Ad Code

សម្ដេច​ពិជ័យ​សេនា​ថា បង្គោល​ និង​ចំណុច​ព្រំដែន​មួយ​ចំនួន​មិន​ប្រក្រតី តែ​កិច្ច​សហ​ប្រតិបត្តិការ ព្រំដែន​នៅតែ​ពង្រឹង​



​បន្ទាយមានជ័យ ៖ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ថ្លែង​ថា បង្គោល​ និង​ចំណុច​ព្រំដែន​មួយចំនួន​រវាង​កម្ពុជា ថៃ ក៏ដូចជា​មួយ ​វៀតណាម និង​ឡាវ​នៅតែ​មិន​ប្រក្រតី​ ប៉ុន្តែ​ឃើញ​យ៉ាង​នេះ​យើង​មិនមែន​បង្កើត​ជម្លោះ ឬ​បង្ក​ភាព​តានតឹង ​ឬ​អរិភាព​គ្នា​តាម​ព្រំដែន​ទេ​ គឺ​មានតែ​ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ មិត្តភាព​និង​អភិវឌ្ឍន៍​ព្រំដែន ហើយក៏​បន្ត​ចរចា ដោះស្រាយ​គ្នា ​ដើម្បី​ឈានទៅ​ចុះសម្រុង​គ្នា ព្រមព្រៀងគ្នា​។​

សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ថ្លែង​ដូច្នេះ​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៣៦ ច្រក​ព្រំដែន​តំបន់​បឹង​ត្រកួន​ភូមិ​បន្ទាយ​មាន​រឹទ្ធិ ​ឃុំ​គោក​រមៀត ​ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយមានជ័យ ខណៈ​សម្តេច​ និង​ខណៈ​ប្រតិភូ​បន្ត​ទស្សនកិច្ច​សួរសុខទុក្ខ លើក​ទឹក​ចិត្ត​កងកម្លាំង​ការពារ​ព្រំដែន ក៏ដូចជា​ពិនិត្យ​ទិដ្ឋភាព ស្ថានភាព​ទូទៅ​បណ្ដោយ​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម , កម្ពុជា​-​ឡាវ ​និង​កម្ពុជា-ថៃ ​កាលពី​ល្ងាច​ថ្ងៃទី​៨​ ខែ​មីនា ឆ្នាំ​២០១៩។​

សម្ដេច​ពិជ័យ​សេនា ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​បេសកកម្ម​តាម​ព្រំដែន​ ដ៏​វែង​ឆ្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ តាំង​ពី​បង្គោល​ព្រំដែន​ទី​សូន្យ​ ដល់​ទី​៣១៩ មាន​បង្គោល​ព្រំដែន ក៏​ដូច​ចំណុច​ព្រំដែន​មួយចំនួន​មិន​ប្រក្រតី មិនទាន់​ចុះសម្រុង​គ្នា​នៅឡើយ ​ក្នុងនោះ ​ព្រំដែន​ជាមួយ​វៀត​ណាម និង​ឡាវ បង្គោល​ព្រំដែន​ និង​ចំណុច​ព្រំដែន​មួយ​ចំនួន​ ក៏​មិន​ប្រក្រតី ប៉ុន្តែ​អំពី​ដំណើរការ​ចរចា​និង​ការបោះបង្គោល​ព្រំដែន​មាន​ភាព​សកម្ម ជឿនលឿន​ទៅមុខ​ច្រើន ​ឯ​ព្រំដែន​ជាមួយ​ថៃ​វិញ ​ប្រវែង​៨០៣​គីឡូម៉ែត្រ មាន​បង្គោល​សរុប​តែ​៧៣​បង្គោល​ ចំណុច​ច្រក​ជាំ​ ស្រុក​អន្លង់វែង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដល់​ច្រក​ចាំ​យាម​ខេត្ត​កោះកុង ឃើញ​ថា បង្គោល​ព្រំដែន​ និង​ចំណុច​ព្រំដែន​មួយចំនួន​មិន​ប្រក្រតី​ទេ ។​

សម្ដេច​ពិជ័យ​សេនា​ថា​ កុំ​ថា​ខ្ញុំ​ជា​អ្នកវាយតម្លៃ​អី ខ្ញុំ​មិន​អារកាត់ វែកញែក​អី​ជំនួស​គណៈកម្មាធិការ​កិច្ច​ព្រំដែន ខ្ញុំ​អត់​ទេ ​ខ្ញុំ​គ្រាន់តែ​កត់សម្គាល់ឃើញ​ជាក់ច្បាស់​ ហើយ​ចំណុច​ព្រំដែន​ខ្លះ​មិន​ប្រក្រតី ហើយ​បង្គោល​ខ្លះ​ទ្រេត បង្គោល​ខ្លះ​អត់​គ្រឹះ ហើយ​វា​ប្រហែលជា​ធ្វើដំណើរ​ខ្លះ​រំកិល ​ហើយ​ខ្លះ​វា​ដាំ​បញ្ច្រាស ត្រឡប់​ក្បាល​កន្ទុយ អក្សរ ឬ​បង្គោល​ផ្សេង។ ​ឧទាហរណ៍​កន្លែង​ដែល​សម្តេច​ពិជ័យ ​និង​ប្រតិភូ​ទស្សនកិច្ច ដូច​បង្គោល​លេខ​១ ​នៅ​ច្រកព្រំដែន​ជាំ ឃើញ​ថា ​មិន​ប្រក្រតី បង្គោល​លេខ​ ខ​២២ នៅ​ប្រាសាទ​តា​មាន់ មាន​ប្រក្រតី​គួរសម បង្គោល​លេខ​៣៦ បឹង​ត្រកួន​នេះ ដាំ​បញ្ច្រាស មិន​ប្រក្រតី​ទេ វា​ធ្វើដំណើរ​ត្រូវគេ​រំកិល​ហើយ។ ​ទោះយ៉ាងណា សម្តេច​ពិជ័យ​ ចៀសវាង​និយាយ​ថា តើ​បញ្ហា​មិន​ប្រក្រតី​ នៃ​ចំណុច​ព្រំដែន បង្គោល​ព្រំដែន​ទាំងនោះ​បង្កឡើង​ដោយ​ភាគី​ណា វៀតណាម ឡាវ ក៏​ទេ​ដែរ ហើយ​កើតឡើង​ពី​កាលណា ជំនាន់​ណា​នោះ​ដែរ។ ​ហើយ​ប្រមុខ​កំពូល​ក្រសួងការពារជាតិ​រូប​នេះ​បាន​បញ្ជាក់​ថា ព្រំដែន​រឹងមាំ​វា​ស្ថិត​លើ​កម្លាំង​ការពារ លើ​ច្បាប់។ ​ហេតុនេះ ដំណើរ​ការ​ចរចា ដោះស្រាយ​បញ្ហា​ព្រំដែន បោះ​បង្គោល​ព្រំដែន​ទាំង​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​និង​កំពុង​បន្ត​ធ្វើ​យ៉ាងសកម្ម​ ដើម្បី​កុំ​ឲ្យ​បញ្ហា​ដ៏​រសើប​ខាង​ប្រវត្តិសាស្ត្រ​ និង​នយោបាយ​ដែល​លង់​ពី​អតីតកាល បច្ចុប្បន្ន​នេះ បន្ត​មាន​ទៅ​អនាគត​។

ក្នុង​នោះ​ សម្ដេច​ពិជ័យ​សេនា ដែល​ក៏​ជា​សហប្រធាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ​ ផង​នោះ បញ្ជាក់​ជា​សារ​នយោបាយ ​និង​បច្ចេកទេស​ថា​ បញ្ហា​បូរណភាព និង​ព្រំដែន​ទាំង​ចំណុច​ព្រំដែន ទាំង​បង្គោល​ព្រំដែន​រវាង​ប្រទេសជិតខាង​ជាមួយ​កម្ពុជា ថ្វីត្បិតតែ​នៅ​មាន​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន តែ​យើង​មិន​អាច​លើកទឹកចិត្ត​ឲ្យ​មាន​ការ​បង្ក​អរីភាព មាន​ជម្លោះព្រំដែន​មាន​ភាព​តានតឹង​នៅ​ព្រំដែន​ជាថ្មី​ទេ​ គឺ​យើង​បន្ត​ចរចា វែកញែក​ដោះស្រាយ​គ្រប់​យន្តការ​សំខាន់​ចំពោះ​មុខ ​និង​ទៅ​ខាង​មុខ ត្រូវ​ពង្រឹង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ មិត្តភាព អភិវឌ្ឍន៍ បង្កើន​ជីវភាព សេដ្ឋកិច្ច​តាម​បណ្តោយ​ និង​ឆ្លងកាត់​ព្រំដែន​ដែល​ប្រក្រតី។​ ឯ​កន្លែង​មិន​ប្រក្រតី​ទុក​សិន ហើយ​បន្ត​ដោះស្រាយ​តាម​ក្រោយ។

​ក្នុង​នោះ ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់​ ក៏​ឆ្លៀត​វាយបក ទៅ​ក្រុម​គណបក្សប្រឆាំង​ដែល​តែង​រិះគន់ វាយប្រហារ​រាជរដ្ឋាភិបាល​ថា បណ្ដោយ​ឲ្យ​វៀតណាម​ និង​ប្រទេសជិតខាង​បាន​ទន្ទ្រាន រំលោភ​បំពាន​ចូល​ព្រំដែន​ទឹក ព្រំដែន​គោក​របស់​កម្ពុជា​រាល់ថ្ងៃ។ ដោយ​ថា បើ​គេ​រំលោភ​ដូច​មែន ម្ល៉េះ​សម​ពី​នោះ ​មកដល់​សព្វថ្ងៃ ទឹកដី​កម្ពុជា ​យើង​វា​បាត់អស់​ទៅហើយ​ចឹ​ង ​កុំ​អ្នកឯង​ចេះតែ​ស្រែក ដោយ​គ្មាន​មូលដ្ឋាន​នោះ។

​លោក​ឧត្ដមសេនីយ៍ ​ពេជ្រ វណ្ណា នាយករង​ទីចាត់ការ​កិច្ចការ​ព្រំដែន​អគ្គបញ្ជាការដ្ឋាន​កង ខ ភ ម​ និង​ជា​ប្រធានការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រាប់​ថា​ បណ្ដោយ​ព្រំដែន​កម្ពុជា ថៃ ប្រវែង​៨០៣​គីឡូម៉ែត្រ​ ដែល​មាន​បង្គោល​ព្រំដែន​តែ​ចំនួន​៧៣​បង្គោល ​ពី​ចំណុច​ច្រកព្រំដែន​អន្តរជាតិ​ជាំ​ស្រុក​អន្លង់វែង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ដល់​ច្រក​ព្រំដែន​អន្តរជាតិ​ចាំ​យាម​ស្រុក​មណ្ឌលសីមា​ ខេត្ត​កោះ​កុង​នោះ រួមទាំង​បណ្ដោយ​ព្រំដែន​ពី​ច្រក​ជាំ​ទៅ​មុំ​បី​ ខេត្ត​ព្រះវិហារ ដែល​គ្មាន​បង្គោល​ព្រំដែន​ពឹង​លើ​ខ្សែ​ចែក​ទឹក ​នៃ​ជួរ​ភ្នំ ​ក្នុង​ផែនទី​ដងរែក នៃ​បារាំង​ជាដើម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu