Ad Code

អាជ្ញាធរ​រាជធានី ​ជំរុញ​អោយ​មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​បន្តការងារ​បុក​ស៊ី​ផាយ ចាក់​ដី​បំពេញ​ ប្រគល់​ដី​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ ខណៈ​ជំហាន​ទី​១​បាន​បញ្ចប់



ភ្នំពេញ ​៖​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​បាន​ជំរុញ​អោយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ និង​អាជ្ញាធរ​ដែនដី បន្តការងារ​បុក​ស៊ី​ផាយ ចាក់ដី​បំពេញ ដើម្បី​ប្រគល់​ដី​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ ជំហាន​ទី​២ និង​ជំហាន​បន្តបន្ទាប់​ទៀត ​ខណៈ​ជំហាន​ទី​១​បាន​បញ្ចប់ ដោយ​បាន​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​រួចរាល់​ហើយ​នោះ។

ការ​ជំរុញ​របស់​លោក​ឃួ​ង ស្រេង​បែបនេះ​បាន​ធ្វើ​ឡើង កាលពី​ល្ងាច​ថ្ងៃទី​១៨​ ខែ​កក្កដា ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ នៅ​សាលា​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការស្តារ ការស្ថាបនា ការចាក់ដី​បំពេញ​ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម ប្រឡាយ​ស្ទឹងមានជ័យ​អោយ​បាន​លឿន​ទៅតាម​គម្រោង​ដែល​បានគ្រោង​ទុក​។​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ការងារ​រៀបចំ​កែលម្អ​ប្រឡាយ​ស្ទឹងមានជ័យ បាន​និង​កំពុង​ទទួល​ការអបអរសាទរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​គឺ​បងប្អូន​រស់នៅ​ទីតាំង​ប្រឡាយ​នេះ​តែម្តង ព្រោះ​បានទទួល​នូវ​ប្រឡាយ​ស្អាត ផ្លូវ​ល្អ ភ្លើង​-​ទឹក​គ្រប់គ្រាន់ ពិសេស​គឺ​ផ្ទះសំបែង​ត្រឹមត្រូវ​។ ក្នុងនោះ​អភិបាល​រាជធានី លោក​បាន​ផ្តាំផ្ញើ​ដល់​ជំនាញ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​សាងសង់​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ​នេះ​ឱ្យ​បាន​ឆាប់រហ័ស​ទាំង​គុណភាព និង​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ។

លោក ម៉េ​តមាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយ​ដឹង​ក្រោយ​កិច្ចប្រជុំ​នេះ​ថា ការដ្ឋាន​ប្រឡាយ​ស្ទឹងមានជ័យ​នេះ ក្នុង​ជំហាន​ទី​១រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ការងារ ដោយបាន​ចាក់ដី​បំពេញ​នៅ​មាត់​ប្រឡាយ​ព្រមទាំង​ផ្តល់​កម្មសិទ្ធិ​ដី​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ​ជូន​ប្រជាពលរដ្ឋ​បាន​បាន​ជាង​១០០​គ្រួសារ ​ហើយ​នៅសល់​៤១០​គ្រួសារ​ ឬ​ក្បាលដី​ក្នុងចំណោម​ប្រជាពលរដ្ឋ​ទាំងអស់​ចំនួន​៥៧៣​គ្រួសារ​។​

លោក​ម៉េ​ត មាស​ភក្តី​បាន​បញ្ជាក់ថា ប្រឡាយ​ស្ទឹងមានជ័យ បាន​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​រំដោះ​ទឹក​ចេញពី​តំបន់​ព្រលានយន្តហោះ​ភ្នំពេញ ហូរ​នាំ​ទឹក​ទម្លាក់​ចូលមក​ប្រឡាយ​ស្ទឹងមានជ័យ​នេះ ទើប​បន្ត​ហូរ​ទម្លាក់​បន្តទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ។​

លោក​ជូ គឹម​ទ្រី អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយដឹង​ផងដែរ​ថា ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​នេះ ក្នុង​ជំហាន​ទី​១​នេះ យើង​អនុវត្ត​ការងារ​លើ​ការបុក​ស៊ី​ផាយ​ បានសម្រេច​ប្រវែង​២២៦​ម៉ែត្រ​សងខាង​ហើយ ក្នុង​ប្រវែង​សរុប​ចំនួន​៣២៨​ម៉ែត្រ​សងខាង ក្នុងនោះ​ក្រុមការងារ​ក៏បាន​ដាក់លូ​ប្រអប់​បាន​៥៣​កង់។ ក្រោយ​បញ្ចប់​ជំហាន​ទី​១​នេះ យើង​នឹង​បន្ត​បុក​ស៊ី​ផាយ​ជំហាន​ទី​២​ទៀត ដែលមាន​ប្រវែង​២៥២​ម៉ែត្រ​សងខាង​។​

គួរ​បញ្ជាក់ថា នៅ​តំបន់​ប្រឡាយ​ស្ទឹងមានជ័យ រដ្ឋបាល​រាជធានី បាន​និង​កំពុង​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ប្រវែង​១៣៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ហើយ​គម្រោង​នេះ ត្រូវបាន​បែងចែក​ជា​៤​ដំណាក់កាល ឆ្លងកាត់​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌមានជ័យ​និង​ខណ្ឌ​សែន សុខ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផល​ប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៧៣​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំង​អស់​នេះ​ នឹង​ទទួល​បាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែម្តង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu