ក្លិបបាល់ទាត់បឹងកេត សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានបញ្ចប់បេសកកម្មបោះជុំរុំហ្វឹកហាត់នៅខេត្តកែប រយៈពេល៥ថ្ងៃ កាលពីពេលថ្មីៗ ខណៈកំពុងតែពង្រឹងសមត្ថភាពកូនក្រុមបន្ថែម មុនពេលរដូវកាលថ្មីទាំងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ មកដល់។
នៅលើវិបសាយផ្លូវការក្លិបបឹងកេត បានបញ្ជាក់ថា ក្រុមទាំងមូលបានធ្វើដំណើរទៅកាន់ខេត្តកែប ចាប់ពីថ្ងៃទី៤ដល់ទី៨ ខែមីនា ឆ្នាំ២០១៩ ហើយក្រៅពីធ្វើការហ្វឹកហាត់រួមគ្នា ក្លិបបឹងកេត ក៏បានរៀបចំកម្មវិធីប្រកួតមិត្តភាព ១លើកផងដែរ។ លោក ហៅ សុជាតិ ដែលជាគ្រូបង្វឹករបស់បឹងកេត បានលើកឡើងក្រោយបញ្ចប់បេសកម្មនៅខេត្តកំពត ថា៖«ការផ្លាស់ប្តូរបរិយាកាស ពីភ្នំពេញ មកទីនេះ គឺយើងឃើញថា ល្អមែនទែន ព្រោះកីឡាករយើងបានទទួលនូវអារម្មណ៍ថ្មី និងស្រស់ស្រាយជាមួយទេសភាពសមុទ្រជាដើម»។
តាមការគ្រោងទុកក្រុមបឹងកេត ត្រូវធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំ ១ប្រកួត ប៉ុន្តែដោយសារតែទីលានបាល់ទាត់ខេត្តកំពត ជាប់រវល់ជាមួយនឹងការប្រកួតផ្សេងទៀត ទើបភាគីទាំងសងខាងសម្រេចលុបចោលការប្រកួតតែម្តង។ « វាប៉ះពាល់ដល់ការត្រៀមខ្លួនរបស់យើង ប៉ុន្តែមិនជាបញ្ហាធំនោះទេ ព្រោះយើងក៏បានបន្ថែមនូវការហ្វឹកហាត់យ៉ាងខ្លាំងសម្រាប់កីឡាកររបស់យើង មុនត្រឡប់ទៅភ្នំពេញវិញ»។ គ្រូបង្វឹកខាងលើបន្ថែមជុំវិញការលុបចោលប្រកួតមិត្តភាព។
ទន្ទឹមនឹងគ្នានេះដែរលោក ហៅ សុជាតិ បានលើកឡើងថា៖« ជារឿងនឹកស្មានមិនដល់ថាមានកុមារ និងក្មេងៗជាច្រើនមកទស្សនាការហ្វឹកហាត់របស់យើង ព្រោះទីតាំងហ្វឹកហាត់គឺនៅក្នុងស្រុកមួយក្នុងខេត្តកំពត ដែលជិតទៅនឹងខេត្តកែប ហើយមិនរំពឹងថាមានអ្នកមកមើលការហ្វឹកហាត់របស់យើងច្រើនបែបនេះ»។
គ្រូបង្វឹកឆ្នើមប្រចាំពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៧ កន្លងទៅនេះបានបញ្ជាក់ថាក្លិបរបស់លោកបច្ចុប្បន្នបានចុះបញ្ជីកីឡាករបរទេសគ្រប់ចំនួនហើយ ខណៈលោកក៏កំពុងព្យាយាមរៀបចំឲ្យបានរួចរាល់ដូចគ្នា មុនការប្រកួតដ៏ធំទាំង២ប្រចាំប្រទេសរួមមាន លីគកំពូល និង ពានសម្ដេចតេជោ ហ៊ុន សែន ចូលមកដល់។ បែបណាក្ដី លោកក៏បានបានសម្លឹងឃើញពីក្រុមមួយចំនួនដែលជាគូប្រជែងមានការរៀបចំខ្លួនបានប្រសើរច្រើនមុនយុទ្ធនាការរដូវកាលថ្មីមកដល់។
សូមរំលឹកថា ក្រុមបឹងកេត ធ្លាប់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ចំនួន៣លើកផងដែរ ខណៈនៅរដូវកាលឆ្នាំ២០១៨ ថ្មីៗនេះក្លិបដែលមានប្រភពមកពីខេត្តកំពង់ចាម បានបញ្ចប់បេសកម្មរបស់ខ្លួនក្នុងចំណាត់ថ្នាក់លេខ២ Metfone Cambodian League មាន៤៩ពិន្ទុ ក្រោយឈ្នះបាន១៥ លើក ហើយស្មើគ្នាបាន៤ លើកនិង ចាញ់៣ប្រកួត។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមបឹងកេត បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយក្រោយចាញ់ក្រុមណាហ្គាវើល៕
Source: Kampuchea Thmey Daily
0 Comments