Ad Code

ឡុង សុ​ភី ​ជួប​រុស្សី ឯ​ឈាន ហុង​ ជួប​ថៃ​លើ​សង្វៀន​ TV3

ភ្នំពេញ ៖ លើ​សង្វៀន​TV3 ល្ងាច​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ខាងមុខនេះ ឡុង សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ ​Mario Vidolov Todorov អ្នក​ប្រដាល់​មកពី​រុស្សី​។​ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម​។
Mario Vidolov Todorov អ្នក​ប្រដាល់​រុស្សី​រូប​នេះ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​ទេ​កន្លងមក​។ អ្នក​ប្រដាល់​រុស្សី​រូប​នេះ បើ​តាម​អ្នក​ផ្គូផ្គង​ប្រចាំ​TV3​បាន​ឲ្យ​ដឹង​នោះ​ថា គេ​មាន​ស្ថិតិ​ប្រកួត​ច្រើន​គួរសម​ដែរ គ្រាន់តែ​មិនដឹង​ចំនួន​ប៉ុន្មាន​។ អ្នក​ប្រដាល់​រុស្សី​នេះ​មាន​ពិចនិច​ប្រកួត​មិន​ចាញ់​អ្នក​ប្រដាល់​ថៃ​ប៉ុន្មាន​ទេ ដោយ​ចេះ​កែង ជង្គង់ និង​ទាត់​ស្ទាត់ ព្រោះ​គេ​ហ្វឹកហាត់​នៅក្នុង​ប្រទេស​ថៃ​។
និយាយ​រួម Mario Vidolov Todorov គេ​ចេះ​វ៉ៃ​ប្រដាល់សេរី​ច្បាស់លាស់​គួបផ្សំ​នឹង​គេ​ខ្ពស់ ដៃ​ជើង​វែង​ផង​នោះ មិន​ដឹង​ថា ​ឡុង សុ​ភី អាច​យកឈ្នះ​បាន​ឬ​អត់​នោះ​ទេ​? ឡុង សុ​ភី ជាមួយ​ពួក​បរទេស​គេ​ធ្លាប់​ជួប​ច្រើនដង​ហើយ ដែល​ការប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​Rarueng Luk Chamoachai ដោយ​ពិន្ទុ ។ ចាំ​មើល​លើក​នេះ តើ ​ឡុង សុ​ភី អាច​យកឈ្នះ​Mario Vidolov Todorov នេះ​បាន​ឬក៏​យ៉ាងណា​? ​
អ្នក​ប្រដាល់​កម្ពុជា​ឈាន ហុង ក្លិប​កីឡា​ក្រសួងការពារជាតិ ត្រូវ​អ្នក​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​Vachira Wong Pakham អ្នក​ប្រដាល់​ជនជាតិ​ថៃ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦២​គីឡូក្រាម​។ ជា​លើក​ទី​១៦ សម្រាប់​ឈាន​ហុង​ហើយ ដែល​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​នោះ​។ តែបើ​និយាយ​ពី​ការ​ប្រកួត​ជាមួយ​ថៃ គឺ​សឹងតែ​ទាំងអស់ ពោល​គឺ​ប៉ះ​១១​នាក់​ដោយ​វាយ​ឈ្នះ​៥​លើក ស្មើ​២​លើក និង​ចាញ់​៤​លើក ហើយ​ធ្លាប់​វាយ​ឈ្នះ​ចិន បារាំង បែលហ្សិក​ផង​ដែរ​។​
Vachira Wong Pakham មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​។ នេះ​ជា​លើក​ទី​១​សម្រាប់​អ្នក​ប្រដាល់​ថៃ​រូប​នេះ​ហើយ​។ អ្នក​ប្រដាល់​ជនជាតិ​ថៃ​រូប​នេះ បើ​តាម​លោក ​ទី រ៉ា​ណាត អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ ​TV3 និយាយឲ្យ​ដឹង​នោះ​ថា គេ​ពុំដែល​មក​វ៉ៃ​នៅ​លើ​រេញ​កម្ពុជា​នោះ​ទេ​។ បើ​តាម​លោក ណាត​ និយាយ​ឲ្យ​ដឹង​ទៀត​នោះ អ្នក​ប្រដាល់​ថៃ​ម្នាក់​នេះ ជា​ជើង​ខ្លាំង​នៅ​ស្រុក​ថៃ ដែល​ផ្ដួល​ថៃ​គ្នា​គេ​ជាច្រើន​នាក់​។
ទោះជា​យ៉ាងណា​មិនអាច​ទាយ​ស្មានថា​ខ្លាំង​ឬ​ខ្សោយ​បានទេ ព្រោះ​អ្នក​ប្រដាល់​ថៃ​មក​ម្នាក់​ណា​ក៏​គ្រាន់បើ​ដែរ​។ ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​អ្នក​ប្រដាល់​ថៃ​នោះ គឺ​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង ​រឹងមាំ​ជាង​អ្នក​ប្រដាល់​ខ្មែរ​យើង​។ ដូច្នេះ​លើក​នេះ ឈាន ហុង គេ​ជួប​អ្នក​ប្រដាល់​ថៃ​ជា​លើក​ទី​១២​របស់​គេ​ហើយ​។ ឈាន ហុង ជា​អ្នក​ប្រដាល់​ម្នាក់​ដែល​មាន​ចិត្ត​តក់ក្រហល់​ក្នុង​ការ​ឈ្នះ ដោយ​ក្នុង​ពេល​ប្រកួត​គេ​វាយ​សម្រុក​ទៅលើ​គូប្រកួត​មិន​បណ្ដាក់​ដៃ​ទេ​។ ជា​អ្នក​ប្រដាល់​ដែល​ប្រកួត​បាន​៦៤​លើក ឈ្នះ​៥៦​លើក ចាញ់​៥​លើក ​និង​ស្មើ​៣​លើក​នោះ ឈាន ហុង​ចង់​ឈ្នះៗ​មិន​ទុក​យូរ​ទេ​ឲ្យ​តែ​គូប្រកួត​របស់​ខ្លួន​រាង​ចាញ់​ប្រៀប​គេ​នោះ គេ​មិន​ប្រោះ​ទុក​យូរ​ឡើយ​។​
ការប្រកួត​ចុងក្រោយ​នេះ ឈាន ហុង វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ Chesek ដោយ​ពិន្ទុ។ ចាំ​មើល ការ​ជួប​ជាមួយ​ថៃ Vachira Wong Pakham នេះ តើ​ឈាន​ហុង​អាច​យកឈ្នះ​បាន​ឬ​អត់​? ចំពោះ​ការ​ប្រកួត​រវាង​ខ្មែរ​និង​ខ្មែរ​វិញ​នោះ ថៃ រិទ្ធី អ្នក​ប្រដាល់​ក្លឹប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​នឹង​ជួប​ប្រកួត​ជាមួយ រឿង សា​រ័ត្ន​អ្នក​ប្រដាល់​ក្លឹប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​។ ពួកគេ​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ទម្ងន់​៦៥​គីឡូ​ក្រាម​។ អ្នក​ប្រដាល់​ រឿង សា​រ័ត្ន និង ថៃ រិទ្ធី នេះ ជា​អ្នក​ប្រដាល់​ដែល​វាយ​ខ្លាំង​ដូចគ្នា​។ តែ ​រឿង សា​រ័ត្ន គេ​ចាស់វស្សា​ជាង​ថៃ រិទ្ធី​។ និយាយ​រួម​ពីរ​នាក់​នេះ មាន​ផ្លែ​ល្អ​ប្រហាក់​ប្រហែល​គ្នា បើ​ទោះ​បី​ជា​ថៃ រិទ្ធី ទើប​លេចមុខ​លើ​សង្វៀន​ក៏ដោយ​។​
ញ៉េ សិទ្ធ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​នឹង​ប៉ះ​ជាមួយ​ ថៃ សាក់​សា​រះ ក្លិប​កងទ័ពជើងទឹក ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ខណៈ​ដែល ​សេន វ៉ាន់ណេត ក្លិប​តា​ព្រហ្ម​មានជ័យ​ជួប​ប្រកួត​ជាមួយ​ធូ សេន​ថៃ ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​៕

Post a Comment

0 Comments

Close Menu