ប៉ៃលិន ៖ ខេត្តប៉ៃលិនជាខេត្តថ្មីដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសជាខេត្តមួយទៀត ស្ថិតនៅភាគខាងលិចប្រទេសដែលមានចម្ងាយ៣៧១គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥ និងលេខ៥៧។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសថៃ ,ខាងជើងជាប់នឹងស្រុកកំរៀង ដោយខាងកើតជាប់នឹងស្រុករតនៈមណ្ឌល និងខាងត្បូងជាប់នឹងស្រុកសំឡូតខេត្តបាត់ដំបង។
ក្នុងនោះមានក្រុងប៉ៃលិនមានសង្កាត់និងស្រុកសាលាក្រៅ មាន៤ឃុំនិងមានភូមិចំនួន៧៩ភូមិដោយមានប្រជាជនសរុបចំនួន៧០.៤៨៦នាក់ មានដង់ស៊ីតេ៦៦នាក់ក្នុង១គីឡូម៉ែត្រការេ លើផ្ទៃដី១.០៦២គីឡូម៉ែត្រការេ។
ទឹកដីខេត្តប៉ៃលិនបានផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រកទឹកកដីទៅដោយមុខជំនួញរ៉ែត្បូងនេះតែម្តង អាស្រ័យដោយសារព្រំប្រទល់ខេត្តនេះជាប់នឹងប្រទេសថៃ ម្ល៉ោះហើយការប្រាស្រ័យទាក់ទងដោះដូរសេដ្ឋកិច្ចគ្នាតាមរយៈការរុករករ៉ែត្បូងមានតម្លៃ ដោយសារតែខេត្តប៉ៃលិនជាទឹកដីសំបូរធនធានធម្មជាតិដ៏កម្រនេះ ហើយឈ្មោះខេត្តដែលមានឈ្មោះជារៀងរហូតមកក៏ហាក់ដូចជាភ្ជាប់ពីភាសាខ្មែរទៅនឹងជនជាតិថៃដែលចេញចូលមករកស៊ីនោះដែរ។ ប្រវត្តិសាស្ត្រខេត្តប៉ៃលិនបានកំណត់ទៅតាមរឿងព្រេងខ្មែរ ដែលបានដំណាលថា នៅក្នុងសតវត្សទី១៩មានអ្នកប្រមាញ់ម្នាក់បានដេញប្រមាញ់សត្វព្រៃរហូតដល់ទឹកដីប៉ៃលិនក្នុងព្រៃស្រោងដ៏សែនឆ្ងាយ បានប្រទះឃើញសត្វភេកំពុងហែលទឹក ពេលឃើញមនុស្សចូលដល់សត្វភេទាំងនោះក៏រត់ចេញអស់ទៅ។ អ្នកព្រានព្រៃបានដើរចូលទៅដល់កន្លែងភេប្រឡែងលេង ស្រាប់តែឃើញដុំថ្មតូចៗមានពន្លឺផ្លេកៗល្អឯក ក៏រើសយកមកបង្ហាញឲ្យញាតិមិត្តក្នុងភូមិបានឃើញគ្រប់ៗគ្នា គ្រានោះមានជនជាតិកូឡាភាគតិចថៃបានចេញចូលមកពីខេត្តច័ន្ទបូរីប្រទេសថៃបានមកឃើញត្បូងទាំងនោះក៏ទិញយកទៅកែច្នៃគ្រាប់ត្បូងមានតម្លៃ ហើយក៏សួរនាំទៅព្រានព្រៃឲ្យនាំទៅមើលកន្លែងភេលេងទឹក ឃើញដូច្នោះជនជាតិកូឡាតែងហៅភេលេងជាសំនៀងភាសាថៃថា(ផេ) រីឯពាក្យលេងទៅជាឡិន ហើយក្រោយមកទៀតក៏ប្រែក្លាយពី(ផេ)ឡិនទៅជាប៉ៃលិនជារៀងរហូតមក។
ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្សះផ្សាបង្រួបបង្រួមជាតិ ដោយការធ្វើសមាហរណកម្មខ្មែរក្រហមធ្វើឲ្យទីក្រុងប៉ៃលិនមានភាពរីកចម្រើនឆាប់រហ័ស បើទោះជាប្រភពធនធានធម្មជាតិរ៉ែត្បូងបានធ្លាក់ចុះក៏ដោយ ក៏ទឹកដីខេត្តនេះបានប្រែក្លាយទៅជាភោគផលកសិកម្មប្រកបដោយដំណាំដំឡូង ,ពោត និងដំណាំផ្លែឈើហូបផ្លែគ្រប់ប្រភេទជួយលើកស្ទួយដល់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
រូបគ្រាប់ត្បូងពេជ្រដ៏ធំជានិមិត្តរូបរបស់ខេត្តប៉ៃលិនដែលសំដៅដល់ទឹកដីសំបូររ៉ែត្បូង និងកំពុងក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរ៕
កញ្ញា វ៉ាត.
0 Comments