ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ណែនាំឲ្យ ថ្នាក់ដឹកនាំ បែងចែកភារកិច្ច និងការទទួលខុសត្រូវ ដើម្បីបន្តពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារអាជ្ញាធរទន្លេសាបឲ្យបានកាន់តែប្រសើរថែមទៀត ឲ្យស្របទៅតាមការកែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោសែន។
ក្រសួងបានឲ្យដឹងថា នាព្រឹកថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំអាជ្ញាធរទន្លេសាប លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំសំណេះសំណាលលើការងារអាជ្ញាធរទន្លេសាប។
ថ្លែងក្នុងកិច្ចប្រជុំ លោក រដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរទន្លេសាប បានជម្រាបអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចទូទៅនាពេលបច្ចុប្បន្ននៅកម្ពុជា និងអំពីបេសកកម្ម និងសមិទ្ធផលការងារដែលអាជ្ញាធរទន្លេសាបសម្រេចបានរហូតមកដល់ពេលនេះ និងការងារជាអាទិភាពដែលត្រូវបំពេញចំពោះមុខ។ លោក រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរទន្លេសាប និងសមិទ្ធផលការងារដែលសម្រេចបានរហូតមកដល់ពេលបច្ចុប្បន្ននេះ។
បន្ទាប់ពីបានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់គ្នារួចហើយ និងក្នុងគោលបំណងដើម្បីបន្តពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារអាជ្ញាធរទន្លេសាបឲ្យបានកាន់តែប្រសើរថែមទៀត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត លោករដ្ឋមន្ត្រី បានណែនាំ និងផ្តាំផ្ញើដូចខាងក្រោម - ត្រូវរៀបចំធ្វើការបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងចំណោមថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប។ - កសាងមូលដ្ឋានបច្ចេកទេសឲ្យបានរឹងមាំ តាមរយៈការសិក្សាស្រាវជ្រាវឲ្យបានកាន់តែសកម្មថែមទៀត។- ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញជាប្រចាំ និងសុខុមនីយកម្មការងារ៕
Source: Kampuchea Thmey Daily
0 Comments