ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថានៅឆ្នាំ២០១៨មាន សហគ្រាស គ្រឹះស្ថានសរុប ៩ ៥០១ ដែលមានកម្មករនិយោជិត ១ ២០២ ៣៩៨នាក់បានអនុវត្តផ្នែកហានិភ័យការងារ កើនឡើង ៤,៣ភាគរយបើ ធៀបនឹងឆ្នាំ២០១៧កន្លងទៅ។
ជាមួយគ្នានេះដែរ ក្រសួងបានបានផ្តល់តាវកាលិកផ្នែកហានិភ័យចំនួន ៣២ ៣៦៨ ឯកសារ ដោយចំណាយថវិកាអស់ ២០,១៦ប៊ីលានរៀល កើនឡើង ៥,៣ភាគរយបើធៀបនឹងឆ្នាំ២០១៧។
ចំណែកការអនុវត្តរបបថែទាំសុខភាព មេឡាជាតិរបបថែទាំសុខភាពសង្គម(ប.ស.ស) បានចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញបានចំនួន ៩ ៥០១ សហគ្រាស មានកម្មករនិយោជិត ១ ២០២ ៣៩៨នាក់។ បានចុះបញ្ជីរបបថែទាំសុខភាពមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនបានចំនួន ៣២ ក្រសួង ស្ថាប័ន មានសមាជិកសរុបចំនួន ៣១២ ៣០៦នាក់ និងមានអ្នកទៅប្រើសេវាចំនួន ២៥ ៨៥១ ដង/នាក់ និងចំណាយថវិកាសរុបចំនួន ២,៤៨ប៊ីលានរៀល។ បានផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្ត្រី សាធារណៈបានចំនួន ២៥.៨៥១ ដងនាក់ ក្នុងនោះ សម្រាលកូនបានចំនួន ៩០៥នាក់។
ទន្ទឹមនឹងនេះ ក្រសួងបានផ្តល់របបសន្តិសុខសង្គមដល់ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៩៤១សហគ្រាស មានកម្មករសរុបចំនួន ៧៧.៩១៨នាក់។បានកំណត់ឱ្យនិយោជកជាប់កាតព្វកិច្ចបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព១០០% ជំនួសកម្មករនិយោជិតចាប់ពីខែមករា ឆ្នាំ២០១៨ មានចំនួន ៩.០៩៣ សហគ្រាស មានកម្មករនិយោជិតជាង១.៣៤៧.០០៤នាក់។
ជាងនេះទៅទៀតបានអនុវត្តកម្មវិធីផ្តល់ការពិនិត្យព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះបញ្ជីជាមួយ ប.ស.ស ទាំងអស់ដោយមិនបង់ថ្លៃ សម្រាប់កម្មករនិយោជិតបាន ២.៤៥១.៥៤៥ដងនាក់ ចំណាយថវិកាចំនួន ២៨៨,៧៧ ប៊ីលានរៀល។
លើសពីនេះទៅទៀត កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០ភាគរយ និងឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសម្រាលកូន។ ទទួលបានប្រាក់ឧបត្ថម្ភក្រោយពេលសម្រាលកូន ដោយ ផ្តល់ជូនកូន ១នាក់ ថវិកា ៤០ម៉ឺនរៀល, កូន២នាក់ ៨០ម៉ឺនរៀល និងកូន៣នាក់ ១,២លានរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥លានរៀល ពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments