Ad Code

ក្រុមហ៊ុន​មួយ​របស់​ចិន​គ្រោង​នឹង​ស្ថាបនា​ផ្លូវអាកាស​ពី​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មក​កណ្ដាល​រាជធានី ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​

ភ្នំពេញ ៖ ក្រុមហ៊ុន​មួយ​របស់​ចិន ​Henan Provincial Communications planning, Survry & Design Institute Co,..Ltd គ្រោង​នឹង​ស្ថាបនា​ផ្លូវអាកាស​ពី​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មក​កណ្ដាល​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​។ គម្រោង​នេះ​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ក្នុង​ជំនួប​ពិភាក្សា​មួយ ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​តំណាង​ក្រសួង​សាធារណៈ​ការ និង​ដឹកជញ្ជូន​ ដឹក​នាំ​ដោយ​លោក អៀង អូន​នី និង​លោក ត្រាក់ ថៃសៀង អភិបាលរង​រាជធានី​ភ្នំពេញ រួម​នឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ កាលពី​រសៀល​ថ្ងៃទី​០២ ខែ​កុម្ភៈ ក្រោយពី​រាជរដ្ឋាភិបាល​បាន​អនុញ្ញាតិ​ឲ្យ​មាន​ការ​សិក្សា​ដើម្បី​ស្ថាបនា​ឡើង​នោះ។​
នៅក្នុង​ជំនួប​ពិភាក្សា​នោះ​តំណាង​ក្រុមហ៊ុន​ចិន​ខាងលើ​បាន​បង្ហាញ​ជម្រើស​២​ខ្សែ​ដែល​អាច សាង​សង់​ស្ពាន​អាកាស​បាន​ដោយ​មួយ​ខ្សែ​ចេញពី​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ តាម​បណ្តោយ​ផ្លូវដែក​មក​ចំនុច​មុខ​ព្រះ​ស​មុនី​ចេតិយ និង​មួយ​ខ្សែ​ទៀត​ចាប់ពី​ប្រលានយន្តហោះ​អន្តរជាតិ​ចេញ​តាម​ច្រក​វត្ត​តាំងក្រសាំង កាត់​មក​ផ្លូវ​ម៉ុង​រិទ្ធី​ ត្រង់​តាម​ទំនប់​ទួលគោក​មក​គល់​ស្ពាន​ជ្រោយចង្វា ។ ជាមួយនឹង​ការ​បង្ហាញ​គម្រោង​ខាង​លើ​នេះ ​លោក អៀង អូន​នី បាន​លើក​ឡើង​ថា​ នេះ​ជា​គម្រោង​ដ៏​ប្រសើរ​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។​ ប៉ុន្តែ​មុននឹង​ស្ថាបនា​ចាំបាច់​ត្រូវ​សិក្សា​ឲ្យ​បាន​លំអិត​ពី​ផល​ប៉ះពាល់​ជា​មុន​សិន ពីព្រោះ​ការស្ថាបនា​ផ្លូវអាកាស​ខាង​លើ​នេះ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​។​
ទោះ​យ៉ាង​ណា​នៅក្នុង​កិច្ច​នោះ​មិនទាន់​សម្រេច​ជា​ផ្លូវការ​ថា​ត្រូវ​ជ្រើសរើស​ជម្រើស​ណាមួយ​នៅឡើយ​ទេ ​ដោយ​ទាំង​ក្រុមហ៊ុន អាជ្ញាធរ​រាជធានី និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​រួមគ្នា​សិក្សា​លំអិត​ពី​ផល​ប៉ះពាល់​ជា​មុន​សិន​ ហើយ​បើ​ជម្រើស​ណា​មាន​ផល​ប៉ះពាល់​តិច​នឹង​ត្រូវ​ជ្រើស​រើស​សម្រាប់​ការស្ថាបនា​តែម្តង៕​
ស្រីរ័ត្ន​

Post a Comment

0 Comments

Close Menu