Ad Code

អ្នកនាំពាក្យ​ប​.​ស​.​ស​អះអាង​ថា កម្មករ កម្មការិនី ប្រើ​ប័ណ្ណ ប​.​ស​.​ស​ទទួល​បាន​សេវា​ព្យាបាល ប្រកប ដោយ​គុណភាព​នៅ​គ្រប់​មន្ទីរពេទ្យ​ដោយ​មិនមាន​ការរើសអើង



ភ្នំពេញ ​៖ អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះ អាង​ថា កម្មករ កម្មការិនី ដែល​បាន​ប្រើប្រាស់​ប័ណ្ណ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​(​ប​.​ស​.​ស​) នឹង​ទទួលបាន​នូវ​ការ​ព្យាបាល​ដោយ​មិន គិតថ្លៃ មានគុណ​ភាព និង​មិនមាន​ការរើសអើង​ឡើយ​នៅតាម​មន្ទីរពេទ្យ​ជា​ដៃគូ​។

លោក ជាវ ប៊ុន​រិ​ទ្ធ អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម បាន​ឲ្យ​ដឹងថា កម្មករ កម្មការិនី ដែល​ប្រើប្រាស់​ប័ណ្ណ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម ទៅ​ទទួល​សេវា​ដោយ​មិន​បង់លុយ​ឡើយ គឺ​ទទួលបាន​គុណភាព នៃ​ការព្យាបាល និង​ទទួល​បាន​ឱសថ ឬ​ថ្នាំ ដូច​អតិថិជន​ដែល​បង់លុយ គ្រប់​មន្ទីរពេទ្យ​ដៃគូ បេឡា​ជាតិ ដោយ​មិន​មាន​ការរើសអើង​នោះ​ទេ ហើយ ប្រើប្រាស់​បាន​រហូតដល់​ដោយ​មិនមាន​ការកំណត់​សុពលភាព​ប្រើប្រាស់​ទេ​។

ការ​អះអាង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​បុគ្គល និង​ក្រុម​មួយចំនួន បាន​ឃោសនា​បំភ្លៃ​ថា កម្មករ​ដែល ប្រើប្រាស់​ប័ណ្ណ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម សម្រាប់​ការព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នោះ គឺ​ត្រូវ​ពេទ្យ ឲ្យ​ថ្នាំ​មិនល្អ​ដូច​អ្នក​បង់លុយ​នោះ​ទេ ហើយ​ប័ណ្ណ​បេឡា​ជាតិ​នេះ គឺ​ប្រើ​បានតែ​ឆ្នាំ​២០១៨ ក្នុង​រយៈពេល បោះឆ្នោត ដល់​ឆ្នាំ​២០១៩ គេ​ឈប់​ទទួលស្គាល់​ផងដែរ​។

លោក ជាវ ប៊ុន​រិ​ទ្ធ បាន​ពន្យ​ល់ថា បញ្ហា​នេះ មាន​បុគ្គល​មួយចំនួន​បាន​ដើរ​និយាយ​ព័ត៌មាន​មិន​ពិត និង ខុសពី​ការពិត ដែល​ប័ណ្ណ ប​.​ស​.​ស គឺ​ប្រើ​សម្រាប់​ជីវិត​ការងារ​របស់​កម្មករ និយោជិត​ធ្វើការ​ងារ​គឺ​ម្ចាស់ រោងចក្រ សហគ្រាស​បាន​ចុះឈ្មោះ​ពួកគាត់​រួចហើយ និង​ទទួលបាន​ការធានារ៉ាប់រង​លើ​បញ្ហា​គ្រោះថ្នាក់ ការងារ និង​ការថែទាំ​សុខភាព​។ លោក​បាន​បន្ដថា សម្រាប់​បងប្អូន​កម្មក​រ និយោជិត ដែល​កំពុង​បំពេញ ការងារ ត្រូវបាន​ទទួល​ការ​គាំពារ​ផ្នែក​សុខភាព​ពី​រាជរដ្ឋាភិបាល និង​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​។



លោក​បាន​លើក​ឡើង​ថា ការ​ចេញ​សេចក្ដី​បំភ្លឺ​របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​នេះ គឺ​ដើម្បី​ឲ្យ​សាធារណជន​បាន​យល់​អំពី​ការប្រើប្រាស់​ប័ណ្ណ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម និង​អត្ថប្រយោជន៍​ក្នុង​ការ​ទទួល សេវា​នៅ​តាម​មន្ទីរពេទ្យ ដោយសារតែ​បងប្អូន​កម្មករ កម្មការិនី មិន​បង់លុយ​ជូន​មន្ទីរពេទ្យ​ក៏ពិតមែន តែ បេឡា​ជាតិ​ជា​អ្នក​ចេញ​លុយ​ជំនួស​ពួកគាត់​ទាំងអស់ បើ​មន្ទីរពេទ្យ​កំណត់​តម្លៃ​សេវា​ចំនួន​ប៉ុន្មាន​គឺ​ត្រូវ​ចេញ លុយ​ឲ្យ​គ្រប់​ចំនួន​នោះ​។

​លោក ជាវ ប៊ុន​រិ​ទ្ធ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ និយោជិត ត្រូវ​ស្វែងយល់​អំពី​ការយកចិត្ត​ទុក ដាក់ និង​ការផ្ដល់​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល ដែល​ផ្ដល់​ផលប្រយោជន៍​ផ្សេងៗ ជាច្រើន​ដល់​បងប្អូន​កម្មករ កម្មការិនី​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ការ​ទទួលបាន​នូវ​ថវិកា​ចំនួន​៤០​ម៉ឺន រៀល សម្រាប់​ស្ដ្រី​កម្មការិនី​ឆ្លងទន្លេ​បានកូន​១ កូន​ពីរ​ចំនួន​៨០​ម៉ឺន​រៀល និង​កូនភ្លោះ​បី​ចំនួន​១​លាន​ពីរ សែន​រៀល​។ រាជរដ្ឋាភិបាល​បានផ្ដល់​សេវា​ពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ដល់​មេ​ភូ អនុ​ភូមិ និង​សមាជិក​ភូមិ សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ កីឡាករ កីឡាការិនី និង​មន្ដ្រីរាជការ​។

សូម​បញ្ជាក់​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ ប៉ុស្ដិ៍​សុខភាព មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​ក្រុង ខណ្ឌ មន្ទីរពេទ្យ​ថ្នាក់​ខេត្ដ និង​មន្ទីរពេទ្យ ថ្នាក់ជាតិ សរុប​១.៣៨៥​មន្ទីរពេទ្យ រួម​នឹង​មន្ទីរពេទ្យ​ឯកជន​មាន​ប្រមាណ​៥០​មន្ទីរពេទ្យ​ផងដែរ​។

ចំពោះ កម្មករ និយោជិត ដែល​បាន​ចុះបញ្ជី​នៅ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ផ្នែក​របប​ហានិភ័យ​ការងារ មាន ចំនួន​ប្រមាណ​១​លាន​៥​សែន​នាក់ និង​ផ្នែក​របប​ថែទាំ​សុខភាព​មាន​ចំនួន​ប្រហែល​១​លាន ៤​សែន​នាក់​។ ដោយឡែក​សម្រាប់​មន្ដ្រីរាជកា​រ​ដែល​បាន​ចុះបញ្ជី​ជាមួយ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម គឺមាន​ប្រមាណ ៤៥​ម៉ឺន​នាក់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu