Ad Code

ក្រុម​ភ្នំពេញ​ក្រោ​ន ស្ថិតក្នុង​ពូ​ល​ជាមួយ​ម្ចាស់ផ្ទះ Buriram United ក្នុង​ពាន​យុវជន​នៅ​ប្រទេស​ថៃ



ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន ម្ចាស់​ជើងឯក​៦​សម័យកាល​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone CambodianLeague) បានប្រកាសថា​ ក្លិប​របស់​ខ្លួន​នឹង​បញ្ជូន​ក្រុម​កីឡាករ​យុវជន​ថ្នាល​របស់​ខ្លួន​គឺ​អាយុ​ក្រោម​១៤​ឆ្នាំ (U14) ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​អន្តរជាតិ​មួយ​នៅ​ប្រទេស​ថៃ ដែលមាន​ក្រុម​មកពី​បណ្តាល​ប្រទេស​ជាច្រើន​ចូលរួម​។

ពានរង្វាន់​ដែល​ក្រុម​កីឡាករ​អាយុ​ក្រោម​១៤​ឆ្នាំ​របស់​ភ្នំពេញ គ្រោង​នឹងចូលរួម​ប្រកួត​មាន​ឈ្មោះថា​CP-Meiji Cup U-14 International Champions 2018 ដែល​ជា​ការផ្តួចផ្តើម​គំនិត​ឡើង​ពី​ក្លិប​យក្ស Buriram United របស់​ថៃ​។ នៅ​ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ចំនួន​៦​ក្រុម​របស់​ប្រទេស​ថៃ Buriram Utd, Nongbua Pitchaya FC, Chonburi FC, Suphanburi FC, Muangthong Utd, Bangkok Utd មាន​២​ក្រុម​មកពី​ប្រទេស​ជប៉ុន Fagiano Okayama និង​ក្រុម Jubilo Iwata ១​ក្រុម​មកពី​ប្រទេស​ម៉ាឡេស៊ី NFDP Malaysia ហើយ​១​ក្រុម​មកពី​ប្រទេស​កាតា Aspire Academy និង​ទីក្រុង​ហុងកុង Kitchee SC។

យោង​តាម​ការ​ចាប់​ឆ្នោត​កាលពីពេល​ថ្មីៗ ក្រុម​របស់​កម្ពុជា មួយ​នេះ​ស្ថិត​នៅ​ក្នុង​ពូ​ល​ជាមួយ​ក្រុម Buriram Utd និង​ក្រុម Nongbua Pitchaya FC របស់​ប្រទេស​ថៃ​។

​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ក្លិប​ភ្នំពេញ​ក្រោ​ន បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ ខណៈ​កាលពី​ឆ្នាំ​ដំបូង​២០១៦ គឺ​ប្រកួត​មិនបាន​ចប់​ចុង​ចប់​ដើម​នោះ​ទេ ដោយ​ការប្រកួត​ត្រូវ​រំសាយ​បន្ទាប់​ព្រះបាទ​Bhumibol Adulyadej ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​សោយ​ទី​វគ្គត​នៅ​ពេល​នោះ​។ ចូលឆ្នាំ​ទី​២ គឺ​នៅ​ឆ្នាំ ២០១៧ ក្រុម​របស់​ភ្នំពេញ​ក្រោ​ន បាន​ប្រកួត​ចាញ់​គ្រប់​ការប្រកួត​ដោយ​ឈរ​នៅ​បាត​តារាង​ប្រចាំ​ក្រុម​ទាំង​៨​ដែល​ចូលរួម ប៉ុន្តែ​ក្រុម​នេះ​ទទួល​បាន​ពានរង្វាន់ Fiar Play ប្រចាំ​ព្រឹត្តិការណ៍​ទៀតផង​។

​គណៈកម្មការ​បាន​កំណត់​ថា ​ក្រុម​ទាំងអស់​ត្រូវដាក់​កីឡាករ​ឲ្យ​លេង​ម្ខាង​១១​នាក់​ហើយ​ធ្វើឡើង​ចំនួន​ពីរ​តង់​ដោយ​មួយ​តង់​មាន​រយៈពេល​៣០​នាទី​។ គោលបំណង​របស់​អ្នក​រៀប​ចំ​កម្មវិធី​នេះ​គឺ​ដើម្បី​អភិវឌ្ឍន៍​បាល់ទាត់​យុវជន និង​ការប្រកួត​បាល់ទាត់​អន្តរជាតិ​ជាមួយនឹង​ក្រុម​ខ្លាំង​ក្នុង​តំបន់​។ ពួកគេ​គ្រោង​នឹង​ពង្រីក​ការប្រកួត​នៅ​ថ្ងៃ​អនាគត​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu