ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញកាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានឃាត់ខ្លួនបក្ខពួកជនល្មើសម្នាក់ដែលនៅសេសសល់ម្នាក់ទៀត បន្ទាប់ពីចាប់ម្នាក់រួចហើយដែលពួកគេទាំងនោះបានប្រើល្បិចសុំលុយពីជនរងគ្រោះចំនួន១.០០០ពាន់រៀល ពេលជនរងគ្រោះដកកាបូបហុចលុយឲ្យបែរជាក្រុមជនល្មើសទាំងនោះដកកាំបិតបុ័ងតោគំរាមកាប់ប្លន់ដណ្ដើមបានកាបូបលុយហើយគេចខ្លួននោះ។
គួរបញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០២រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៣០ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។ ជនសង្ស័យដែលឃាត់ខ្លួនបាននោះឈ្មោះ គុណ តុលា ភេទប្រុសអាយុ២៧ឆ្នាំ ពុំមានមុខរបរនិងទីលំនៅពិតប្រាកដ។ ចំណែកបក្ខពួកម្នាក់ទៀតដែលឃាត់ខ្លួនបន្តទៀតនេះឈ្មោះ សល លីហេង ភេទប្រុស អាយុ២២ឆ្នាំ បានយកលុយរបស់ជនរងគ្រោះចំនួន១០ម៉ឺនរបស់ជនរងគ្រោះទៅជាមួយ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ សេក គោក ភេទប្រុស ជាកសិករមកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយជនរងគ្រោះរូបនោះគាត់បានមកលេងផ្សាររាត្រីពេលដើរចេញពីផ្សាររាត្រីមកដល់ចំណុចកើតហេតុ ស្រាប់តែក្រុមជនសង្ស័យ២នាក់ដើរមកក្បែរជនរងគ្រោះធ្វើជាសុំលុយជនរងគ្រោះចំនួន១.០០០ពាល់រៀល ពេលជនរងគ្រោះហូតលុយឲ្យបែរជាក្រុមជនសង្ស័យទាំងនោះដកកាំបិតបុ័ងតោគំរាមកាប់ប្លន់ដណ្ដើមបានកាបូបលុយពីជនរងគ្រោះបានសម្រេច ហើយព្យាយាមរត់គេចខ្លួន ប៉ុន្តែខណៈនោះជនរងគ្រោះរត់ដេញតាមគាប់ជួនកម្លាំងនគរបាលខណ្ឌដូនពេញកំពុងតែល្បាតឃើញដូច្នេះជួយអន្តរាគមន៍ចាប់ជនសង្ស័យម្នាក់ភ្លាមៗនិងម្នាក់ទៀតយកលុយរបស់ជនរងគ្រោះទៅជាមួយផង។ លុះដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ កម្លាំងបានប្រទះឃើញជនសង្ស័យម្នាក់ទៀតនៅចំណុចមាត់ទន្លេដែលរូបគេដើរឆ្វែលក្នុងបំណងធ្វើសកម្មភាពបន្តទៀតនោះក៏ឃាត់ខ្លួនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
រស្មី
0 Comments