Ad Code

យុទ្ធនាការ​រើស​សំរាម​នៅ​ឆ្នេរ​កែប​កម្ពុជា ​ក្រោម​ប្រធានបទ​”​កែប សម្អាត កែប​”

កែប ៖ ក្នុងនាម​ជា​អគ្គនាយក​ប្រតិបត្តិ​ នៃ​មូលនិធិ​”​ទឹកចិត្ត​ទាំង​បី​” និង​ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ ​នៃ​ខេត្ត​កែប ​ប្រទេស​កម្ពុជា អតីត​បវរកញ្ញា​ជប៉ុន​ចំនួន​៣​រូប ដែល​ដឹកនាំ​ដោយ​កញ្ញា Hisae Arai បវរកញ្ញា ឆ្នាំ​២០១១ បាន​ផ្ដើម​យុទ្ធនាការ​ប្រមូល​សំរាម​នៅ​លើ​ឆ្នេរ​កែប ប្រទេស​កម្ពុជា។


ព្រឹត្តិការណ៍​រើស​សំរាម​លើ​ឆ្នេរ​កម្ពុជា ​ក្រោម​ប្រធានបទ កែប សម្អាត កែប របស់​អង្គការ ទឹក​ចិត្ត​ទាំង​៣ ដោយមាន​ការ​សហការ​ជាមួយ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ខេត្ត​កែប ដែល​មានការ​ចូលរួម​ពី​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប កញ្ញា Hisae Arai បវរកញ្ញា​ជប៉ុន ឆ្នាំ​២០១១ កញ្ញា kiko Arai បវរកញ្ញា​ឆ្នាំ​២០១២ និង​កញ្ញា Hana Oka បវរកញ្ញា​ឆ្នាំ​២០១៤ និង​ទេព រិទ្ធី​វិ​ទ្ធ ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ព្រម​ជា​មួយ​មហាជន និង​សិស្សានុសិស្ស​ជា​ច្រើន​រូប។​


កញ្ញា Hisae Arai បាន​ឲ្យ​ដឹងថា នេះ​ជា​ព្រឹទ្ធ​ការណ៍​លើក​ទី​បី​ហើយ ដែល​អង្គការ​ទឹកចិត្ត​ទាំង​បី បាន​ធ្វើ​ឡើង បន្ទាប់ពី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ដំណាក់កាល​ចំនួន​ពីរ​លើក​មកនេះ។


កញ្ញា​បញ្ជាក់​ថា តាមរយៈ​កម្មវិធី​នេះ ​បាន​ចូលរួម​បង្កើន​សោភណភាព ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​ទស្សនា និង​កម្សាន្ត​ឆ្នេរ​កែប និង​ខេត្ត​កែប​ នៃ​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ឡើងៗ។ បើ​តាម​កញ្ញា Hisae Arai ព្រឹត្តិការណ៍​នា​ឆ្នាំនេះ​មានការ​ចូលរួម​ពី​បវរកញ្ញា​ជប៉ុន​ឆ្នាំ​២០១១ និង​២០១២ ក្នុង​នោះ​ក៏​មាន​តារា​សម្តែង​របាំ​ដូរ្យតន្ត្រី និង​ជា​បវរកញ្ញា​ជប៉ុន​ឆ្នាំ​២០១៤ និង​ការ​ច្រៀង​ចម្រៀង​ពី​អ្នកស្រី ហ៊ឹម សុ​ភី ផងដែរ។


ទីតាំង​ដែល​ត្រូវ​ធ្វើ​ការ​សម្អាត​សំរាម​មាន ផ្សារ​ក្តាម ផ្សារ​កែប ឆ្នេរ​កែប និង​ផែ ដើម្បី​បង្កើន​សោភ័ណភាព​បរិស្ថាន នៅ​ក្រុងកែប និង​តំបន់​ឆ្នេរ​នៅ​ទីនោះ។

លោក កែន ស​ត្ថា អភិបាលខេត្ត​កែប​បាន​សម្តែង​ការ​គាំទ្រ​នូវ​យុទ្ធនាការ​របស់​មូលនិធិ​ទឹកចិត្ត​ទាំង​៣ រួម​ជា​មួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​របស់​ខេត្ត ក្នុង​ការ​ចូលរួម​ចំណែក​ថែរក្សា​សោភណភាព​ខេត្ត​កែប​ឲ្យ​កាន់​តែ​មាន​សម្រស់​ស្រស់​ស្អាត ហើយ​សូម​គាំទ្រ​នូវ​យុទ្ធនាការ កែប សម្អាត កែប​នេះ​នឹង​បន្ត​នា​ឆ្នាំក្រោយៗ​ទៀត​។


លោក​បញ្ជាក់​ថា យុទ្ធនាការ​នេះ ​គឺជា​ការ​ឆ្លើយ​តប​ផង​ដែរ​ទៅ​នឹង​យុទ្ធសាស្ត្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​បាន​ចាត់​ទុក​ទីក្រុង​ស្អាត​ គឺជា​ទីក្រុង​ដែល​គ្មាន​ថង់​ប្លាស្ទិក​ហើរ​តាម​ខ្យល់។ សកម្មភាព កែប សម្អាត កែប នាពេលនេះ ​ក៏​ជា​ការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ជា​សកល ពិសេស​លក្ខណៈ​ជា​សម្បត្តិ ចំណាត់ថ្នាក់​ទីក្រុង​ស្អាត ដែល​ខេត្ត/ក្រុងកែប បាន​ទទួល​ជ័យ​លាភី​ផ្កា​រំដួល​៣​ទង ​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ស្រប​ពេល​ដែល​ខេត្ត​មាត់សមុទ្រ​បាន​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៤ ក្រោម​ប្រធានបទ ឆ្នេរ​ស្អាត សេដ្ឋកិច្ច​រុងរឿង​នា​ពេល​ថ្មីៗ​នេះ ដែល​បាន​ស្រូប​ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ។​


គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ កែប សម្អាត កែប នា​ឆ្នាំនេះ​ គឺជា​លើក​ទី​៣ ដែល​អង្គការ ទឹកចិត្ត​ទាំង​បី បាន​ធ្វើ​ឡើង ហើយ​នៅ​ក្នុង​ឆ្នាំនេះ​មាន​សកម្មភាព​ថ្មី​មួយទៀត​គឺ ការឧបត្ថម្ភ​ឡ​ដុត​សំរាម​មួយ​ដល់​សាលា​អនុវិទ្យាល័យ​សង្គមរាស្ត្រនិយម​សម្រាប់​ដុត​សំរាម ហើយ​សង្ឃឹមថា សាលា​មួយ​នេះ​នឹង​ក្លាយទៅជា​សាលា​គំរូ​មួយ​ប្រចាំ​ទីក្រុង​៕


Pisey-2015-12-22-full-H41




យុទ្ធនាការ​រើស​សំរាម​នៅ​ឆ្នេរ​កែប​កម្ពុជា ​ក្រោម​ប្រធានបទ​”​កែប សម្អាត កែប​”

Post a Comment

0 Comments

Close Menu