Ad Code

សំណុំរឿង​ស៊ី​ដាច់​ដី​ក្រុមហ៊ុន​កូរ៉េ​មួយ ៖ អតីត​ឧកញ៉ា​ ហូរ ចម្រើន សុំ​នៅ​ក្រៅ​ឃុំ ថ្ងៃ​ទី​១៤​កុម្ភៈ​ឧទ្ធរណ៍​ប្រកាស​សាលដីកា​



ភ្នំពេញ ​៖ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បាន​លើកយក​សំណុំរឿង​មុន​អង្គសេចក្ដី​សុំ​នៅក្រៅ​ឃុំ​របស់​អតីត ​ឧកញ៉ា ​ហូរ ចំរើន មក​បើកសវនាការ​ស្ងាត់ៗ​តាម​រូបភាព​អសាធារណៈ។​

ជនជាប់ចោទ ​ហូរ ចំរើន ត្រូវបាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​បញ្ជូនមក​នៅ​ចំពោះមុខ​សភា​ស៊ើបសួរ​អម​ដោយ​មេធាវី​គូ​ក្ដី​ នៃ​រឿង​ព្រហ្មទណ្ឌ។​

ក្រោយពី​បញ្ចប់​ នៃ​ការ​លើក​សំអាង​ហេតុ​របស់​ជនជាប់ចោទ​រួចមក ក្រុមប្រឹក្សាតុលាការ​ បាន​សម្រេច​កំណត់​យក​ថ្ងៃទី​១៤ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ខាងមុខ ដើម្បី​ប្រកាស​សាលដីកា។​

អ្វី​ជាការ​កត់សម្គាល់ ជនជាប់ចោទ​ ហូរ ចំរើន មិន​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ឲ្យ​ស្លៀក​សំលៀកបំពាក់​ជា​អ្នកទោស​ទេ ហើយ​ថែមទាំង​យក​អាមាត្យ​​ឯកជន​ប្រមាណ​១០​នាក់ មក​កាង​ការពារ​ទៀត​ផង ធ្វើ​ដូចជា​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មួយ​ទាំងមូល ​គ្មាន​សមត្ថភាព​ការពារ​សុវត្ថិភាព​ជនជាប់ចោទ​បាន។​

ពាក់ព័ន្ធ​នឹង​សំណុំរឿង​មុន​អង្គសេចក្ដី​ដែល​សភា​ស៊ើបសួរ​លើក​យកមក​បើកសវនាការ​នេះ ត្រូវបាន​មន្ត្រី​សាលាឧទ្ធរណ៍​បង្ហើប​ឲ្យដឹង​ថា ​ជា​រឿងក្ដី​ដែល​ លោក ​ហូរ ចំរើន​ លួច​យក​ដី​របស់​ក្រុមហ៊ុន​កូរ៉េ​មួយ​ទៅ​ដាក់បញ្ចាំ​ធនាគារ​យក​ប្រាក់​ចំនួន​៩​លាន​ដុល្លារ រឿង​ចេញ​សែក​ស្អុយ និង​ឆបោក។​

ដើមបណ្ដឹង​ក្នុង​រឿងក្ដី​ថ្មី​នេះ​ ឈ្មោះ Kim Myungil ឆ្នាំ​កំណើត ១៩៥៨ ជនជាតិ​កូរ៉េ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ជា​អតីត​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន KTC ជា​សហគ្រាស​ឯកបុគ្គល​ទទួលខុសត្រូវ​មាន​កម្រិត បាន​ប្ដឹង​ ឈ្មោះ​ ហូរ ចំរើន ឆ្នាំ​កំណើត​១៩៨១ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ ៣៧២ ផ្លូវ​បេតុង ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ ពីបទ ឆបោក បទ​រំលោភ​លើ​ទំនុក​ចិត្ត បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៥។

ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០១៥ លោក KIM YUNGIL បាន​លក់​ដី​របស់​ក្រុមហ៊ុន​KTC ដែល​មាន​ទីតាំងនៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុង​ភូមិ​ត្រពាំង​ពោធិ៍ ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ឲ្យ ឈ្មោះ ហូរ ចំរើន តាមរយៈ​ការ​ចរចា​ពី​ ឈ្មោះ លី ធុច ដែល​បាន​ណែនាំ​ឲ្យ​ស្គាល់ ហូ ចំរើន ហើយ​បានធ្វើ​កិច្ចព្រមព្រៀង​ទិញ​លក់​ដី​ ចុះ​ ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។​

