Ad Code

ចិញ្ចឹម​ត្រី​លក្ខណៈ​គ្រួសារ​ជា​ការ​កាត់បន្ថយ​ការ​នេសាទ​ហួស​កម្រិត​ក្នុង​ដែន​នេសាទ​ធម្មជាតិ​

ភ្នំពេញ ៖ លើ​ការ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​កំពុងតែ​ពង្រីក​មុខរបរ​នេះ ពិសេស​លើ​ការ​ចិញ្ចឹម​ត្រី ក្នុង​បឹង​ ដោយ​គ្រាន់តែ​ប្រើប្រាស់​មធ្យោបាយ​ឧបករណ៍​ដាក់​ជា​ស៊ង ឬ​សំណាញ់ ហ៊ុមព័ទ្ធ​លើ​ផ្ទៃ​បឹង​ដូចជា​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ មាន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ខ្លះ​ជា​អ្នក​ប្រកបរបរ​ចិញ្ចឹម​ត្រី​នេះ ​ក្នុង​ខណ្ឌ​សែន​សុខ​មួយចំនួន​ផង​ដែរ​។​
ដោយឡែក​ដូច​ក្នុង​រូបភាព​ខាងលើ​បាន​បង្ហាញ​ពី​ការ​ហ៊ុមព័ទ្ធ​ដោយ​សំណាញ់​ក្នុង​បឹង​តា​មោក ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​ចិញ្ចឹម​ត្រី​ឡាប់​យ៉ា​។ តាម​ការ​បញ្ជាក់​ពី​អ្នក​ចាំ​ឲ្យ​ចំណី​ត្រី​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា ​កូន​ត្រី​ឡាប់​យ៉ា​ប្រមាណ២០.០០០​ម៉ឺន​កូន​ ត្រូវ​បាន​លែង​ក្នុង​បឹង​នេះ​ជា​ប្រភេទ​ត្រី​តូច​ក្នុង​ការ​ចំណាយ​ថវិកា​ប្រមាណ​៣.០០០​ពាន់​ដុល្លារ។ កូន​ត្រី​នេះ​អាច​ចិញ្ចឹម​បាន​ក្នុង​រយៈពេល​៣​ខែ ទៅ​៦​ខែ ទើប​អាច​បញ្ចេញ​លក់។ ក៏ប៉ុន្តែ​មកដល់​ពេល​ទើបតែ​ក្នុង​រយៈ​មិន​ដល់​១​ខែ​ផង សំណាញ់​ដែល​ហ៊ុមព័ទ្ធ​ត្រូវ​បាន​ធ្លុះធ្លាយ​ដោយ​អន្លើ​ទៅ​ហើយ​បណ្ដាល​ឲ្យ​រួច​កូន​ត្រី​ជាច្រើន។ តាម​ការ​ផ្តល់​ព័ត៌មាន​ពី​អ្នក​បទពិសោធន៍​ចិញ្ចឹម​ត្រី​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ការ​ចិញ្ចឹម​ត្រី​ក្នុង​បឹង​តា​មោក​នេះ ពិបាក​ចិញ្ចឹម​បន្តិច ដោយសារតែ​សំបូរ​ទៅ​ដោយ​ត្រី​កំពត​ច្រើន អាច​ស៊ី​កូន​ត្រី​ចិញ្ចឹម​នោះ​បាន ​ម្ល៉ោះ​ហើយ​ក្នុង​បឹង​តា​មោក​នេះ​កម្រ​មាន​អ្នក​ចិញ្ចឹម​ត្រី ម្យ៉ាងទៀត​បើ​ចិញ្ចឹម​ត្រី​ក្នុង​បឹង​នេះ​បាន​ត្រី​អាច​ទទួលផល​ច្រើនជាង​ក្នុង​បឹង​សំរោង ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ប្រភេទ​ត្រី​ឡាប់​យ៉ា​ធំៗ​អាច​លក់​លើ​ទីផ្សារ​មានតម្លៃ​៨.០០០​ពាន់​ទៅ​១០.០០០​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម។​
នា​ពេល​បច្ចុប្បន្ន​ផល​នេសាទ​មានការ​ថយ​ចុះ​ដោយ​ប្រភេទ​ដោយហេតុថា​បរិស្ថាន​ធម្មជាតិ បាន​ប្រែប្រួល​គួបផ្សំ​ជាមួយ​តម្រូវការ​នៃ​សង្គម​មានការ​កើនឡើង​ដោយ​ធ្វើ​ឲ្យ​មាន​ការ​នេសាទ​ហួស កម្រិត​។ ដូច្នេះ​ក៏​មិន​ត្រូវ​ពឹង​ផ្អែក​តែ​លើ​ធម្មជាតិ​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​យើង​ត្រូវ​ចាប់ផ្តើម​កែប្រែ ទម្លាប់​កសិករ​នេសាទ​ឲ្យ​មក​ជា​ការ​ចិញ្ចឹម​ត្រី​វិញ​ ហើយ​ត្រូវការ​ជំរុញ​ការអភិវឌ្ឍន៍​ផ្នែក​វារីវប្បកម្ម ឲ្យ​បាន​គ្រប់​តំបន់​ទូទាំង​ប្រទេស ជា​ពិសេស​ការ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​ដោយ​ធ្វើការ​ស្រាវជ្រាវ​ផលិត​ពូជ​កូន​ត្រី​គ្រប់​ប្រភេទ​ក្នុងស្រុក​មានតម្លៃ​សេដ្ឋកិច្ច​ខ្ពស់ រួច​ផ្សព្វផ្សាយ​ដាក់​ឲ្យ​កសិករ​ចិញ្ចឹម​និង​ដើម្បី​ជួយ​កាត់បន្ថយ​ការ​នេសាទ​ហួស​កម្រិត​ក្នុង​ដែន​នេសាទ​ធម្មជាតិ៕
កញ្ញា​វ៉ាត​




Post a Comment

0 Comments

Close Menu