ក្រុម Cambodia All Stars ដែលបង្កើតឡើង ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់ Muangthong United សមាជិកក្នុងពានរង្វាន់លីគកំពូលប្រទេសថៃ នៅវេលាម៉ោង៦ល្ងាចថ្ងៃសៅរ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។
ក្រុម Cambodia All Stars លើកនេះ ដឹកនាំដោយ លោក ភា សុភត្រា គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ ខណៈថ្នាក់ដឹកនាំក្រុមផ្សេងទៀត មាន លោក ឈូក ពិសិដ្ឋ តែងតាំងជាអ្នកចាត់ការទូទៅ លោក អ៊ុំ សាវង្ស គ្រូជំនួយ លោក ហោ សុខហេង គ្រូជំនួយ លោក យឿម សារ៉ាន់ គ្រូជំនួយ លោក ស៊ឹម ម៉េងហៃ គ្រប់គ្រងសម្ភារៈ និងលោក នី លក្ខណា គ្រប់គ្រងសម្ភារៈ។
សូមបញ្ជាក់ថា ក្រោយប្រមូលផ្ដុំបានរយៈពេលខ្លី គឺចាប់ពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ មកក្រុម Cambodia All Stars បានប្រកួតមិត្តភាពកម្ដៅសាច់ដុំក្រៅផ្លូវការ ចាញ់ក្រុមAfrican All Stars (បណ្ដុំកីឡាករមកពីទ្វីបអាហ្វ្រិក ដែលប្រកបអាជីពបាល់ទាត់នៅកម្ពុជា) ដោយលទ្ធផល ៣ទល់០ កាលពីនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្មីៗនេះ។
ចំណែកសមសភាពកីឡាករវិញមានដូចជា សំរឹទ្ធ សីហា, ឈង់ ប៊ុនណាត, សេត រ៉ស៊ីប, នួន បូរី, សឿយ វិសាល, ប្រាក់ មុន្នីឧត្តម, អ៊ុំ វិចិត្រ, គួច សុកុម្ភៈ, កែវ សុខផេង, សុះ ស៊ូហាណា, សារ៉េត គ្រីយ៉ា, រ៉ឹង ប៊ុនហៀង, ស៊ិន កក្កដា, ឈិន ឈឿន, ម៉ាត់ ណូរ៉ុន, ឆេង ម៉េង, ហុង ផេង, ភួង សុខសាណា, ស៊ូ យ៉ាទី, អ៊ន ចាន់ប៉ូលីន, លី វ៉ាហេទ, អ៊ុព កាម៉ុល, Joichiro Sugiyama, Anderson Zogbe, Mizuno Hikaru, Mohamad Hamza, Privat។
លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងជុំវិញប្រកួតនេះថា៖«សហព័ន្ធរីករាយ និងអបអរសាទរ ចំពោះការប្រកួតនេះ ដែលជាព្រឹត្ដិការណ៍សំខាន់ សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ដោយផ្ដល់នូវភាពសប្បាយរីករាយដល់អ្នកគាំទ្រ តាមរយៈជំនួបជាមួយក្រុមខ្លាំង Muangthong United ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់ការបើកលីគរដូវកាលថ្មីផងដែរ។
ដោយសារកម្ពុជាកំពុងត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម អ៊ីចឹងកម្ពុជាមានកម្មវិធីជាច្រើនដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់ ដូច្នេះការរួមចំណែករបស់ក្រុមហ៊ុន និងប្រាក់ចំណូលផ្សេងៗ នឹងផ្ដល់ជូនសហព័ន្ធសម្រាប់ប្រើប្រាស់ក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួន»។
ក្រុម Cambodia All Stars គឺជាការប្រមូលផ្ដុំកីឡាករល្អៗនៅក្នុងលីគកំពូលកម្ពុជា ទាំងកីឡាករខ្មែរនិងបរទេស ខណៈក្រុមនេះធ្លាប់បានប្រកួតមិត្តភាព៥លើករួចមកហើយ។ លោក ប្រាក់ សុវណ្ណារ៉ា និង លោក ទេព ឡុងរចនា ក៏ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមមួយនេះដែរ ខណៈចុងក្រោយ លោក Leonardo Vitorino គឺជាគ្រូបង្វឹកម្តង។ ក្រុម Cambodia All Stars ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្កើតឡើងនៅចុងឆ្នាំ២០១៥ មកម្ល៉េះ។
សូមរំលឹកថា គោលដៅ នៃការប្រកួតរវាងក្រុម Muangthong United និងក្រុម Cambodia All Stars កន្លងទៅគឺដើម្បីដកស្រង់បទពិសោធន៍ រវាងក្រុមទាំង២ ក៏ដូចជារឹតចំណងមិត្តភាពរវាងប្រទេសទាំង ជាពិសេស គឺដើម្បីប្រមូលថវិកាសម្រាប់សកម្មភាពពង្រឹងសមត្ថភាពកីឡាករបាល់ទាត់វ័យក្មេងកម្ពុជា នៅទូទាំង២៥ រាជធានី-ខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ៕
Source: Kampuchea Thmey Daily
0 Comments