ភ្នំពេញ ៖ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៅកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រ ម៉ាវ៉ល ហ្គាមិន កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩។
ថ្លែងទៅកាន់អ្នកចូលរួមលោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការចូលរួមមកវិនិយោគនៅកម្ពុជា គឺពិតជាសបញ្ជាក់ឲ្យឃើញអំពីជោគជ័យនៃទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងដ៏រឹងមាំរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ ទំនាក់ទំនងដ៏ល្អនេះ នឹងដើរតួរយ៉ាងសំខាន់ក្នុងការធានាដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០១២៥ អោយទទួលបានជោគជ័យ។ លោកបន្តថា នៅក្នុងទំនាក់ទំនងការទូតទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីកម្ពុជា គឺជាមិត្តជាមួយគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ប៉ុន្តែអ្វីដែលកម្ពុជាត្រូវការបំផុតនោះ គឺមិត្តចេះជួយគ្នាគ្រប់គ្នា ជាពិសេសរូបអធិបតេយ្យរបស់កម្ពុជា។
តាមលោក ហ៊ុន ម៉ាណែត ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ ដែលមិត្តភាពជាប្រពៃណីនេះ ត្រូវបានបង្កើតរួមគ្នា និងថែរក្សាយ៉ាងខ្ជាប់ខ្ជួនដោយថ្នាក់ដឹកនាំកម្ពុជា-ចិន ជំនាន់មុនៗ ក៏ដូចជាបច្ចុប្បន្ន។ ផ្អែកទៅលើទំនាក់ទំនងមិត្តភាពជាប្រពៃណីនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរហូតដល់កម្រិតកំពូលមួយ គឺ”ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់ពីចុងឆ្នាំ២០១០”។ ឈរលើមូលដ្ឋាននេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ មានការរីកចម្រើនគួរជាទីមោទនៈ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចជាញឹកញាប់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ និងកំណើននៃការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។ ក្រោមគំនិតផ្ដួចផ្ដើមនៃយុទ្ធសាស្ត្រខ្សែក្រវាត់មួយ និងផ្លូវសូត្រ១ ប្រទេសទាំងពីរ ក៏បានប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ខ្លួនលើវិស័យសំខាន់ៗរួមមាន ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងផលិតភាព សេដ្ឋកិច្ច ការបង្កើតពាណិជ្ជកម្មទ្វេភាគី ទេសចរណ៍ វប្បធម៌ ការវិនិយោគ និងការអភិវឌ្ឍកសិកម្ម។ នេះជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ដើម្បីជំរុញការអភិវឌ្ឍមិត្តភាពសន្តិភាព និងវិបុលភាពរវាងប្រទេសទាំងពីរកម្ពុជា-ចិន។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនបានដឹងថា តំណាងក្រុមហ៊ុន Nike និងក្រុមហ៊ុន Shenzho Marvel បានដំណើរការនៅកម្ពុជាអស់រយៈពេល១៤ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០០៥ មកហើយក៏បានទទួលជោគជ័យគួរជាទីមោទនៈបំផុត ជាពិសេសរក្សាបាននូវភាពជាដៃគូ និងទំនាក់ទំនងអាជីវកម្មល្អ និងស្អិតរមួតហើយទីតាំងនៅកម្ពុជាបានក្លាយជាទីតាំងដ៏ធំនិងជោគជ័យមួយក្នុងការផលិត និងការនាំចេញនូវផលិតផល Nike ហើយសព្វថ្ងៃមានដើមទុនសរុបកើនឡើងរហូតដល់១៥០លានដុល្លារអាមេរិក និងមានចំនួនកម្មករសរុបប្រមាណ ១១៥០០នាក់។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក ហ៊ុន ម៉ាណែត បានសម្ដែងនូវមោទនភាពចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ ជាពិសេសការកសាងរោងចក្រថ្មីបន្ថែមទៀតនេះ ដើម្បីបង្កើននូវផលិតភាពឲ្យទាន់តម្រូវការរបស់អតិថិជន ដែលតែងតែជឿទុកចិត្តមកលើក្រុមហ៊ុននៅប្រទេសកម្ពុជា ហើយលោកសង្ឃឹមថា ក្រុមហ៊ុននឹងបន្តរីកចម្រើនកាន់តែខ្លាំងឡើងខ្លាំងឡើងនិងបន្តរឹងមាំឡើងជាលំដាប់ សំដៅធានាដល់ភាពជោគជ័យផ្ទាល់របស់ក្រុមហ៊ុន ក៏ដូចជាវិស័យឯកជន ទាំងមូលនៅកម្ពុជា ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ហើយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតការងារជូនប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជាមានសក្តានុពលសំខាន់សំខាន់ដូចជាទី១, កម្ពុជាផ្ដល់ភាពអំណោយផល និងស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ទី២, កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន និងស្ថិតនៅចំណុចកណ្ដាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ ទី៣, កម្ពុជាមានកម្លាំងពលកម្មសម្បូរបែប និងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុត្រឹម៣៥ឆ្នាំចុះ មានចំនួនរហូតដល់៧២ភាគរយនៃចំនួនប្រជាជនសរុប ទី៤, កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនស្វាគមន៍អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស ទី៥, ទំនិញផលិតផលនៅកម្ពុជាមិនមែនសម្រាប់តែផ្គត់ផ្គង់ទីផ្សារនៅកម្ពុជានោះទេ ក៏ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយ ព្រមទាំងលទ្ធភាពចូលទីផ្សារធំៗដទៃទៀត ក្នុងពិភពលោក និងទី៦, កម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន ក៏បានចុះកិច្ចព្រមព្រៀងស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នាជាមួយគ្នាផងដែរ។
នៅពេលថ្មីៗនេះផងដែរ អនុវត្តតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់កំពុងបន្តធ្វើកំណែទម្រង់សំដៅបង្កើនភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា ដើម្បីពង្រឹងឯករាជ្យភាពផ្នែកសេដ្ឋកិច្ចតាមរយៈការដាក់ចេញនូវវិធានការជាច្រើន ដែលជួយដល់ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការដឹកជញ្ជូននេះជាការសម្រួលដល់ការនាំចេញមួយផ្នែកផងដែរ។ ជារួមកម្ពុជា គឺជាប្រទេសមួយប្រកបដោយកាលានុវត្តភាព និងសក្កានុពលលើគ្រប់វិស័យ និងមាននូវបរិស្ថានធុរកិច្ចប្រកបដោយភាពអនុគ្រោះសម្រាប់ជំរុញឲ្យវិស័យឯកជនទាំងអស់អាចមកចូលរួមដាក់ទុនវិនិយោគបង្កើតមុខជំនួញ និងធុរកិច្ចផ្សេងៗបានយ៉ាងល្អប្រសើរ៕
Source: Kampuchea Thmey Daily
0 Comments