Ad Code

ក្រុម​ជម្រើសជាតិ​កម្ពុជា ចាញ់​ក្រុម​បង់​ក្លា​ដេ​ស ១-០ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ



ក្រុមបាល់ទាត់​ម្ចាស់ផ្ទះ​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​ចាញ់​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដេ​ស ១​ទល់​០ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៩ ខែមីនា ឆ្នាំ​២០១៩ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​នេះ​ជា​លទ្ធផល​មួយ​ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​មិន​ទាន់​មាន​ប្រវត្តិ​ឈ្នះ​លើ​ក្រុម​បង់​ក្លា​ដេ​ស នៅឡើយ​នោះទេ​។



កីឡាករ Robiul Hasan បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដេ​ស ក្នុង​ជ័យជម្នះ​១​ទល់​០ លើ​ក្រុម​កម្ពុជា នេះ​ខណៈ​ក្រោយ​ចប់​បេសកកម្ម​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​មាន​សមាជិក​ស្ទើរតែ​ទាំងអស់​មាន​អាយុ​ក្រោម​២២​ឆ្នាំ និង​ក្រុម​បង់​ក្លា​ដេ​ស នឹង​ត្រៀម​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី 2020 AFC U-23 Championship​។



​ចំពោះ​ក្រុម U23 កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូ​ល H កម្ពុជា នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា យុវជន U-23 អូស្ត្រាលី​, កូរ៉េខាងត្បូង និង ឆាយ​នី​ស​តៃប៉ិ (​តៃវ៉ាន់​) ដោយ​ការប្រកួត​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២២ ដល់​២៦ ខែ មិនា ឆ្នាំ ២០១៩ ខាងមុខ​។ ចំណែក​ក្រុម​បង់​ក្លា​ដេ​ស វិញ​ស្ថិតក្នុង​ពូ​ល B ជាមួយ​ក្រុម​ប៉ា​ឡេ​ស្ទី​ន​,​ម្ចាស់ផ្ទះ​បា​រ៉ែ​ន និង​ស្រីលង្កា​។



​ក្រុម​បង់​ក្លា​ដេ​ស ជា​ក្រុម​ស្ថិតនៅ​ទ្វីបអាស៊ី​ភាគ​ខាងត្បូង ខណៈ​ក្រុម​ជម្រើសជាតិ​កម្ពុជា ធ្លាប់​បាន​ប្រកួត​ជាមួយ​ក្រុម​បង់​ក្លា​ដេ​ស ផ្លូវការ​ចំនួន​៣​លើក​មក​ហើយ គឺ​នៅ​លើក​ទី​១ នៅ​ខែមេសា ឆ្នាំ​២០០៦ ដោយ​កាលនោះ​ប្រកួត​ក្នុង​ពានរង្វាន់ AFC Challenge Cup តែ​កម្ពុជា បាន​បរាជ័យ​ដោយ​លទ្ធផល ២​ទល់​១ តែ​នៅ​ឆ្នាំ​២០០៧ ក្រុម​ទាំង​២​ប៉ះគ្នា​ម្តងទៀត ក្នុង​ពានរង្វាន់ Nehru Cup ក្នុងប្រទេស​ឥណ្ឌា លើ​ទីលាន​កីឡដ្ឋាន Dr. Ambedkar Stadium ក្នុង​ទីក្រុង New Delhi ខណៈ​ការប្រកួត​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា​១​ទល់​១​។ ចុងក្រោយ​នៅ​ឆ្នាំ​ខែមេសា ឆ្នាំ​២០០៩ ក្រុម​ទាំង​២​ប៉ះគ្នា​ជា​លើក​ចុង​ក្រោយ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ ដែល​ក្រុម​បង់​ក្លា​ដេ​ស បន្ត​ជ័យជម្នះ​ដោយ​លទ្ធផល​១​ទល់​០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu