Ad Code

សម្តេច​តេ​ជោ​ហ៊ុន សែន ៖ តំណាង​ស្របច្បាប់​របស់​កម្ពុជា អង្គុយ​ប្រជុំ​ជាមួយ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​នានា



សម្តេច​តេ​ជោ​ហ៊ុន សែន ៖ តំណាង​ស្របច្បាប់​របស់​កម្ពុជា អង្គុយ​ប្រជុំ​ជាមួយ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​នានា
ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា «​សម្តេច​ជា​តំណាង​ស្របច្បាប់​របស់​ប្រទេស​កម្ពុជា ដូចនេះ​សម្តេច​ត្រូវ​អង្គុយ​ប្រជុំ​ជាមួយ​ប្រ មុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​នានា ចំណែក​តំណាង​មួយទៀត​នៅ​តាម​ចិញ្ចើមផ្លូវ ដូចនេះ​ជា​រឿង​របស់​គេ​... » សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន ខ្មែរ​ដែល​រស់នៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក នា​ថ្ងៃទី​១៧ ខែតុលា​នេះ។



​នៅក្នុង​សណ្ឋាគារ​ដែល​សម្តេច​តេ​ជោ​ស្នាក់នៅ ក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិក មាន​បងប្អូន​ប្រជាជន​ខ្មែរ​ជាច្រើន​បាន​ឈរ​រង់ចាំ​ទទួល​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ។ នៅ​ទីនោះ​បងប្អូន​ខ្លះ​បាន​ងើប​តាំងពី​ម៉ោង ៤ ទៀបភ្លឺ​ថ្ងៃទី ១៧ តុលា ធ្វើដំណើរ​មក​ចាំ​ទទួល​សម្តេច​។ បងប្អូន​នៅ​ទី​នោះបាន​បញ្ជាក់ថា ​សម្តេច​គឺជា​វីរជន​របស់​កម្ពុជា ដែល​ពួកគេ​ត្រូវតែ​ហ៊ាន​លះបង់​ពេលវេលា និង ការងារ​មក​ទទួល​ស​ម្តេច ដើម្បី​លើក​កិត្តិយស​ជាតិ​។



នៅក្នុង​ចំណោម​បងប្អូន​ខ្មែរ​ទាំងអស់​មាន​លោកពូ​ម្នាក់​បាន​ថ្លែង​ដោយ​សុទ្ធចិត្ត​ទោះបីជា​ត្រូវ​លះបង់​ការងារ​មួយថ្ងៃ​ក៏​ត្រូវ​តែ​លះបង់​ដែរ ដើម្បី​មក​ទទួល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រោះ​សម្តេច​ជា​វីរបុរស​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ហើយក៏​ដើម្បី​លើក​កិត្តិយស​ជាតិ​របស់​យើង​។



គួរ​បញ្ជាក់​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ទៅដល់​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ប្រកបដោយ​សុវត្ថិភាព​ហើយ​កាលពី​វេលា​ម៉ោង​៧និង៤០​នាទី​ម៉ោង​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ប្រទេស​ប៊ែ​ល​ហ្ស៊ិក​ត្រូវ​នឹង​ម៉ោង​១២និង៤០​នាទី​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រឹក​ថ្ងៃទី​១៧​តុលា​ ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១២ ដែល​និង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៨-១៩​តុលា​។



​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ (Execujet) ទីក្រុង​ប្រ៊ុ​ច​សែ​ល វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​លោក​លោកស្រី​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​ប៊ែ​ល​ហ្ស៊ិក​និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ជាច្រើនរូប​។



​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ចាក​ចេញពី​ប្រ​ទស​កម្ពុជា​នៅ​ម៉ោងជាង​១២និង២០ រំលង​អធ្រាត្រ​ថ្ងៃទី ១៦ ឈានចូល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​។ ការ​អញ្ជើញ​ទៅកាន់​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​នាពេលនេះ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២​ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់លោក Donald Tush ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​និង​លោក Jean Claude Juncher ប្រធាន​គណៈកម្មការ​អឺរ៉ុប​។



​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា​ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​អឺរ៉ុប​និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​»​មាន​គោលបំណង​ពង្រឹង​កិច្ច​សន្ទនា​និង​កិច្ចសហប្រតិបត្តិការ​រវាង​តំបន់​អាស៊ី និង​អឺរ៉ុប​ខណៈដែល​តំបន់​ទាំងពីរ​ជំរុញ​កសាង​កម្លាំង​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន​ចាប់ពី​ការ​បង្កើន​ពាណិជ្ជកម្ម​និង​វិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បម្រែបម្រួល​អាកាសធាតុ​ជាដើម​។



ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​បែលហ្ស៊ិក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួបពិភាក្សា​ទ្វេភាគី​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ​លោក Dmitry Medvedev នាយករដ្ឋមន្ត្រី​រុស្ស៊ី​, លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​, លោក Viktor Orbán នាយករដ្ឋមន្ត្រី​ហុង​គ្រី​, លោកស្រី Erna Solberg នាយករដ្ឋមន្ត្រី​ន័​រវេ​ស​, លោក Andrej Babis​នាយករដ្ឋមន្ត្រី​ឆែក​និង​ថ្នាក់ដឹកនាំ​គណៈប្រតិភូ​ដទៃទៀត។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​និង​សិស្ស និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ​និង​សិក្សា​នៅ​ប្រទេស​បែលហ្ស៊ិក​ផងដែរ​។



អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា នៅក្នុង​ប្រជុំ​អាស៊ី អឺរ៉ុប​នោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នឹងធ្វើ​បទ​អន្តរាគមន៍​ដោយ​ផ្ដោត​លើ​ប្រធានបទ​ទាក់ទង​នឹង​របៀបវារៈ​ឆ្នាំ​២០៣០​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​កំ​ណើ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ដើម្បី​ចំអក​ទៅលើ​អ្នក​រិះគន់​សម្ដេច​កន្លង​មក​។



សេចក្តីប្រកាស​ព័ត៌មាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានបញ្ជាក់​ដូច្នេះ​ថា​៖«​នេះ​ជា​របៀបវារៈ​ផ្លូវការ ដែលជា​សត្យានុម័ត ឆ្លើយតប​ទៅនឹង​ការធ្វើ​វិទ្ធង្សនា​អកុសល របស់​ក្រុម​ក្រៅច្បាប់​ដែល​ធ្វើ​យុទ្ធនាការ​ប្រឌិត​និង​បំភ្លៃ​ការពិត​ដែល​លើកឡើងថា សម្ដេច​នឹង​ទទួល​សម្ពាធ​ពី​សហភាព​អឹ​រ៉ុ​ប ក្នុងពេល​ប្រជុំ​នេះ​គឺជា​ការ​ភូតភរ​ពិតប្រាកដ និង​មិន​ខ្មាសអៀន​»​។



​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា​កម្ពុជា​និង​សហភាព​អឺរ៉ុប នៅតែ​បន្ត​ដោះស្រាយ​រួមគ្នា និង​សហការ​ដោះ​ស្រ​យ​បញ្ហា​អនុគ្រោះ​ពន្ធ​លើ​កម្ពុជា​(EverythingBut Arms)​។​



​ ​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ត​ថា​ «​អាស្រ័យ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប​ទ្វេភាគី នៅតែ​រួមគ្នា​បន្ត​ក្នុង​កិច្ច​ដោះស្រាយ និង​សហការ​លើ​បញ្ហា​ខ្វែងគំនិត​គ្នា​ឬ​ប្រឈម ទៅ​នឹង​វិស័យ​កញ្ចប់​ដទៃទៀត នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ​សព្វសារពើ​លើកលែងតែ​អាវុធយុទ្ធភណ្ឌ (EBAs) នោះ​។ ប៉ុន្តែ​កញ្ចប់​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ មិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ​ដោយ​សិទ្ធ​សេរីភាព និង​ជីវភាព​កម្មករ ត្រូវបាន​សម្ដេច ហ៊ុន សែន បាន​លើកតម្កើង​ជាប្រចាំ ស្របគ្នា​គោលដៅ​និង​ផលប្រយោជន៍​រួម ។ កម្ពុជា​-​សហភាព​អឺរ៉ុប ដែលជា​កម្លាំង​បំពេញបន្ថែម​ដល់​កម្ពុជា ក្នុង​កិច្ច​ត្រៀម​ងើប​ឈានឡើង ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​»​។



សូម​បញ្ជាក់​ថា កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) គឺជា​វេទិកា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រ​វាង​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​និង​តំបន់​អឺរ៉ុប​ជាមួយ​ការផ្ដោត​សំខាន់​លើ​សសរស្ដម្ភ​ចំនួន​៣​រួមមាន​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​។ ASEM តំណាង​ឲ្យ​៥០​ភាគរយ នៃ GDP របស់​ពិភពលោក ព្រមទាំង​ស្មើនឹង ៦០​ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក​និង ៦០​ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក​។



កិច្ចប្រជុំ ASEM លើកដំបូង ត្រូវ​បាន​ធ្វើឡើង​កាលពី​ខែមីនា ឆ្នាំ​១៩៩៦ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។ បច្ចុប្បន្ន ASEM មាន​ដៃគូ​ចំនួន​៥៣ ក្នុង​នោះ​មាននៅ តំបន់​អាស៊ី Asia ២១​ប្រទេស រួមទាំង​សមាជិក​អាស៊ាន​ទាំង ១០​ប្រទេស​។ ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ចំនួន ៣០​ប្រទេស ក្នុង​នោះ ២៨​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​និង​ប្រទេស​មិនមែនជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​២​ទៀត​គឺ​ន័​រ​វែ​ស និង​ស្វី​ស​។ វេទិកា​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លេខាធិការដ្ឋាន​អាស៊ាន និង​សហភាព​អឺរ៉ុប​ផងដែរ​។



សម្រាប់​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​វេទិកា​នេះ​ក្នុង​កិច្ចប្រជុំ​កំពូល ASEM លើក​ទី​៥ រៀបចំឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០០៤​។



​សម្រាប់​ដំណើរការ​របស់​វេទិកា​នេះ​គឺ​ប្រទេស​ជា​សមាជិក ASEM ទាំងអស់​មាន​ភារកិច្ច​ជួយ​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​នៃ​ដំណើរការ​របស់ ASEM តាមរយៈ​ការ​ដើរ​តួនាទី​ផ្លាស់​វេន​គ្នា​ជា​ប្រទេស​សម្របសម្រួល​។ បច្ចុប្បន្ន​មាន​ប្រទេស​ជា​អ្នកសម្របសម្រួល​ចំនួន​៤ ក្នុងនោះ​ប្រទេស​ចំនួន​២ មកពី​អាស៊ី និង​ប្រទេស​២​ទៀត​មកពី​អឺរ៉ុប​។ ប្រទេស​សម្របសម្រួល​មាន​តួនាទី​ធ្វើជា​ម្ចាស់ផ្ទះ និង​សហប្រធាន​នៃ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​របស់​ASEM,​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​សម្របសម្រួល​,​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស ASEM និង​កិច្ចប្រជុំ​កំពូល ASEM, សម្របសម្រួល​ជាមួយ​ដៃគូ និង​ប្រគល់​ឯកសារ​ឲ្យ​ដៃគូ​សម្រាប់​កិច្ចប្រជុំ​នានា​និង​យក​សំណូមពរ​គម្រោង​ផ្ដួចផ្ដើម​គំនិត​និង​ឯកសារ​ទៅដល់​ដៃគូ​សម្រាប់​ពិចារណា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu