ភ្នំពេញ ៖ រដ្ឋាភិបាលស្វីស បាន ប្រកាសបន្តផ្ដល់ថវិកាប្រមាណ៦លានដុល្លារអាមេរិក ដល់ការបោសសម្អាតមីននៅកម្ពុជាចាប់ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២៥ បន្តទៀត។
ការប្រកាសផ្តល់ជំនួយនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោក Lars Buechler ប្រធានកម្មវិធីសន្តិសុខស្បៀង និងកសិកម្ម តំណាងទីភ្នាក់ងារសហប្រតិបត្តិការនិងអភិវឌ្ឍន៍ស្វីសSwiss Development and Cooper ation ហៅកាត់ថា(SDC) នៅកម្ពុជា និងលោក លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមទំព័រហ្វេប៊ុកផ្លូវការរបស់អាជ្ញាធរមីនបានឲ្យដឹងថា តាមរយៈជំនួយរដ្ឋាភិបាលស្វីស វាជាការរួមចំណែកគាំទ្រដល់ការបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលកំពុងអនុវត្តដោយអាជ្ញាធរមីនកម្ពុជា ដោយមានការគាំទ្របច្ចេកទេសពីអង្គការ UNDP។
ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩នេះ ប្រទេសស្វីសបានផ្តល់ថវិកាគាំទ្រដល់ការបោសសម្អាតមីនប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក ដែលបានផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍ដើម្បីធ្វើកសិកម្ម សាងសង់លំនៅដ្ឋាន និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរមីន។
យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥បានឲ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េ ក្នុងនោះប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩គីឡូម៉ែត្រការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។
ផ្ទៃដីមានគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជិត២ពាន់គីឡូម៉ែត្រការ៉េនេះកម្ពុជាត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារ សម្រាប់បោសំអាតរយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៥ខាងមុខ។
គួរបញ្ជាក់ថា ចាប់ ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៧ ការបោសសំអាតផ្ទៃដីមានគ្រាប់មីនបានចំនួនជាង១.៦៨០គីឡូម៉ែត្រការ៉េជូនប្រជាពលរដ្ឋសម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចម្ការ កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា និងបានរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន១.០៤៧.៤៤៧គ្រាប់, មីនប្រឆាំងរថក្រោះ២៤.៦១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម២.៧១៣.៦០៦គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួនជនរងគ្រោះ ធ្លាក់ចុះពី៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់ក្នុងឆ្នាំ២០១៧កន្លងទៅ៕
Source: Kampuchea Thmey Daily
0 Comments