Ad Code

SCG បន្ត​គាំទ្រ​សិស្ស ក្នុង​កម្មវិធី​ចែក​លំ​លែ​ក​ក្ដី​សុបិន នូវ​អាហារូបករណ៍​រយៈពេល​វែង នៅ​សកល​វិទ្យាល័យ



ភ្នំពេញ​ ៖ អេស​ស៊ីជី (SCG) ដែល​ជា​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ាន បានផ្ដល់​អាហារូបករណ៍​ថ្នាក់​សកល​វិទ្យាល័យ​ដល់​និស្សិត​ចំនួន​១០​រូប ដែល​ជា​សិស្ស​ពូកែ ចេះ​គោរព​ដល់​អ្នកដទៃ និង​មាន​ទឹកចិត្ត​មុតមាំ​ក្នុង​ការ​បន្ត​ការសិក្សា ហើយ​អាហារូបករណ៍​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​អាហារូបករណ៍ “​អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន​” ដែល​កម្មវិធី​នេះ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្ដល់​ឱកាស​សិក្សា​ល្អប្រសើរ​សម្រាប់​សិស្សានុសិស្ស នៅតាម​បណ្ដា​ប្រទេស ដែល​ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​។

នាយក​ក្រុមហ៊ុន អេស​ស៊ីជី ប្រចាំ​ប្រទេស​កម្ពុជា​លោក ស៊ុម​វ៉ាង ម៉ាន​ភី​ម៉ុ​ន​ឆាយ (Somwang Manpimonchai) បាន​មានប្រសាសន៍​ទៅកាន់​ក្រុម​និស្សិត​អាហារូបករណ៍​ក្នុង​ពិធី​ប្រគល់​ប្រាក់​អាហារូបករណ៍ នៅ​ឯ​ការិយាល័យ​របស់​ក្រុមហ៊ុន​អេស​ស៊ីជី​ប្រចាំ​ទីក្រុង​ភ្នំពេញ​ថា ក្រុមហ៊ុន​អេស​ស៊ីជី​មានការ​តាំងចិត្ត​ក្នុង​ការ​គាំទ្រ​ដល់​និស្សិត​កម្ពុជា ដែល​មាន​អត្ត​ចរិតល្អ និង​មានការ​តាំងចិត្ត​ក្នុង​ការបន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិក្សា​។

លោក​បញ្ជាក់ថា “​យើង​ជឿ​ថា ការអប់រំ​គឺជា​គន្លឹះ​សំខាន់​សម្រាប់​កំណើន​ប្រកបដោយ​ចីរភាព​សម្រាប់​តំបន់​អាស៊ាន ក៏ដូចជា​ប្រទេស​កម្ពុជា​។ គោលបំណង​របស់​យើង​គឺ​ធ្វើ​យ៉ាង​ណា ជួយ​គាំទ្រ​ដល់​និស្សិត ដែល​នឹង​ជួយ​រួមចំណែក​ដល់​សហគមន៍​មូលដ្ឋាន​របស់​ខ្លួន​វិញ​ទៅ​ថ្ងៃក្រោយ​។ យើង​ចង់​ឲ្យ​និស្សិត​អាហារូបករណ៍​បានសម្រេច​គោលដៅ​របស់​ខ្លួន និង​ក្លាយជា​ពលរដ្ឋ​ល្អ តាមរយៈ​ការប្រើប្រាស់​ចំណេះដឹង​របស់ខ្លួន ដើម្បី​តបស្នង​ដល់​សង្គម​របស់ខ្លួន​វិញ​”​។



ចំណែក​កញ្ញា ឈន សុខ​អាយ ជា​និស្សិត​អាហារូបករណ៍​អេស​ស៊ីជី ដែល​បច្ចុប្បន្ន​កំពុង​សិក្សា​មុខវិជ្ជា​វេជ្ជសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ន័​រ​តុ​ន បាន​ចែករំលែក​ពី​ដំណើររឿង​របស់​គាត់ ក្រោយពេល​ចប់​ពិធី​ប្រគល់​អាហារូបករណ៍​ដល់​និស្សិត​ទាំងនោះ​។ កញ្ញា​បញ្ជាក់ “​អាហារូបករណ៍​នេះ​គឺជា​ស្ពាន​ដើម្បី​សម្រេច​ក្ដី​សុបិន​របស់ខ្ញុំ​ឲ្យ​បាន​។ ខ្ញុំ​ចង់​ក្លាយជា​គ្រូពេទ្យ បន្ទាប់ពី​មើល​ឃើញ​ថា មនុស្ស​ជាច្រើន​មិន​មាន​លទ្ធភាព​ចំណាយ​លើ​ថ្លៃ​ព្យាបាល​បាន​។ ប៉ុន្តែ ការសិក្សា​មុខវិជ្ជា​វេជ្ជសាស្ត្រ​នេះ ត្រូវការ​ប្រាក់​ដើម្បី​ចំណាយ​ច្រើន ធ្វើ​ឲ្យ​គ្រួសារ​ពិបាក​។ នេះ​ជា​រឿង​លំបាក​សម្រាប់​ខ្ញុំ ដូច្នេះ ខ្ញុំ​បាន​ចំណាយពេល​ទំនេរ​ដើម្បី​រក​ប្រាក់​ខ្លះ​ដោយ​ធ្វើការ​ក្រៅ​ម៉ោង​។ ខ្ញុំ​សូម​អរគុណ​ដល់​កម្មវិធី​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន ដែល​បាន​ផ្ដល់​អាហារូបករណ៍​នេះ​មកដល់​រូប​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ផ្ដោត​លើ​ការសិក្សា​បាន​កាន់​តែ​ខ្លាំង និង​សម្រេច​គោលដៅ​ក្លាយជា​វេជ្ជបណ្ឌិត​ល្អ​ម្នាក់​”​។

​និស្សិត​ម្នាក់ទៀត​ឈ្មោះ ខាន់ សំណាង បាន​ទទួល​ការ​គាំទ្រ​ពី​កម្មវិធី​អាហារូបករណ៍ “​អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន​” តាំងពី​វិទ្យាល័យ​មក ហើយ​បច្ចុប្បន្ន​ក៏បាន​ទទួល​អាហារូបករណ៍​ពី​អេស​ស៊ីជី​សម្រាប់​ថ្នាក់​សកលវិទ្យា​ល័យ​បន្ត​ទៀត​។ សំណាង​បាន​និយាយ​ថា “​ខ្ញុំ​មានបំណង​ក្លាយជា​វិស្វករ​សំណង់​ស៊ីវិល​មួយ​រូប ហើយ​ចង់​ប្រើប្រាស់​ជំនាញ និង​ចំណេះដឹង​របស់ខ្ញុំ​ដើម្បី​ចូលរួម​ចំណែក​ដល់​ប្រទេស​របស់ខ្ញុំ ក្នុង​ការ​អភិវឌ្ឍ និង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​។

ក្រោយពី​ទទួល​បាន​អាហារូបករណ៍​សម្រាប់​ការសិក្សា​នៅ​វិទ្យាល័យ ទើប​ខ្ញុំ​មាន​ទឹកចិត្ត និង​បានដឹង​ពី​របៀប​ដើម្បី​តបស្នង​ដល់​សង្គម​វិញ​។ សព្វថ្ងៃ ខ្ញុំ​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ ហើយ​ខ្ញុំ​កំពុង​ខិត​ទៅ​រក​ការ​សម្រេចបាន​ក្ដី​សុបិន​របស់ខ្ញុំ​ហើយ​”។

និស្សិត​អាហារូបករណ៍​សកលវិទ្យាល័យ​ទាំង​១០​រូប​នេះ សុទ្ធតែ​ធ្លាប់​ទទួល​បាន​អាហារូបករណ៍​នៅ​ថ្នាក់​វិទ្យាល័យ ក្រោម​កម្មវិធី​អាហារូបករណ៍ “​អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន​”​។ ក្រៅ​ពី​នេះ ក្រុមហ៊ុន​អេស​ស៊ីជី នឹង​បន្ត​គាំទ្រ​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​វិទ្យាល័យ​ចំនួន ២៥០ រូប​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​កម្មវិធី​អាហារូបករណ៍​រយៈពេល​វែង​របស់​ខ្លួន​នេះ​។

ចាប់តាំងពី​ឆ្នាំ​២០១៤ មក​មាន​សិស្ស​ប្រមាណ​ជិត​១០០០ នាក់​ហើយ មកពី​រាជធានី​ភ្នំពេញ ខេត្តកំពត និង​កណ្ដាល ដែល​បានទទួល​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន​អេស​ស៊ីជី​សម្រាប់​ការសិក្សា​របស់ខ្លួន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu