Ad Code

កម្ពុជា​ទទួលបាន​កូតា​នាំចេញ​អង្ករ ទៅកាន់​ប្រទេស​ចិន ៤០​ម៉ឺន​តោន​ទៀត​



ប៉េកាំង​, ចិន​៖ ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន​សាជីវកម្ម​កូ​ហ្វ​កូ (COFCO) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិការ​នាំ​អង្ករ​កម្ពុជា​ចំនួន ៤០​ម៉ឺន​តោន ចូលទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ ក្រសួងពាណិជ្ជកម្ម។

ពិធី​ចុះ​អនុស្សរណៈ​ដ៏​សំខាន់​នេះ ត្រូវ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែមេសា ឆ្នាំ២០១៩ រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក លូ ជុន ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម COFCO ដោយមាន​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។



គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ក្រសួងពាណិជ្ជកម្ម តាមរយៈ​ក្រុមហ៊ុន ហ្គ្រី​ន ត្រេ​ដ ដែលជា​សេនាធិការ បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម COFCO នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើ​ការរៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) សម្រាប់​ពាណិជ្ជកម្ម​អង្ករ​កម្ពុជា ដែល​ត្រូវ​នាំចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។ ជា​លទ្ធផល​ភាគី​ទាំងពីរ បាន​ព្រមព្រៀងគ្នា​លើ​ចំណុច​សំខាន់ៗ ដូចជា ពាណិជ្ជកម្ម​អង្ករ​ ៖ ភាគី​ចិន យល់ព្រម​ទិញ​អង្ករ ផ្កាម្លិះ អង្ករ​ក្រអូប អង្ក​រស និង​ចុងអង្ករ របស់​ប្រទេស​កម្ពុជា ក្នុង​បរិមាណ ៤០​ម៉ឺន​តោន ចាប់ពី​ខែសីហា ឆ្នាំ​២០១៩ រហូតដល់​ចុងខែ​ធ្នូ ឆ្នាំ​២០២០​។ យន្តការ​អនុវត្ត​៖ អនុស្សរណៈ​នេះ​នឹង​ចូល​ជា​ធរមាន​ភ្លាម បន្ទាប់ពី​គូភាគី​ទាំងពីរ អនុវត្ត​បញ្ចប់​ដោយ​ជោគជ័យ​នូវ​អនុស្សរណៈ​ដំបូង ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ស្តីពី​ការចូល​អង្ករ​ចំនួន ៣០​ម៉ឺន​តោន​។

យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច គូភាគី នឹង​បង្កើត​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​រួម ដើម្បី​តាមដាន​ការអនុវត្ត​អនុស្សរណៈ​រៀងរាល់​ត្រីមាស ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កើតឡើង​ជាយថាហេតុ កំឡុង​ពេល​អនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu