Ad Code

ក្រុម​ចោរ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​តាម​ឆក់​កាបូបស្ពាយ​ពី​និស្សិត​ស្រី​ម្នាក់​បានសម្រេច​ ហើយ​ភ្លាត់ស្នៀត​​ត្រូវ​ចាប់បាន​ម្នាក់​

ភ្នំពេញ ៖ ក្រុម​ចោរឆក់​ម្នាក់​ក្នុង​ចំណោម​គ្នា​៤​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក​ឃាត់ខ្លួន​បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូត​២​គ្រឿង​តាម​ឆក់​យក​កាបូប​លុយ​ពី​និស្សិត​ម្នាក់​បានសម្រេច​ ហើយ​បើក​រត់​ទៅ​បុក​កន្លែង​លក់​សាំង​ដប​ បណ្ដាល​ឲ្យ​ដួល​ប្រកាច់ប្រកិន ​ត្រូវ​ចាប់បាន​ម្នាក់​ភ្លាមៗ​ និង​៣​នាក់​ទៀត​គេច​ខ្លួន​បាត់។​
ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៤០​នាទី​យ​ ថ្ងៃទី​០២​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥ ​នៅ​ចំណុច​ខាង​មុខ​សាលា​ពេទ្យ​ផ្លូវ​មុនី​វង្ស ​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ។ មន្ត្រី​នគរ​ប៉ុស្តិ៍​ស្រះចក​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ម្នាក់​មានឈ្មោះ​ ថេ​ង ធារ៉ា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ មុខរបរ​ជាងដែក​ ស្នាក់នៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្ដី​កែវ​ ត្រូវ​ដកហូត​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​មួយ​គ្រឿង​ម៉ាក​ស្មាស់​ ពណ៌​ខ្មៅ ​ពាក់​ស្លា​លេខ​ភ្នំពេញ ​១CU៦៩៩១ និង​បក្ខពួក​៣​នាក់​ទៅ​មានឈ្មោះ ​អា ជា អា​ហេង និង​អា​គួ​ង ដែល​មាន​អាយុ​ប្រហែល​២០​ឆ្នាំ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ សុង ចិន្តា ភេទ​ស្រី អាយុ​២១​ឆ្នាំ​ មុខរបរ​និស្សិត ​ស្នាក់នៅ​សង្កាត់​ច្បារអំពៅ​ ខណ្ឌ​ច្បារអំពៅ​មិន​បាត់បង់​អ្វី​ឡើយ​ ព្រោះ​តាម​យក​កាបូប​ពី​ជនល្មើស​បាន​មក​វិញ។​
ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ ICON​ចេញពី​សាលា​ជាតិ​គ្រប់គ្រង​ ដោយ​មិត្ត​ប្រុស​បើក​ម៉ូតូ​មួយ​គ្រឿង​ទៀត​តាម​ពីក្រោយ​ក្នុង​បំណង​ត្រឡប់​ទៅ​ផ្ទះ ​លុះ​ពេល​បើក​មកដល់​ចំណុច​ខាងមុខ​សាលា​ពេទ្យ​ ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​តាម​ឆក់​យក​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​ដែល​ទុក​នៅ​ចន្លោះ​ម៉ូតូ​ពេល​ឆក់​បាន​សម្រេច ​ហើយ​ព្យាយាម​បើក​រត់ ​ដោយ​ខណៈនោះ​ជនរងគ្រោះ​និង​មិត្ត​ប្រុស​នាំគ្នា​បើក​ម៉ូតូ​ដេញតាម​ដោយ​ស្រែក​ថា ​ចោរ​រហូតដល់​ផ្លូវ​រថភ្លើង​ម្តុំ​ទួល​សង្កែ​ពេលនោះ ជនល្មើស​បាន​បើក​ម៉ូតូ​ទៅ​បុក​សាំង​ដប​ដែល​គេ​ដាក់​តាំង​លក់​នៅ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​ដួល​ប្រកាច់ប្រកិន ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជិតខាង​ចាប់​ម្នាក់​ភ្លាមៗ​ព្រួត​គ្នា​វាយ​ស្ទើរ​ស្លាប់​សំណាងល្អ​បាន​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​ស្រះចក​ទៅដល់​ជួយ​អន្តរាគមន៍​ឃាត់​ទាន់ពេល។ ចំណែក​ជនរងគ្រោះ​ក៏​យក​កាបូបស្ពាយ​របស់​ខ្លួន​បាន​វិញ​ក្នុងពេលនោះ​ផង​ដែរ​ដោយ​មិន​បាត់បង់​អ្វី​ឡើយ។​
សមត្ថកិច្ច​បញ្ជាក់​ថា ជន​សង្ស័យ​ដែល​ឃាត់ខ្លួន​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ ​ចំណែក​បក្ខពួក​ដែល​នៅ​សេសសល់​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​បន្ត​ទៀត៕
រស្មី​

Post a Comment

0 Comments

Close Menu