កាលពីថ្ងៃព្រហស្បតិ៍ សភាបក្សប្រជាធិបតេយ្យ ដែលមានអំណាចថ្មី បានចាប់ផ្ដើមធ្វើការស៊ើបអង្កេតទៅលើពន្ធ, ជំនួញអចលនទ្រព្យរបស់លោកប្រធានាធិបតី Donald Trump និងទំនាក់ទំនងរុស្ស៊ីដែលនេះបានបង្កើនសម្ពាធលើសេតវិមានបន្ទាប់ពីមានភាពស្ងៀមស្ងាត់រយៈពេលពីរឆ្នាំដោយគណបក្សសាធារណរដ្ឋ។
លោក Trump បានរិះគន់អំពី “ការរំខានយាយីប្រធានាធិបតី” ខណៈគណៈកម្មាធិការសភាមួយបានបើកសវនាការដើម្បីបង្ខំឲ្យបញ្ចេញឯកសារពន្ធរបស់លោកដែលលាក់បាំងជាយូរមកហើយស្របពេលអ្នកផ្សេងទៀតបានចាប់ផ្តើមសាកសួរអំពីគោលនយោបាយដ៏ចម្រូងចម្រាសរបស់លោកក្នុងការបំបែកបំបាក់កុមារអន្តោប្រវេសន៍ពីឪពុកម្តាយរបស់ពួកគេនៅតាមព្រំដែនម៉ិកស៊ិក-អាមេរិក។
លោក Trump បានបង្ហោះ Twitter ថា “គណប្រជាធិបតេយ្យនិងគណៈកម្មាធិការរបស់ពួកគេឆ្កួតអស់ហើយ”។ លោកនិយាយថា “អ្នកសាធារណរដ្ឋមិនដែលធ្វើបែបនេះដាក់លោកប្រធានាធិបតី Obama ទេ វានឹងគ្មានពេលវេលាដើម្បីគ្រប់គ្រងរដ្ឋាភិបាល”។
លោក Jerrold Nadler ប្រធានផ្នែកយុត្តិធម៌របស់សភាបានគំរាមអគ្គរដ្ឋអាជ្ញាស្តីទីរបស់លោក Trump គឺលោក Matthew Whitaker ជាមួយដីកាបង្គាប់មួយប្រសិនបើលោកមិនប្រគល់កំណត់ត្រានៃទំនាក់ទំនងរបស់លោកជាមួយសេតវិមានទាក់ទងទៅនឹងការស៊ើបអង្កេតកំពុងបន្តរបស់លោក Robert Mueller អំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោត។
ហើយលោក Adam Schiff ប្រធានគណៈកម្មាធិការស៊ើបអង្កេតសភាបានដាក់ចេញនូវផែនការមួយដើម្បីចាប់ផ្តើមការស៊ើបអង្កេតអំពីទំនាក់ទំនងជំនួញរបស់លោក Trump ជាមួយប្រទេសរុស្ស៊ីដោយលើកឡើងពីភាពភ័យខ្លាចអំពីការលាងលុយកខ្វក់និងឥទ្ធិពលបរទេសឬឥទ្ធិពលហិរញ្ញវត្ថុផ្សេងទៀតលើលោកប្រធានាធិបតី Trump។
គណៈកម្មាធិការរបស់លោក Schiff គ្រោងនឹងស្ដាប់សក្ខីកម្មរបស់អតីតមេធាវីផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតីគឺលោក Michael Cohen ដែលបានប្រាប់អ្នកស៊ើបអង្កេតរួចទៅហើយនូវព័ត៌មានផ្ទៃក្នុងអំពីប្រតិបត្តិការនៃអាជីវកម្មអចលនទ្រព្យរបស់លោកប្រធានាធិបតី, អង្គការ Trump និងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦របស់លោក Trump៕ AFP
Source: Kampuchea Thmey Daily
0 Comments