ប្រទេសថៃ ៖ យុវជនម្នាក់ ដែលជាពលករខ្មែរ ឆ្លងដែនទៅធ្វើការនៅឯប្រទេសថៃ ត្រូវខ្សែចរន្តអគ្គិសនី ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលជនរងគ្រោះ បានលូនចូលទៅឆ្កឹះយកបាល់ដែលបានរត់ចូលទៅក្រោមបន្ទប់ស្នាក់នៅរបស់កម្មករ ហើយបានប៉ះទៅនឹងជញ្ជាំងស័ង្កសី ដែលមានចរន្តឆ្លង បណ្តាលអោយឆក់តែម្តង។
យោងតាមរបាយការណ៍ ដែលយើងទទួលបានគឺ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៤ និង ៣០ នាទី ល្ងាច ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចក្បែរផ្លូវសុខុមវីត ស្ថិតក្នុងភូមិ៧ ឃុំបានកៅ ស្រុកផានថង ខេត្តឈុនបុតី ប្រទេសថៃ។
សាក្សីម្នាក់ឈ្មោះ ណាន ធៀនតឿ ភេទប្រុស អាយុ៣២ឆ្នាំ ជាពលករខ្មែរដូចគ្នា ដែលបានឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកបាននិយាយថា ថ្ងៃកើតហេតុគឺជាថ្ងៃឈប់សម្រាកពីការងាររបស់ពលករគ្រប់រូប ក៏ដូចជាមន្ត្រីរាជការដែរ។ នៅល្ងាចនោះ ជនរងគ្រោះ ដែលមានឈ្មោះ កង កឿយ ភេទប្រុស អាយុ២៣ឆ្នាំ ជាមួយនឹងមិត្តភក្តិជាច្រើនរូប បាននាំគ្នាលេងបាល់ទះនៅនឹងវាលមួយកន្លែង ក្បែរកន្លែងសម្រាករបស់ពលករខ្មែរ។
សាក្សីបានបន្តថា នៅពេលនោះដែរ បាល់បានខ្ទាតរត់ចូលទៅក្រោមកន្លែងបន្ទប់សម្រាកទើបជនរងគ្រោះបានយកឈើលូកចូលទៅឆ្កឹះតែមិនដល់បាល់ ហើយគេក៏បានលូនចូលទៅបន្ថែមទៀត ដែលនៅពេលនោះដើមដៃ របស់ជនរងគ្រោះបានប៉ះទៅនឹងជញ្ជាំងស័ង្កសី ស្រាប់តែជនរងគ្រោះប្រកាច់ រួចបាត់មាត់ស្តូកស្តឹងនៅក្បែរជញ្ជាំងនោះតែម្តង ទើបធ្វើអោយមានការឆោឡោឡើង នៅពេលនោះដែរក៏មានតម្រួតចុះមកពិនិត្យភ្លាមៗទៅលើទីតាំងកើតហេតុ ដោយបានរកឃើញថា នៅខាងលើដំបូលនៃបន្ទប់ស្នាក់នៅរបស់កម្មករឆ្លងដែនមានខ្សែភ្លើងរត់កាត់ពីលើ ហើយនៅជាប់នឹងស័ង្កសីតែម្តង លុះពេលមានខ្យល់បក់មកធ្វើអោយខ្សែភ្លើងនោះមុតនឹងស័ង្កសី និងដាច់សំបកឆ្លងចរន្តទៅនឹងស័ង្កសីទាំងអស់តែម្ដងដោយមិនមាននរណាដឹងទាល់តែសោះ។
ក្រុមតម្រួតបានហៅអ្នកគ្រប់គ្រងទីតាំងនេះ មកសួរនាំ និងធ្វើការស្រាវជ្រាវ រកមុខអ្នកដែលតខ្សែភ្លើងនេះ ដើម្បីនាំខ្លួនទៅកាន់អធិការដ្ឋាន និងទទួលទោសទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments