ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ថ្នាក់ខេត្ត កាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅ នៅលើទីលាន៨ខេត្តផ្សេងគ្នា ស្រូបទាញបានអ្នកចូលទស្សនាសរុបជិត៤០០០នាក់ ក្នុងនោះកីឡដ្ឋានខេត្តរតនគិរី ទទួលបានអ្នកចូលទស្សនាច្រើនជាងគេ រហូតដល់ទៅ ១០៤២នាក់។ នេះបើយោងតាមទិន្នន័យដែលបញ្ចេញដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)។
ប្រភពបានសរុបចំនួនអ្នកទស្សនាដែលចូលតាមដានការប្រកួតទាំង៨ប្រកួតថា ខេត្តសៀមរាប ជាមួយ ខេត្តកំពង់ស្ពឺមានអ្នកទស្សនា៣០០នាក់ ប្រកួតខេត្តព្រៃវែង ជាមួយ ខេត្តបាត់ដំបងមានអ្នកទស្សនា២៨៥នាក់ ប្រកួតខេត្តកែប ជាមួយ ខេត្តបន្ទាយមានជ័យ មានអ្នកទស្សនាចំនួន ៥៧២នាក់ ខេត្តត្បូងឃ្មុំ ជាមួយខេត្តពោធិ៍សាត់ មានអ្នកទស្សនាចំនួន៩០០នាក់ ខេត្តកំពត ជាមួយ មណ្ឌលគិរី មានអ្នកទស្សនាចំនួន ២៥០នាក់ ខេត្តកំពង់ធំ ជាមួយ ខេត្តព្រះវិហារ មានអ្នកទស្សនាចំនួន ១០០នាក់ ខេត្តរតនគិរី ជាមួយមានអ្នកទស្សនាចំនួនខេត្តតាកែវ ១០៤២នាក់ ខេត្តកោះកុង ជាមួយ ខេត្តស្វាយរៀង មានអ្នកទស្សនាចំនួន៥៣០នាក់។
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ដែលរៀបចំឡើងដោយគណៈកម្មាការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(ស.ប.ក) បានចាប់ផ្ដើមពីចុងខែកុម្ភៈ មកម្ល៉េះដោយមានការប្រកួតបែងចែកចេញជា ២វគ្គដូចកាលពីឆ្នាំ២០១៨ដែរគឺវគ្គប្រកួតជម្រុះថ្នាក់ខេត្ត និងវគ្គប្រកួតជម្រុះថ្នាក់ជាតិ។
ការប្រកួតវគ្គថ្នាក់ខេត្តចាប់ផ្ដើមមុនគេដោយចាប់ប្រកួតពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈមានក្រុមទាំងអស់ចំនួន ២៣ចូលរួម មកពី២៣ខេត្ត ដែលបែងចែកចេញជា ៦ពូលដែល១ពូលមាន ៤ក្រុម លើកលែងតែពូល F ដែលមានតែ៣ក្រុមធ្វើការប្រកួតចំនួនមួយជើងប៉ុណ្ណោះ រៀងរាល់ថ្ងៃអង្គារនិងថ្ងៃពុធ នៃសប្ដាហ៍នីមួយៗ។ ពេលនេះកម្មវិធីប្រកួតបានស្វែងរកឃើញក្រុមឡើងដល់វគ្គ៨ក្រុមចុងក្រោយហើយដោយក្នុងនោះមានក្រុមខេត្តសៀមរាប,ក្រុមខេត្តកែប,ក្រុមខេត្តព្រៃវែង,ក្រុមខេត្តកំពត,ក្រុមខេត្តកំពង់ធំ,ក្រុមខេត្តត្បូងឃ្មុំ ,ក្រុមកោះកុង និងរតនគីរី។
បន្ទាប់មកក្រុមដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃវគ្គថ្នាក់ខេត្តចំនួន២ក្រុម នឹងទទួលបានកៅអីឡើងមកប្រកួតវគ្គថ្នាក់ជាតិ បន្តទៀតជាមួយក្រុមចំនួន១៤ ដែលជាសមាជិកនៃលីគកំពូលកម្ពុជា រដូវកាល២០១៩ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ចាប់ពីថ្ងៃទី១៩ ខែមិថុនាប្រកួតចំនួន២ជើង (ក្នុងដី និងក្រៅដី) លើកលែងតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលប្រកួតតែ ១ជើងវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments