ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននឹងកំពុងសហការជាមួយបណ្តាប្រទេសអាស៊ានដើម្បីរៀបចំឲ្យមានការអនុវត្តរបបសោធននិវត្តន៍សម្រាប់ពលករធ្វើការនៅក្រៅប្រទេសដូចបងប្អូនកម្មករនិយោជិតនៅក្នុងប្រទេសដែរ។
លោកបណ្ឌិត អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ និងការប្រកាសដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩ ២០២៣ឲ្យដឹងថា ក្រសួងបាននឹងកំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការអនុវត្តរបបសោធននិវត្តន៍ ដោយពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារនិងការបង់ភាគទានបេឡាសន្តិសុខសង្គមពីប្រទេសមួយទៅប្រទេសមួយ បន្ទា ប់ពីចប់កិច្ចសន្យាការងារដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធននិវត្តន៍។
លោករដ្ឋមន្ត្រីបានបន្តថា ចំណែកនៅក្នុងប្រទេសវិញក្រសួងនឹងផ្តល់របបសោធននិវត្តន៍ដល់បងប្អូនកម្មករនិយោជិតចាប់ពីឆ្នាំ២០១៩នេះផងដែរ។
លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រៅពីនេះក្រសួងក៏បានធ្វើការទំនាក់ទំនងជាមួយធនាគារអភិវឌ្ឍន៍អាស៊ីដែលមានដៃគូច្រើននិងមានបទពិសោធន៍លើការងារបណ្តុះបណ្តាលជំនាញដើម្បីឲ្យជួយបណ្តុះបណ្តាលជំនាញបន្ថែមដល់ពលករខ្មែរឲ្យទទួលបានការងារធ្វើចិញ្ចឹមជីវិតពេលវិលត្រឡប់មកប្រទេសវិញបន្ទាប់ពីចប់កិច្ចសន្យាការងារ។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា ឆ្នាំ២០១៨កន្លងទៅនេះកម្ពុជាបានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋ បានចំនួន ១ ២៣៤ ១១១នាក់ (ស្រី ៤៩៩ ០៧០នាក់) ក្នុងនោះប្រទេសថៃមានចំនួន ១ ១៤៦ ៦៨៥នាក់ (ស្រី ៤៥៨ ០២៧នាក់) ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ៣០៥បាត ទៅ ៣១០បាត ក្នុង១ថ្ងៃ ឬប្រហាក់ប្រហែលនឹង ៣០០ដុល្លារអាមេរិក ក្នុង១ខែ។
ប្រទេសម៉ាឡេស៊ីមានចំនួន ៣០ ១១៣នាក់ (ស្រី ២៥ ៨៧២នាក់) ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាប្រមាណជា ៣០០ដុល្លារ អាមេរិក ក្នុង១ខែ។ប្រទេសសិង្ហបុរី មានចំនួន ៨៣១នាក់ (ស្រី ៨៣១នាក់) ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាប្រមាណ ៤៥០ដុល្លារអាមេរិក ក្នុង១ខែ។
ដោយឡែក ប្រទេសកូរ៉េមានចំនួន ៤៩ ០៩៩នាក់ (ស្រី ១០ ៤០៣នាក់) ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាជាង ៥ ០០០វ៉ុន ក្នុង១ម៉ោង ឬប្រហាក់ប្រហែលនឹង ១ ២០០ដុល្លារអាមេរិក ក្នុង១ខែ។ ប្រទេសជប៉ុនមានចំនួន ៧ ៣១៣នាក់ (ស្រី ៣ ៨៦៧នាក់) ដោយទទួលបានប្រាក់ឈ្នួលជាមធ្យមប្រមាណជា ១.៥០០ដុល្លារ អាមេរិក ក្នុង១ខែ។
តំបន់រដ្ឋបាលពិសេសហុងកុង ទើបចាប់ផ្តើមបញ្ជូនពលការិនីបាន ចំនួន ៥៤នាក់ ដោយទទួលបានប្រាក់ឈ្នួល ៥៥០ដុល្លារអាមេរិក ក្នុងមួយខែ។ ប៉ុន្តែចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ទទួលបាន ប្រាក់ឈ្នួល ៥៧៨ដុល្លារអាមេរិក ក្នុង១ខែនិងព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ទើបចាប់ផ្តើមបញ្ជូនពលការិនីបានចំនួន១៦នាក់ ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាប្រមាណ ៣០០ដុល្លារអាមេរិក ក្នុង១ខែ។
លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ទៀតថា ជារួមក្នុង១ឆ្នាំៗ ពលករធ្វើការនៅបរទេសបានផ្ញើថវិកាជូនក្រុមគ្រួសារបានប្រមាណជាង ២,៣ប៊ីលានដុល្លារអាមេរិក ព្រមទាំងទទួលបាននូវមុខជំនាញវិជ្ជាជីវៈ ពេលត្រលប់មកវិញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ជាតិ។
ជាមួយគ្នានេះ ពេលពលករទៅធ្វើការនៅក្រៅប្រទេសទទួលបានភាពអនុគ្រោះ ដោយមិនបាច់បង់ថ្លៃលើលិខិតធ្វើដំណើរ ទទួលបាននូវការគាំពារតាមផ្លូវច្បាប់ និងអន្តរាគមន៍សង្គ្រោះនៅពេលមានហានិភ័យជាយថាហេតុ និងការយកចិត្តទុកដាក់ តាមរយៈការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ការរៀបចំពិធីផ្សេងៗ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ទាំងមុនចេញដំណើរ និងចំពេលមានកម្មវិធីបុណ្យប្រពៃណីជាតិខ្មែរនៅឯមូលដ្ឋានការងាររបស់បងប្អូនពលករយើងថែមទៀតផង៕
Source: Kampuchea Thmey Daily
0 Comments