការត្រួតពិនិត្យទំនិញញឹកញាប់ទើបពួកគាត់យល់ពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ហេតុនេះពួកគាត់មានការប្រុងប្រយ័ត្ននិងរួមចំណែកទំស្កាត់ទំនិញខូចគុណភាព។
បន្ទាប់ពីបានឃើញក្រុមអាជីវករផ្សារគគីរដាក់តាំងលក់ដូរគ្រឿងទេស នៅតាមតូបគ្រប់ប្រភេទមិនមានផលប៉ះពាល់ដល់សុខភាព ពិសេសមិនមានសារជាតិគីមីបែបនេះក្នុងនាមមន្ត្រីជំនាញលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល សំដែងការកោតសរសើរចំពោះក្រុមអាជីវករដែលមានស្មារតីខ្ពស់ ក្នុងការលើកកំពស់សុខភាពប្រជាពលរដ្ឋ គឺជាចលករមួយចូលរួមចំណែកទប់ស្កាត់ទំនិញខូចគុណភាព។
កន្លងមកពួកឈ្មួញទុច្ចរិតមួយចំនួនតែងតែឆ្លៀតឱកាស បន្លំនាំយកទំនិញខូចគុណភាពធ្វើចរាចរលក់នៅតាមទីផ្សារក្នុងស្រុកខ្មែរមិនខ្វល់ពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋនោះទេ គឺគេគិតតែពីប្រយោជន៍បុគ្គលផ្ទាល់ខ្លួន។
ទន្ទឹម និង ចុះត្រួតពិនិត្យទំនិញខូចគុណភាពក្នុងផ្សារគគីរ លោក ម៉ក់ ពេជ្ជរិទ្ធ បានបន្តជួបសិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាគគីរ និង សាលាបឋមសិក្សាស្តៅកន្លែង ឃុំដីឥដ្ឋ ធ្វើការអប់រំណែនាំសិស្សឲ្យយល់ជ្រួតជ្រាបពីចំណីអាហារដែលខូចគុណភាព មិនត្រូវទិញហូបនោះទេនាំឲ្យប៉ះពាល់សុខភាព និងខាតបង់ថវិកាឥតប្រយោជន៍៕
លោកម៉ក់ ពេជ្ជរិទ្ធដឹកនាំមន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យទំនិញខូចគុណភាពក្នុងផ្សារគគីរ
0 Comments