ភ្នំពេញ ៖ ថ្មីៗនេះ មានការផ្សព្វផ្សាយនូវពាក្យបណ្ដឹងមួយ ដែលអះអាងថា ជារបស់នាយនគរបាល នាយនគរបាលរង និងមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលមានកម្មវត្ថុប្តឹងលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយរៀបរាប់ ពីភាពមិនប្រក្រតីចំនួន១៦ចំណុច ប៉ុន្តែលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន អះអាងថា រឿងនេះកើតចេញពីការបង្ក្រាបទីតាំងជល់មាន់ ហើយលោកមិនមានអ្វីបារម្ភទេ ដោយសារលោកមិនបានធ្វើអ្វីដូចជាការចោទប្រកាន់នោះទេ។
យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ មានស្នាមមេដៃ តែមិនមានឈ្មោះ ដែលកម្ពុជាថ្មីទទួលបានបញ្ជាក់ថា “យើងខ្ញុំទាំងអស់គ្នាជានាយនគរបាល នាយនគរបាលរងនិងមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សុំប្តឹងលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល អំពីការដឹកនាំដោយប្រើអំណាចផ្តាច់ការ ធ្វើបាបកូនចៅ និងប្រព្រឹត្តអំពើពុករលួយ”។ នៅក្នុងបណ្តឹងនេះមាន១៦ចំណុច ដែក្នុងនោះ មានកាត់ប្រាក់បោះឆ្នោតជាតិ និងក្រុមប្រឹក្សាឃុំជាដើម។
ទាក់ទងបញ្ហានេះ នាយឧត្ដមសេនីយ៍ ខៀវ សុភគ៌ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់កម្ពុជាថ្មី កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ថា លោកលឺដែរបញ្ហានេះ តែរហូតមកទល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នេះ ខាងខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ពុំទាន់ទទួលបានពាក្យបណ្ដឹងនេះនៅឡើយទេ។
ចំណែកលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងប្រាប់កម្ពុជាថ្មី កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដែរថា ពាក្យបណ្ដឹងនេះ កើតឡើងក្រោយពីលោកទទួលបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចុះបង្ក្រាបល្បែងជល់មាន់ដ៏ធំមួយនៅស្រុកស្អាង កាលពីពេលថ្មីៗនេះ និងការសម្រេចបញ្ឈរជើងលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង, លោកវរសេនីយ៍ទោ ស៊ុប លាងសែ អធិការរងនគរបាលស្រុកស្អាង និងលោកអនុសេនីយ៍ទោ ជៃ សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល។
លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់យ៉ាងនេះថា “អ្វីៗគ្រប់យ៉ាងវាទាក់ទិនករណីបង្ក្រាបល្បែងស៊ីសងនៅស្អាងហ្នឹងឯង។ ឥឡូវយើងស៊ើបទៅមាន៤កន្លែងនោះ នៅឃុំទឹកវិល ឃុំព្រែកអំបិល ឃុំខ្ពក ស្វាយបន្ទាល លេងធំៗណាស់ ហើយចុះហ្នឹងអនុវត្តតាមបញ្ជារបស់លោកអគ្គ ដែលបានបញ្ជាឲ្យទៅបង្ក្រាបល្បែងស៊ីសង ពីព្រោះអាហ្នឹងវាស្ថិតនៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព តែនៅស្រុកហ្នឹង គេបែរជាបើកដៃឲ្យលេងទៅវិញ និងមានបញ្ជាថា ត្រូវតែយកមកធ្វើការត្រួតពិនិត្យ ដក៣នាក់ហ្នឹងមកបណ្តោះអាសន្ន ដើម្បីពិនិត្យមើលការងាររដ្ឋបាលទាក់ទងនិងកិច្ចការដឹកនាំនៅក្នុងស្រុកមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហេតុអីបណ្តោយឲ្យមានល្បែងច្រើនបែបនេះ តែគេអត់ទទួល គេថា គេអត់ដឹងអីទាំងអស់។ ចឹងយើងមានតែស៊ើបតាមបែបព្រហ្មទណ្ឌវិញ សំណុំរឿងហ្នឹងមានលទ្ធផលជាបន្តបន្ទាប់ បន្តិចទៀតចេញហើយ”។
ទោះជាយ៉ាងណាមកដល់ពេលនេះ គេនៅមិនទាន់ឃើញមន្ត្រីនគរបាល ឬអ្នកណាម្នាក់ចេញមុខ អះអាងថា ជាម្ចាស់បណ្តឹងនៅឡើយទេ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ប៉ូលិសខេត្តកណ្តាល បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ មានដូចជា សង្វៀន ជល់មាន់ និងវង់អាប៉ោង នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ នៅពេលចុះបង្ក្រាបនោះ ដែលស្ថិតក្នុងទីតាំងលេងល្បែងបាននាំគ្នារត់ជាន់ជើងគ្នាចោលម៉ូតូ ឡាន ប៉ុន្តែសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន០៤នាក់។
ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បានបើកឲ្យលេង រយៈពេល៥ថ្ងៃមកហើយ ដោយអាជ្ញាធរមូលដ្ឋានធ្វើមិនមិនឮ រហូតមកដល់ថ្ងៃទី១៤ ខែមេសា នេះ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាផ្ទាល់ឲ្យកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងតម្រួតបទបញ្ជា និងអន្តរាគមន៍ សេនាធិការ និងកម្លាំងវរព្រំដែនជើងគោក៦០៥ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ចុះប្រតិបត្តិការបង្ក្រាបតែម្តង។
ជនសង្ស័យជាច្រើននាក់បានរត់គេចខ្លួន សមត្ថកិច្ច ស្ទាក់ឃាត់ខ្លួនបាន០៤នាក់ រួមមាន
១. ឈ្មោះ ឈុន ហួរ ភេទប្រុស អាយុ៤៤ឆ្នាំ ភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ២.ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិចំប៉ាលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ៣. ឈ្មោះ ខេង មករា ភេទប្រុស អាយុ២៥ឆ្នាំ ភូមិស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ៤. ឈ្មោះ គៀង ហៀង ភេទប្រុស អាយុ ៣១ឆ្នាំ ភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
ចំណែកម្ចាស់សង្វៀនជល់មាន់ដ៏ធំឈ្មោះ អ៊ន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិចុងកោះ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល រត់គេចខ្លួន។ វត្ថុតាងដែលចាប់បានមានដូចជា មាន់ជល់០៦ក្បាល (ងាប់០២ក្បាល) ជញ្ជីង០១ ស្កុតរុំជើងមាន់៤ប្រអប់ធំ កន្ត្រក់ដាក់មាន់០៩ កៅអី៥៩ ម៉ូតូ ៨១គ្រឿង និងឡាន០២គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments