បាត់ដំបង ៖ ជនរងគ្រោះម្នាក់ ដែលមាននាទីជា អនុប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបងបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅពេលដែលចុះបំពេញការងារបក្សចប់ហើយបានវិលត្រឡប់មកកាន់ក្រុងបាត់ដំបងវិញ ក៏បានជួបនឹងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តជ្រុលចង្កូតធ្លាក់ទឹកប្រឡាយ។
ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង១០នាទីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិត្រពាំងដងទឹក ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបង្កឡើងដោយខ្លួនឯង គឺជនរងគ្រោះមាន ឈ្មោះឯម វិចិត្រ ភេទប្រុស អាយុ៥៥ឆ្នាំ ជាអនុប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង រស់នៅ ភូមិ នរា២ ឃុំនរា ស្រុកសង្កែ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺ ជនរងគ្រោះរូបនេះ បានបើកបររថយន្ត ម៉ាកហ្វតរែនជ័រ ពណ៌ស ពាក់ស្លាកលេខ រដ្ឋ ១៩. ២.០០២៩ គឺបានវិលត្រឡប់មកពីចុះការងារបក្សនៅទីនោះ លុះមកដល់ត្រង់ចំណុចកើតហេតុគឺគេមិនដឹងថា តើមូលហេតុអ្វីបានជារថយន្តនោះ រេចង្កូតធ្លាក់ក្រឡាប់ចូលទៅក្នុង ប្រឡាយទឹក បះជើងឡើងលើបណ្ដាលឲ្យអ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ ដោយបច្ចុប្បន្នសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ នាំយកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments