រតនគិរី ៖ រថយន្តមួយគ្រឿង បើកលឿន បានជ្រុលចង្កូតធ្លាក់ផ្លូវចុះក្នុងជ្រោះបណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ តែសំណាងល្អអ្នកបើកបររថយន្តមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ គ្រាន់តែខូចខាតបង្គោលសញ្ញាដងផ្លូវអស់ចំនួន៣ដើមរបស់រដ្ឋតែប៉ុណ្ណោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង៤និង៥២នាទីល្ងាច ថ្ងៃសៅរ៍ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៧៨A ទល់មុខស្ថានីយប្រេងលីធី ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តខាងលើ បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដល់ត្រង់ចំណុចកើតហេតុឃើញរថយន្តបានធ្លាក់ផ្លូវ ហើយក្រឡាប់ពីបីត្រឡប់ ទើបឈរឡើងវិញ។
ប្រភពបានបន្តថា ក្រោយពីក្រឡាប់រថយន្តរួចមកឃើញតៃកុងរថយន្តបានចេញពីក្នុងរថយន្តដោយពុំមានរងរបួសអ្វីឡើយ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកNAVARA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2W-6900 ម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ហើយមិនមានរងរបួសឡើយ។
ក្រោយកើតហេតុគេបានឃើញសមត្ថកិច្ចអាវុធហត្ថក្រុងចុះមកសម្រួលធ្វើចរាចរណ៍តាមផ្លូវកុំឲ្យកកស្ទះផ្លូវ ហើយម្ចាស់រថយន្តបានហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕
Source: Kampuchea Thmey Daily
0 Comments