Ad Code

រថយន្ត​យី​ឌុប​ក្រឡាប់​សង្កត់​ស្លាប់​ប្រពន្ធ​កូន ចំណែក​ប្តី​របួសធ្ងន់



ស្វាយរៀង​ ៖​ យ៉ាងហោចណាស់ ស្ត្រី​ម្នាក់​និង​កូនខ្ចី​២​នាក់ ​បាន​ស្លាប់​ក្រោម​រថយន្ត និង​ប្តី​រង​របួស​ធ្ងន់​សង្ឃឹម​តិចតួច​ខ្លាំង​ណាស់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយសារ​រថយន្ត​យី​ឌុ​ប​ រេ​ចង្កូត​បុក​ចូល​ផ្ទះ​ក្រឡាប់​សង្កត់​៤​នាក់​ប្តី​ប្រពន្ធ​កូន​គួរ​អោយ​រន្ធត់។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៣​ទៀបភ្លឺ ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩​​ នៅ​ជាប់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ភូមិ​ត្របែក​ប្រហោង ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​មកពី​តៃកុង​រថយន្ត​ងងុយដេក ទើប​រេ​ចង្កូត​បុក​ផ្ទះ​ពលរដ្ឋ​ និង​ក្រឡាប់​សង្កត់​ពីលើ​ម្ចាស់ផ្ទះ​ទាំង​៤​នាក់​តែម្តង ដែល​ក្នុង​ហេតុការណ៍​នេះ​ប្តី​នៅមាន​ដង្ហើម ប៉ុន្តែ​សង្ឃឹម​តិចតួច​ខ្លាំងណាស់។ ចំណែក​ប្រពន្ធ​កូន​គឺ​បាន​ស្លាប់​ទាំង​៣​នាក់​ក្រោម​រថយន្ត។

ជនរងគ្រោះ​ដែលជា​ម្ចាស់ផ្ទះ​មានឈ្មោះ នាង សុផាន់​តា​រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជួសជុល មាន​ប្រពន្ធ​ឈ្មោះ សាក់ វណ្ណា អាយុ​២៨​ឆ្នាំ ទើបតែ​សម្រាលកូន​បាន​២​ខែ​ប៉ុណ្ណោះ ចំណែក​កូន​ទាំង​២​នាក់​នោះ​ទី​១.​ឈ្មោះ ស្តើង ភា​រ៉ុ​ន ភេទ​ប្រុស អាយុ​២​ឆ្នាំ ទី​២.​ឈ្មោះ ស្តើង ផារិន ភេទ​ប្រុស អាយុ​២​ខែ។

សមត្ថកិច្ច​បាន​បន្តទៀត​ថា ក្រោយពី​បង្ក​គ្រោះថ្នាក់​និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​មក អ្នកបើករថយន្ត​ បាន​រត់គេចខ្លួន​បាត់ស្រមោល ហើយ​សមត្ថកិច្ច​កំពុង​ស្ទូច​រថយន្ត​យក​មក​រក្សា​នៅ​អធិការ​ស្រុក​ស្វាយជ្រំ​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu