រថយន្តដឹកជំនួយមនុស្សធម៌ ដែលត្រូវការចាំបាច់សម្រាប់ប្រទេសវេណេហ្ស៊ូអេឡា បានទៅដល់ព្រំប្រទល់របស់ប្រទេសនេះ ជាមួយប្រទេសកូឡុំប៊ី ហើយកាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលរដ្ឋមន្ត្រីមកពីបណ្តាប្រទេសអឺរ៉ុបនិងអាមេរិកឡាទីនជាច្រើន បានអំពាវនាវឲ្យមេដឹកនាំសង្គមនិយមលោក Nicolas Maduro រៀបចំការបោះឆ្នោតប្រធានាធិបតីដោយសេរី។
កិច្ចប្រជុំក្រុមទំនាក់ទំនងអន្តរជាតិនៅទីក្រុង Montevideo បាននិយាយថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការស្វែងរកវិធីសន្តិភាពនិងប្រជាធិបតេយ្យចេញពីការតស៊ូអំណាចរវាងលោក Maduro និងគូប្រជែងបក្សប្រឆាំងលោក Juan Guaido ដោយគ្មានការប្រើកម្លាំង។
វាស្របគ្នាជាមួយនឹងការមកដល់នៅព្រំប្រទល់ប្រទេសកូឡុំប៊ីជាប់វេណេហ្ស៊ូអេឡាសម្រាប់រថយន្តលើកដំបូងដែលដឹកជញ្ជូនមនុស្សធម៌អាមេរិក។
រថយន្តជាច្រើនគ្រឿងដែលផ្ទុកដោយស្បៀងអាហារនិងថ្នាំពេទ្យបានចូលទៅដល់មជ្ឈមណ្ឌលប្រមូលផ្ដុំមួយនៅផ្នែកខាងព្រំដែនប្រទេសកូឡុំប៊ីនៃស្ពាន Tienditas ដែលនៅតែត្រូវបានបិទដោយកងទ័ពវេណេហ្ស៊ូអេឡាដែលជាហេតុបង្កើនភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន។
ដោយអះអាងពីភាពស្របច្បាប់របស់គាត់ពីរដ្ឋធម្មនុញ្ញ លោក Guaido ដែលជាប្រមុខរដ្ឋសភាវ័យ៣៥ឆ្នាំបានបង្កការភ្ញាក់ផ្អើលដល់ប្រជាជនវេណេហ្ស៊ូអេឡានៅពេលគាត់ប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្នកាលពីថ្ងៃទី២៣ខែមករាដែលបង្កើតឲ្យមានភាពតានតឹងជាមួយលោក Maduro។ បុរសទាំងពីរបានអំពាវនាវឲ្យមានការប្រមូលផ្តុំគ្នាធំៗនៅតាមដងផ្លូវ។
នៅឯវេទិកាអន្ដរជាតិលើកទីមួយក្នុងរដ្ឋធានីរបស់ប្រទេសអ៊ុយរ៉ាហ្គាយដើម្បីដោះស្រាយវិបត្ដិនេះ ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុបលោកស្រី Federica Mogherini បានអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិវិធីដើម្បីចៀសវាងភាពវឹកវរនិងគ្រោះថ្នាក់ដល់សង្គមវេណេហ្ស៊ូអេឡា។
បន្ទាប់ពីកិច្ចចរចារយៈពេល៥ម៉ោង ក្រុមនេះបានប្រកាសថា ខ្លួននឹងបញ្ជូនបេសកកម្មបច្ចេកទេសមួយទៅកាន់ប្រទេសវេណេហ្ស៊ូអេឡាដើម្បីបង្កើតការធានាចាំបាច់សម្រាប់ដំណើរការបោះឆ្នោតគួរឲ្យទុកចិត្តឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាននិងអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូល។
ក្រុមអ្នកគាំទ្រលោក Maduro រាប់សិបនាក់បានធ្វើបាតុកម្មនៅខាងក្រៅកិច្ចប្រជុំនេះប្រឆាំងនឹងអន្តរាគមន៍របស់អាមេរិកនៅក្នុងប្រទេសវេណេហ្ស៊ូអេឡា៕ AFP
Source: Kampuchea Thmey Daily
0 Comments