កិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធទប់ទល់នឹងករណីអត្តឃាតនៅសហរដ្ឋអាមេរិក ស្ថិតនៅក្នុងសភាពអស់សង្ឃឹមចំពោះការបន្ថែមមូលនិធិ។ នេះជាការលើកឡើងពីអ្នកជំនាញឯកទេសក្នុងការបង្ការអត្តឃាតកម្ម។ នេះក៏ដោយសារតែមានករណីធ្វើអត្តឃាតរបស់ជនល្បីល្បាញអ្នកស្រី Kate Spade និងលោក Anthony Bourdain នាសប្តាហ៍នេះ ដែលជាស្ថិតិមួយកំពុងតែបង្ហាញឲ្យឃើញការកើនឡើងនៃបញ្ហា។
មូលនិធិសហព័ន្ធសម្រាប់កិច្ចបង្ការករណីធ្វើអត្តឃាត វាស្ថិតនៅដ៏សែនឆ្ងាយពីមូលបទនៃវិស័យសុខាភិបាលសាធារណៈផ្សេងទៀត បើទោះជាមូលហេតុទី១០នៃការស្លាប់ ក្នុងចំណោមពលរដ្ឋអាមេរិកាំងក៏ដោយដោយឆក់យកជីវិតមនុស្សម្នាក់រៀងរាល់១២នាទី។ នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនឹងបង្ការជំងឺសហរដ្ឋអាមេរិក USCDC ។
វិទ្យាស្ថានជាតិ ផ្នែកសុខាភិបាល NIH បានផ្តល់មូលនិធិ៣៥លានដុល្លារនៅឆ្នាំ២០១៧ សម្រាប់ការសិក្សាស្រាវជ្រាវដើម្បីបង្ការការធ្វើអត្តឃាតកម្មរួមជាមួយទឹកប្រាក់៦៨លានដុល្លារទៀតទុកសម្រាប់ធ្វើការស្រាវជ្រាវរកពីប្រភេទនៃការធ្វើអត្តឃាត នេះបើយោងតាមស្ថិតិរបស់ទីភ្នាក់ងារនេះ។
មានការធ្វើអត្តឃាតដល់ទៅ៤៥.០០០ករណីក្នុងឆ្នាំ២០១៦។ នៅក្នុងការប្រៀបធៀបការនិយមគ្រឿងស្រវឹងដែលបានសម្លាប់ពលរដ្ឋអាមេរិក តាមការប៉ាន់ស្មានមានដល់ទៅ៦៥.០០០នាក់ ក្នុងឆ្នាំ២០១៥ បានបង្ហាញឲ្យឃើញថា ទឹកប្រាក់៥០០លានដុល្លារត្រូវបានផ្តល់សម្រាប់មូលនិធិនៅក្នុងការសិក្សាស្រាវជ្រាវកាលពីឆ្នាំទៅមិញ៕
រ៉យទ័រ
Source: Kampuchea Thmey Daily
0 Comments