ភ្នំពេញ ៖ តារាចម្រៀងប្រុស ឈរនៅលំដាប់ជួរមុខរបស់ផលិតកម្មថោន លោក ខេម មួយរយៈពេលចុងក្រោយនេះ ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា លោកហាក់កំពុងតែឆក់បានទីផ្សារគាំទ្រពីមហាជនគ្រប់ស្រទាប់វ័យ លើការចេញបទចម្រៀងថ្មីៗរបស់ខ្លួន។ កាន់តែពិសេសជាងនេះ លោក ខេម ក៏ក្តាប់បានឱកាសចេញទៅច្រៀង និងសម្តែងនៅក្រៅប្រទេសជាបន្តបន្ទាប់។
តាមរយៈការប្រជែងបានឱកាសទីផ្សារចម្រៀង និងប្រជាប្រិយភាពកាន់តែច្រើនរបស់ លោក ខេម នាពេលនេះ ត្រូវបានប្រភពពីអ្នកសិល្បៈមួយចំនួនយល់ឃើញថា វាជាឱកាសដ៏ល្អបំផុតសម្រាប់តារាចម្រៀងប្រុសរូបនេះក្នុងការប្រមូលកើបលុយខ្ទង់រាប់ម៉ឺនដុល្លារពីអាជីពសិល្បៈប្រចាំថ្ងៃរបស់ខ្លួន។ មិនតែប៉ុណ្ណោះ លោក ខេម បច្ចុប្បន្ន ក៏បានតែស្តារបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងឡើងវិញ ក្រោយពេលបង្កបញ្ហាគ្រោះថ្នាក់ចរាចរណ៍ កាលពីប៉ុន្មានមុន ខណៈកាលនោះលោកស្ទើរតែបាត់បង់ទីផ្សារសិល្បៈហើយនោះ។
ដោយឡែក បើងាកមកចាប់អារម្មណ៍លើការបញ្ចេញទស្សនៈ ឬខ្លឹមសារមានចេតនាក្រើនរំលឹក ក្នុងន័យបំផុសមហាជនឲ្យស្គាល់ពីតម្លៃខ្លួន និងភាពជោគជ័យឯណោះវិញ គឺតារាចម្រៀង លោក ខេម ភ្លាមៗនោះ ហាក់កាន់តែទទួលបានការគាំទ្រ និងលើកសរសើរចំពោះទស្សនៈដ៏មានន័យមួយឃ្លាដូចខាងក្រោមនេះ។
តារាចម្រៀង លោក ខេម បានធ្វើការលើកឡើងថា រៀនសម្លឹងឲ្យឆ្ងាយ នោះអ្នកនឹងមើលឃើញនូវដំណោះស្រាយជាក់ជាមិនខាន បញ្ហាតូចពេលយើងយកវាមកដាក់ជិតខ្លួន វានឹងក្លាយជាបញ្ហាធំជាក់ជាមិនខាន។ ឧទាហរណ៍ ៖ ដូចមេដៃវាតូច តែបើយើងយកវាមកដាក់ជិតភ្នែកនោះ យើងប្រាកដជាមិនអាចមើលឃើញទាំងអស់ទេ….។
សូមបញ្ជាក់ថា ខ្លឹមរបស់តារាចម្រៀងសំឡេងស្អក លោក ខេម ខាងលើនេះ កំពុងត្រូវបានអ្នកគាំទ្រជាច្រើនយល់ឃើញថា ពិតជាមានអត្ថន័យត្រឹមត្រូវ ហើយគួរឲ្យសរសើរលើគំនិតល្អៗ ដើម្បីជាការបំផុសដល់មហាជន។ពិសេសវាគឺជាគំរូល្អរបស់អ្នកសិល្បៈដែលតែងតែយកដំណោះស្រាយដោយបង្កប់អត្ថន័យដាក់តឿន មកចែករំលែកជូនទស្សនិកជនបែបនេះ៕
Source: Kampuchea Thmey Daily
0 Comments