ក្រោយពី​ចុះ​កិច្ចព្រមព្រៀង​បាន​មួយ​ខែ គូភាគី​ទិញ លក់ បាន​កែប្រែ​កិច្ចព្រមព្រៀង​បន្ថែម ​ចុះ​ថ្ងៃ​ទី ២២ ខែ​ធ្នូ​ ឆ្នាំ​២០១៥ និង​ មាន​ធ្វើ​លិខិត​កិច្ចសន្យា​ ចុះ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥ ​ដោយ​ផ្ដិតមេដៃ​ផ្ទេរ​ក្រុមហ៊ុន​ រួម​ទាំង​អចលនវត្ថុ​ទាំងអស់​ ឲ្យ​មក​ភាគី ​លោក KIM YUNGIL វិញ​ នៅមុខ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ធានា​ការ​ទូទាត់​ប្រាក់​ជា​បន្តបន្ទាប់​តាមរយៈ​មូលប្បទានប័ត្រ ប៉ុន្តែ​មូលប្បទានប័ត្រ​ទាំងអស់​សុទ្ធតែ​គ្មាន​ប្រាក់​សម្រាប់​ទូទាត់។ ហើយ​ លោក​ ហូរ ចំរើន​ ចេះតែ​គេចវេះ​រហូត និង​ពន្យារ​ពេល​រហូត​ ដោយ​ការ​ពន្យារ​ពេល​ម្ដងៗ​ សុទ្ធ​ធ្វើឡើង​នៅ​ចំពោះមុខ​ លោក ​លី ធុច។ ទើប​នៅ​ ថ្ងៃ​ទី ១៨​ ខែ​មិថុនា ឆ្នាំ​២០១៧ ហូរ ចំរើន ​បាន​ប្រើ​ល្បិច​ថា​ នឹង​បញ្ចប់​ការទិញ​លក់ ​ដោយ​ប្រគល់​ដី​ទាំង​អស់​ឲ្យ​មក​ លោក ​KIM YUNGIL វិញ ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៧។ ដោយសារ​មិន​ចង់​មាន​ទំនាស់​តទៅទៀត ​លោក ​KIM ក៏​រង់ចាំ​ការផ្ទេរ​សិទ្ធ​មកវិញ ប៉ុន្តែ​ លោក​ ហូរ ចំរើន ចេះតែ​ថា​ កំពុង​ដំណើរការ​ផ្ទេរ​សិទ្ធ។ លុះ​ក្រោយមក ​ទើប​ លោក ​KIM ដឹងថា​ ហូរ ចំរើន កាត់ឈ្មោះ​ចេញពី​ដី​របស់​ក្រុមហ៊ុន​ដោយ​មិនឲ្យ​ លោក​ KIM ដឹង ហើយ​បាន​យក​ទ្រព្យ​ទាំងនោះ​ទៅ​ដាក់​បញ្ចាំ​នៅ​ធនាគារ​យក​ប្រាក់​ចំនួន​៩​លាន​ដុល្លារ​ទៅ​បាត់​ហើយ។ ទង្វើ​ទាំង​នេះ ​បង្ហាញ​ពី​ភាព​ទុច្ចរិត​របស់​ឈ្មោះ​ហូរ ចំរើន ដែល​បាន​រៀបចំ​គម្រោង​បោក​បញ្ឆោត​ស៊ី​ដាច់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុមហ៊ុន​KTC។​

នៅ​ក្នុង​ពាក្យបណ្ដឹង​របស់ លោក ​KIM YUNGIL បាន​ទាមទារ​យក​ដី​របស់​ក្រុមហ៊ុន​មកវិញ សំណូម​ពរ​ឲ្យ​តុលាការ​ចោទប្រកាន់​ផ្ដន្ទាទោស​ ឈ្មោះ​ ហូរ ចំរើន​ តាមច្បាប់ និង​ទាម​ទារជំងឺចិត្ត​ចំនួន​៥​សែន​ដុល្លារ។​

សូម​រំលឹក​ថា ​បច្ចុប្បន្ន​នេះ​ ទណ្ឌិត​ ហូរ ចំរើន​ កំពុង​ជាប់ពន្ធនាគារ​រយៈពេល​១៨​ខែ ពាក់ព័ន្ធ​ការ​បាញ់​កាំភ្លើង​គំរាមកំហែង​ម៉ែឪ​ក្មេក​ និង​ប្រពន្ធ​នៅ​ក្នុង​ផ្ទះ៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu