បាល់ទាត់ ៖ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ឬ ហៅកាត់ថា FIFA បានបញ្ចេញតារាងចំណាត់ថ្នាក់ក្រុមបាល់ទាត់ទាំងអស់ ជាសមាជិករបស់ខ្លួន (FIFA World Ranking) ដែលមាន២០៦ប្រទេស ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ នៅកាលពីពេលថ្មីៗនេះ ស្របពេលក្រុមកម្ពុជា នៅឈរចំណាត់ថ្នាក់ដែល គឺលេខ១៧២ ពោលគឺស្មើនឹងចំណាត់ថ្នាក់កាលពីចុងឆ្នាំ២០១៨ កន្លងទៅ។
យោងតាមវេបសាយ fifa.com បានបញ្ជាក់ថា តារាងចំណាត់ថ្នាក់នេះ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។ តារាងចំណាត់ថ្នាក់នេះ មិនមានការប្រែប្រួលច្រើន ព្រោះក្រុមជម្រើសជាតិកម្ពុជា តែបញ្ចប់បេសកម្មក្នុងពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2018 ហើយនៅដើមឆ្នាំ២០១៩នេះ ក្រុមក៏មិនមានប្រកួតផ្លូវការណាមួយ។ សរុបតារាងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ានប្រទេសវៀតណាម ឡើងមកឈរកំពូលតារាង១២ខែជាប់គ្នា ដោយឈរលេខ៩៩ពិភពលោក ខណៈថៃ ឈរលេខ១១៥ ហើយហ្វីលីពីន នៅលេខ១២៣ តាមពីក្រោយដោយក្រុមមីយ៉ាន់ម៉ា ឈរលេខ១៣៨ពិភពលោក,ឥណ្ឌូណេស៊ី លេខ១៥៩,សឹង្ហបុរី លេខ១៦៥,ម៉ាឡេស៊ី លេខ១៦៧,កម្ពុជា លេខ១៧២, ឡាវ លេខ១៨៤,ប្រ៊ុយណេ លេខ១៩៥ និងទីម័រខាងកើត លេខ១៩៦។
បើរាល់តារាងចំណាត់ថ្នាក់ក្រុមល្អទាំង១០ ប្រចាំទ្វីបអាស៊ី ក្នុងខែកុម្ភៈ នេះមានក្រុមអ៊ីរ៉ង់ បានឡើងមកឈរលេខ២២ ពិភពលោកក្នុងតារាង ហើយក្រុមជម្រើសជាតិជប៉ុន លេខ២៧ ,កូរ៉េខាងត្បូង លេខ៣៨, អូស្ត្រាលី លេខ៤២, កាតា លេខ៥៥, អារ៉ាប់រួម លេខ៦៧,អារ៉ាប់ប៊ីសាអ៊ូឌីត លេខ៦៧, ចិន លេខ៧២, ចិន លេខ៧៦, អ៊ីរ៉ាក់ លេខ៨០ និង ស៊ីរី លេខ៨៣ពិភពលោក។
សម្រាប់ចំណាត់ថ្នាក់ក្រុមខ្លាំងជាងគេប្រចាំពិភពលោកក្នុងខែកុម្ភៈ នេះ គឺក្រុមបែលហ្សិក ឈរលេខ១ ហើយក្រុមបារាំង ឈរលេខ២ ខណៈក្រុមប្រេស៊ីល ឈរលេខ៣ ,ក្រូអាត លេខ ៤,ប្រទេសអង់គ្លេស ឈរលេខ៥,ព័រទុយហ្គាល់ លេខ៦, អ៊ុយរ៉ាហ្គាយ លេខ៧, ស្វីស លេខ៨, អេស្ប៉ាញ ឡើងមកលេខ៩ និងក្រុមជម្រើសជាតិដាណឺម៉ាក ឈរលេខ១០៕
Source: Kampuchea Thmey Daily
0 Comments