Ad Code

នាយករដ្ឋមន្ត្រី​ចិន ៖ ទោះបី​ជា​មាន​បញ្ហា​អ្វី​ក៏ដោយ​គឺ​មិនអាច​បំបែក​ចំណងមិត្តភាព​ដ៏​រឹងមាំ​រវាង​ចិន​និង​កម្ពុជា​បាន​ឡើយ



​ភ្នំពេញ​ ៖​ លោក លឺ ខឹ​ឈាង នាយក​រដ្ឋមន្ត្រី​ចិន​បាន​ធ្វើ​ការធានា​អះអាង​ជា​ថ្មី​ទៀត​ចំពោះ​សម​ភាគី​កម្ពុជា​ថា « ទោះបី​ជា​មាន​បញ្ហា​អ្វី​ក៏ដោយ​គឺ​មិនអាច​បំបែក​ចំណងមិត្តភាព​ដ៏​រឹងមាំ​រវាង​ចិន​និង​កម្ពុជា​បានឡើយ ហើយ​ចិន​បន្ត​ជួយ​ដល់​កម្ពុជា​លើ​គ្រប់ផ្នែក​ទាំងអស់​»​។ នេះ​បើ​យោងទៅតាម​ប្រភព​ផ្តល់​ឲ្យ​ដោយ​អ្នកយកព័ត៌មាន​ពិស​ស​ទូរទស្សន៍​ជាតិ​កម្ពុជា។

ប្រភព​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃទី ២៨ ខែ មេសា នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង ធ្វើឡើង​នៅផ្ទះ​សំណាក់​រដ្ឋ​ទៀវ​អ៊ីថា​យ ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។



លោកនាយក​រដ្ឋមន្ត្រី​ចិន​មានប្រសាសន៍ថា «​អ្វី​ដែល​លោក​ចង់ឃើញ​គឺ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ និង បោះជំហាន​ទៅមុខ​និង​ការបម្រើ​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេស និង ប្រជាជន​ទាំងពីរ​ពិសេស​ចិន​នឹង​បន្ត​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា។ លោក​បន្ត​ថា ​ចិន​មាន​ឆន្ទៈ​ច្បាស់លាស់​ក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុ​ជាពិសេស​ពាក់ព័ន្ធ​ទៅ នឹង​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគ​នៅ​កម្ពុជា។ រដ្ឋាភិបាល​ចិន​នឹង​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ទាំងនោះ​បង្កើន ខ្សែ​សង្វាក់​ផលិត​បន្ថែម​ទៀត​នៅ​កម្ពុជា។ លោក​មានប្រសាសន៍​សង្កត់​ធ្ងន់​ថា បើ​ទោះបី​ជា​មាន​បញ្ហា​អ្វី​ក៏ដោយ​គឺ​មិនអាច​បំបែក​ចំណង​មិត្តភាព​ដ៏​រឹងមាំ​រវាង​ចិន​និង​កម្ពុជា​បាន​ឡើយ​ហើយ​ចិន​បន្ត​ជួយ​ដល់​កម្ពុជា​លើ​គ្រប់ផ្នែក​ទាំងអស់ »​។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អរគុណ​រដ្ឋាភិបាល​ចិន​ដែល​ផ្តើម​ពិភាក្សា​ជាមួយ​កម្ពុជា​ទាក់ទិន​ទៅនឹង​សហភាព​អឺរ៉ុប ដែល​ត្រៀម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ។ លើសពី​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានស្នើ​នៅ​ចំពោះមុខ​លោកនាយក​រដ្ឋមន្ត្រី​ចិន ឲ្យ​ជួយ​ជំរុញ​ក្រុមហ៊ុន​ចិន ឲ្យ​បន្ត​បណ្តាក់ទុន​វិនិយោគ​និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី​ចិន​ឆ្លើយ​ថា​ ចិន​នឹង​បន្ត​គាំទ្រ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ របស់​រដ្ឋាភិបាល​កម្ពុ​ជា​។ លោក​បន្ត​ថា ​ចិន​មាន​ឆន្ទៈ​ច្បាស់លាស់​ក្នុង​ការជួយ​ដល់​កម្ពុ​ជាពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគ​នៅ​កម្ពុជា​។ ទាក់ទិន​ទៅ នឹង​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​ស្នើ​ឲ្យ​ចិន​បន្ត​បើកចំហ​ទីផ្សារ​ដើម្បី​ទទួលយក​ផលិតផល​ពី​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី​ចិន បាន​តប​ថា ចិន​នឹង​ពិនិត្យ​លទ្ធភាព​គ្រប់បែបយ៉ាង ក្នុងការ​ទទួល​នូវ​ផលិតផល​ពី​កម្ពុជា​លើ​អ្វីដែល​ចិន​មាន​តម្រូវការ​ចាំបាច់​។

សម្តេច​តេ​ជោ​បន្ត​ថា កម្ពុជា​នឹង​បន្ត​ធ្វើ​កំណែ​ទំរង់​ផ្ទៃក្នុង​ខ្លួនឯង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ឲ្យ​កាន់​តែ​មាន​ល្បឿន​ខ្ពស់​ជាង​មុន។ ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះដែរ​សម្តេច​ក៏បាន​ស្នើ​ដល់​ភាគី​ចិន​ជួយ​ដល់​ខេត្ត ព្រះសីហនុ​លើ​ការគ្រប់គ្រង ពិសេស​ជួយ​ដល់​បញ្ហា​ទឹក​កខ្វក់​តាមរយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​អភិវឌ្ឍ​ទឹក​ស្អាត និង​ការអភិវឌ្ឍ​ជនបទ​ដើម្បី​ឲ្យ​ខេត្ត​ព្រះសីហនុ ក្លាយជា​ខេត្ត​គំរូ​នៃ​ការ​នុ​វត្ត​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​នេះ​។

​បន្ទាប់ពី​ជំនួប​ពិភាក្សា​ដែល​បាន​ចំណាយពេល​ប្រមាណ​២៥​នាទី​កាលពី​ថ្ងៃទី​២៨ ខែ មេសា ២០១៩ នៅ​ទីក្រុង ប៉េកាំង​ប្រទេស​ចិន​រួចមក​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​លោក លី ឃឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​៦ ក្នុងនោះ​រួមមាន​៖

ទី​១-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​បញ្ជី​គម្រោង​គន្លឹះ​វង់​ទី​២​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ស​ម​ត្ថ​ភាព​ផលិត​និង​ការ​វិនិយោគ​ចុះហត្ថលេខា រវាង​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជាមួយ​លោក ចាង យុង អនុប្រធាន​គណៈកម្មកា​រ​កំណែ​ទំរង់​និង​អភិវឌ្ឍន៍​ជាតិ​។



​ទី​២-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​នៃ​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​គយ​ចុះហត្ថលេខា​រវាង​លោ​កត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជាមួយ​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​វិសាមញ​និង​ពេញ​សមត្ថភាព សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

ទី​៣-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ស្តីពី​ការនាំ​អង្ករ​កម្ពុជា​ចំនួន ៤០ ម៉ឺន​តោន​ចូល​ទីផ្សារ​ចិន​ចុះហត្ថលេខា​រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ លោក លូ ជុន ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម COFCO ។

ទី​៤- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្រោម​យុទ្ធសាស្ត្រ​ចតុកោណ និង គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ចុះ​ហត្ថ​លេខា​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក លីវ លាន​កី ប្រធាន​ធនាគារ​ចិន​។

​ទី​៥-​ផែនការ​សកម្មភាព​ស្តី​ពី​ការបង្កើត​សហគមន៍​វាសនា​រួម​កម្ពុជា​ចិន​ចុះហត្ថលេខា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមួយ​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី ក្រសួងការបរទេស​ចិន​។

ទី​៦-​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​បច្ចេកទេស​ជា​ហិរញ្ញប្បទាន​ឥត​សំណង​ចុះហត្ថលេខា​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អភិ​ឌ្ឍ​អន្តរជាតិ​របស់​ប្រទេស​ចិន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu