Ad Code

រថយន្ត​ធំ​២​បុក​គ្នា​យ៉ាង​សាហាវ​ដាច់​ទ្រុង​ដាច់​កាង​ជ្រុល​ទៅ​បុក​ប៉ើង​ផ្ទះ​តៀម​កាត់ដេរ​១​ខ្នង​ខ្ទេច​អស់​និង​កិន​ស្ត្រី​ម្នាក់​ស្លាប់​កំពុង​ដេកលក់​ពេលយប់​

កំពង់ឆ្នាំង ៖ ស្ត្រី​មេម៉ាយ​ម្នាក់​បាន​ស្លាប់​ក្នុង​ពេល​គាត់​កំពុង​ដេកលក់​ពេលយប់ ដោយសារ​រថយន្ត​២​គ្រឿង​បុក​គ្នា​យ៉ាង​សាហាវ​ដាច់​ទ្រុង ដាច់​កាង​រប៉ាត់រប៉ាយ ហើយ​រថយន្ត​បង្ក​បាន​ជ្រុល​ចង្កូត​មក​បុក​ផ្ទះ​តៀម​ថ្ម​កាត់ដេរ​របស់​ស្ត្រី​រងគ្រោះ​សង់​ផ្ទាល់​ដី​ប៉ើង​ខ្ទេច​អស់។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ លើ​ផ្លូវ​ជាត់​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៦​និង​៧៦ ក្នុងភូមិ​ខ្នាយ​កកោះ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច។​
លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សែប​បាន​ឲ្យ​ដឹង​ថា ស្រី្ត​មេម៉ាយ​រងគ្រោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​មានឈ្មោះ ទាំ សារ៉ាត់ អាយុ​៣៤​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ស្វាយ​ប្រកា​វ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច នាង​បាន​មក​ជួល​តៀម​កាត់ដេរ​របស់​អ្នកស្រុក​នៅ​ចំណុច​កើតហេតុ​ខាង​លើ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​កើតហេតុ​គេ​បាន​ឮសូរ​រថយន្ត​ទាំង​២​បុក​គ្នា​លាន់​ដូច​គ្រាប់​បែក​ផ្ទុះ នៅ​ចំណុច​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ហ្វ៊ុ​យ​ស្សូ​ ពាក់​ស្លាក់​លេខ​កំពង់ធំ ​3A-0220 ពណ៌​ស​ បើកបរ​ពី​ជើង​ទៅ​ត្បូង​ដាច់​ទ្រុង​ និង​ចង្អើរ​លើ​កាប៊ីន​នៅ​ខាងស្តាំ​ឆ្ងាយ​ពី​រថយន្ត​ជាង​១០​ម៉ែត្រ ឯ​រថយន្ត​បាន​ធ្លាក់​ក្បាល​ពីលើ​ថ្នល់​នៅ​ខាងឆ្វេង​ដៃ។ ចំណែក​ហ្វ៊ុ​យ​ស្សូ​ភ្លៅ​៥​ពាក់​ស្លាក​លេខ​តាកែវ​3A1024 ​ពណ៌​ប៉ៃ​តង​ឆ្នូត​ទឹកប្រាក់ បើកបរ​ពី​ត្បូង​ទៅ​ជើង​បាន​ដាច់​កាង​រប៉ាត់រប៉ាយ ​និង​បុក​ផ្ទះ​តៀម​ថ្ម​កាត់ដេរ​សង់​ផ្ទាល់​ដី​១​ខ្នង​ប៉ើង​ខ្ទេចខ្ទី​អស់ និង​កិន​ស្ត្រី​រងគ្រោះ​ចំ​មួយ​កំណាត់​ខ្លួន​ខាងលើ​ស្លាប់ ដែល​រូប​នាង​កំពុង​ដេក​ក្នុងផ្ទះ ហើយ​រថយន្ត​បង្ក​ធ្លាក់​ស្រែ​ចម្ងាយ​ពី​ផ្ទះ​ជន​រង​គ្រោះ​ជិត​២០​ម៉ែត្រ។ ករណី​បុក​គ្នា​នេះ​អ្នក​ទៅ​មើល​កន្លែង​កើតហេតុ​និយាយ​គ្រប់គ្នា​ថា​ពិតជា​សាហាវ​ណាស់ ក្រោយពេល​កើត​ហេតុ​រថយន្ត​ទាំង​ឃ្លាត​ពី​គ្នា​ជាង​១០០​ម៉ែត្រ ចំណែក​អ្នក​បើ​បបរ​រថយន្ត​ទាំង​២​បាន​រត់​គេច​ខ្លួន​បាត់​ទាំង​អស់​គ្នា​។​
ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ឲ្យ​ដឹង​ថា បណ្ដាល​មកពី​ការ​
បើក​បរ​លឿន​ពេក​នៅ​ផ្លូវបត់​កោង ហើយ​អ្នកបើកបរ​ទំនងជា​បើក​ងោក​ផង​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​និង​សាហាវ​បែបនេះ។ ចំណែក​អ្នកបើកបរ​និង​ព្រូ​ទាំង​៤​នាក់​ក៏​អាច​រង​របួស​ផង​ដែរ​ព្រោះ​កញ្ចក់​និង​កាប៊ីន​រថយន្ត​ទាំង​២​បែក​និង​រួញ​ដូចគ្នា​ខូចខាត​ធ្ងន់ធ្ងរ។​
រថយន្ត​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ជួល​រថយន្ត​ស្ទូច​ដឹក​យក​មក​រក្សាទុក​ក្នុង​ស្នងការដ្ឋាន​ខេត្ត និង​បាន​វាស់វែង​ប្លង់​កើតហេតុ​កសាង​សំណុំរឿង​តាម​នីតិ​វិធី ដើម្បី​ទុក​ដោះស្រាយ​ជាមួយ​ភាគី​ទាំង​៣​តាមផ្លូវ​ច្បាប់៕
( ឈៀង ថា​រិ​ទ្ធ )



Post a Comment

0 Comments

Close Menu