ពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ក្រោមការរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចប់កម្មវិធីប្រកួតរបស់ខ្លួនហើយ ខណៈក្រុមជាសមាជិកទាំង១២បានបំប៉ោងសំណាញ់ទីគ្នារហូតដល់៤០គ្រាប់នៅសប្ដាហ៍ទី២២ដែលជាសប្ដាហ៍ចុងក្រោយ។
សរុបលទ្ធផលប្រចាំសប្ដាហ៍ទី២២ ឃើញថានៅថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមណាហ្គាវើល ឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៦ទល់២ លើទីលានពហុកីឡដ្ឋានជាតិ ខណៈក្រុមអគ្គីសនីកម្ពុជា ចាញ់ក្រុមក្រសួងការពារជាតិ ៩ទល់១ លើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជានិងក្រុមវេស្ទើនភ្នំពេញ ចាញ់ក្រុមអាស៊ីអឺរ៉ុប ៧ទល់៣ លើទីលានកីឡដ្ឋានវេស្ទើន។ ចំណែកនៅថ្ងៃអាទិត្យ ទី៣០ខែកញ្ញា ឆ្នាំ២០១៨ វិញក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះក្រុមវិសាខា៥ទល់៤ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង ខណៈក្រុមបឹងកេត ចាញ់ក្រុមភ្នំពេញក្រោន២ទលល់១ លើទីលានពហុកីឡដ្ឋានជាតិ និងក្រុមសូលទីឡូអង្គរ ស្មើគ្នាជាមួយក្រុមអង្គរថាយហ្គឺរ ០ទល់០ លើទីលានកីឡដ្ឋានខេត្តសៀមរាប។
សម្រាប់តារាងចំណាត់ថ្នាក់ប្រចាំរដូវកាលឃើញថា ក្រុមណាហ្គាវើល ឡើងឈរកំពូលតារាង មាន៥៦ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បឹងកេតអែហ្វស៊ី មាន៤៩ពិន្ទុ ហើយក្រុមវិសាខា ឈរលេខ៣ មាន៤៥ពិន្ទុ។ ក្រុមលេខ៤ក្រសួងការពារជាតិ មាន៤២ពិន្ទុ ខណៈក្រុមលេខ៥ ភ្នំពេញក្រោន មាន៣៦ពិន្ទុ ក្រុមលេខ៦ ព្រះខ័នរាជស្វាយរៀង មាន៣៣ពិន្ទុ ក្រុមលេខ៧អាស៊ីអឺរ៉ុប មាន៣០ពិន្ទុ ហើយក្រុមលេខ៨អង្គរថាយហ្គឺរ មាន២៨ពិន្ទុ ក្រុមលេខ៩ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ មាន២៤ពិន្ទុហើយក្រុមលេខ១០ សូលទីឡូអង្គរ មាន២០ពិន្ទុ ស្របពេលក្រុមអគ្គីសនីកម្ពុជា ឈរលេខ១១មាន៩ពិន្ទុ និងក្រុមវេស្ទើនភ្នំពេញ ឈរលេខ១២ មាន១ពិន្ទុ។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងមាន២២សប្ដាហ៍ ដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ខែមីនា ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម៕
Source: Kampuchea Thmey Daily
0 Comments