ពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី (Malaysia Super League) រដូវកាលឆ្នាំ២០១៨ បានប្រកួតបញ្ចប់សប្ដាហ៍ទី១៤ របស់ខ្លួនកាលពីចុងសប្ដាហ៍ថ្មីៗនេះ ស្របពេលក្រុម ដែលកីឡាកររបស់កម្ពុជា ១រូបកំពុងប្រកបអាជីពនៅទីនោះ Teregganu FA របស់ ធារី ចន្ថាប៊ីន រកបានពិន្ទុបន្ថែម កាន់តែមានឱកាសប្រជែងនៅតំបន់កំពូលតារាង។
សរុបកម្មវិធីប្រកួតប្រចាំសប្ដាហ៍ទី១៤នេះឃើញថា ក្រុមកំពូលតារាង Jorhor ត្រូវឈ្នះក្រុម Pahang FA អតីតក្រុមរបស់ចាន់ វឌ្ឍនាកា ១ទល់០ នៅថ្ងៃសុក្រ ទី៨ ខែមិថុនា ឆ្នាំ២០១៨ ហើយក្រុមបាតតារាង Kelantan ចាញ់ក្រុម Kedah ១ទល់០។ នៅថ្ងៃសៅរ៍ ទី៩ ខែមិថុនា វិញក្រុម Prak ឈ្នះក្រុម Negeri Sembilan ២ទល់០ ហើយក្រុម Terengganu FA របស់ ធារី ចន្ថាប៊ីន ឈ្នះក្រុម PKNP អតីតក្រុមរបស់ កែវ សុខផេង ១ទល់០ និងក្រុម Melaka United ចាញ់ក្រុម Kuala Lumpur ៤ទល់២។ នៅថ្ងៃអាទិត្យទី១០ ខែមិថុនា វិញក្រុម PKNSស្មើគ្នាជាមួយក្រុម Selangor ២ទល់២។
លីគកំពូលម៉ាឡេស៊ី ឆ្លងកាត់១៣ប្រកួតមកនេះក្រុមTerengganu របស់ ធារី ចន្ថាប៊ីន នៅតែត្រូវការពិន្ទុបន្ថែមដើម្បីប្រជែងកំពូលតារាងជាមួយក្រុមខ្លាំងJorhor និងក្រុម Pahang FA ជាក្រុមចាស់របស់ ចាន់ វឌ្ឍនាកា ក្រុម Perak ក្រុមKedah និងក្រុម PKNS ជាដើម។ ចំណែកក្រុម Negeri Sembilan អតីតក្រុមរបស់ ប្រាក់ មុន្នីឧត្តម ក៏ត្រូវការពិន្ទុដែរដើម្បីគេឱ្យផុតពីតំបន់ ដែលត្រូវកាត់ចេញឱ្យទៅលេងពានរង្វាន់លីគលំដាប់ទី២ របស់ម៉ាឡេស៊ី។
ពានរង្វាន់លីគកំពូលម៉ាឡេស៊ី មានក្រុមសរុបចំនួន១២ក្រុមដោយតម្រូវឱ្យក្រុមទាំងអស់ប៉ះគ្នាចំនួន២លើក (២ជុំ) ហើយក្រុមដែលមានពិន្ទុច្រើនជាងគេនៅចប់រដូវកាលនឹងឈ្នះជើងឯកនឹងទទួលកៅអីឡើងទៅលេងក្នុងពានរង្វាន់ AFC Champion League 2019 ផងដែរ។ តាមគ្រោងការប្រកួតនឹងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ មុនក្រុមជម្រើសជាតិរបស់ប្រទេសនេះត្រៀមប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2018។
សូមបញ្ជាក់ថា កម្ពុជា មានកីឡាករឆ្នើមៗចំនួន៤រូបចេញទៅប្រកបអាជីពនៅពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី នៅដើមរដូវកាលឆ្នាំ២០១៨ នេះដោយក្នុងនោះមានកែវ សុខផេង លេងនៅក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និងកីឡាករ ធារី ចន្ថាប៊ីន ទៅកាន់ក្លិបTerengganu FC និងកីឡាករ ប្រាក់ មុន្នីឧត្តម លេងនៅក្លិបNegeri Sembilan។ ក្នុងចំណោមអ្នកទាំង៤មានតែកីឡាករ កែវ សុខផេង ប៉ុណ្ណោះ ដែលរកគ្រាប់បាល់ឱ្យក្រុមបានមុនគេ។ ប៉ុន្តែពេលនេះ កែវ សុខផេង ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ត្រូវបានក្លិបដកចេញពីបញ្ជីក្នុងក្រុម ដោយនៅសល់តែ ធារី ចន្ថាប៊ីន ម្នាក់ប៉ុណ្ណោះ។ លក្ខណៈពិសេសរបស់កីឡាករទាំង៤នេះគឺទទួលបានប្រាក់បៀវត្សខ្ទង់ពាន់រហូតដល់ខ្ទង់ម៉ឺនដុល្លារអាមេរិក ព្រមទាំងមានផ្ទះស្នាក់នៅមួយ ឡានជិះ១គ្រឿង និងមានប្រាក់រង្វាន់ផ្សេងៗទៀតផងដដែរ៕
Source: Kampuchea Thmey Daily
0 Comments